បេក្ខជនសម្រាំង១០នាក់សម្រាប់ឆ្លងចូលវគ្គបន្ទាប់របស់កម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» បានចេញអត្តសញ្ញាណផ្លូវការហើយ។ លទ្ធផលនេះ បន្ទាប់ពីឆ្លងកាត់ការពិភាក្សាដាក់ពិន្ទុយ៉ាងតឹងតែងក្នុងក្រុមគណៈកម្មការ កាលពីសប្ដាហ៍មុន។ ប្រការគួរកត់សម្គាល់ គឺបេក្ខជនម្នាក់រស់នៅសហរដ្ឋអាមេរិក លោក Jay Chan ក៏បានជាប់ក្នុងបេក្ខជន បេក្ខនារី សម្រាំងចុងក្រោយទាំង១០នាក់ដែរ។ ប៉ុន្តែគួរឲ្យស្ដាយបេក្ខជនរូបនេះ បានសុំដកខ្លួនវិញ ដោយយោងលើមូលហេតុពិបាកលើពេលវេលាធ្វើដំណើរមកកម្ពុជា។ ដូច្នេះ បេក្ខជនសម្រាំងចុងក្រោយ ដែលត្រូវបានជ្រើសរើសឲ្យឆ្លងចូលវគ្គទី២ របស់កម្មវិធីនេះ រួមមាន៖
១.ឈ្មោះ ឈូក សុខា បទចម្រៀង «Don’t Cry»
២.ឈ្មោះ ខាំ ចេន បទចម្រៀង «សង្សារបីថ្ងៃ»
៣.ឈ្មោះ ចិត្ត កញ្ចានា បទចម្រៀង «ភ្លេចខ្លួន»
៤.ឈ្មោះ យឹង យន បទចម្រៀង «សម្រស់ Florida»
៥.ឈ្មោះ អួន បឋម បទចម្រៀង «ស្នេហាស្មោះសរ»
៦.ឈ្មោះ Ms. La In បទចម្រៀង «យុវជន និងការងារសហគមន៍»
៧.ឈ្មោះ សេង សុវណ្ណតារា បទចម្រៀង «ទឹកភ្នែកពណ៌ភ្លៀង»
៨.ឈ្មោះ Leav David បទចម្រៀង «Tiamo»
៩.ឈ្មោះ រុន ស៊ីរ៉ា បទចម្រៀង «ច្រណែនគេដែលមិនមែនជាខ្ញុំ»
១០.ឈ្មោះ សាំង សុខសេរី បទចម្រៀង «ពន្លឺ» ដែលជាបេក្ខជនជំនួស បេក្ខជនឈ្មោះ Jay Chan ។
វគ្គទី២ របស់កម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ដែលមាននិន្នាការបំផុសឲ្យមានការតែងនិពន្ធបទភ្លេងថ្មីដោយខ្លួនឯងនេះ មានរយៈពេល១ខែ ដោយនឹងចាប់ដំណើរការផ្លូវការឆាប់ៗនេះ។ វគ្គនេះ ទាំងបេក្ខជន និងគណៈកម្មការ គឺកាន់តែមមាញឹកខ្លាំងដូចគ្នា ក្នុងសកម្មភាពហាត់ច្រៀង និងសម្ដែងក្នុងបទចម្រៀងរបស់ខ្លួនខ្លួនឯង ហើយគណៈកម្មការ គឺអ្នកចាំកែតម្រូវរាល់ចំណុចខ្វះខាតនានា។
«ស្តាប់ ចម្រៀងរបស់ខ្ញុំ» ផ្តួចផ្តើមគំនិតដោយក្រសួងព័ត៌មានសំដៅរកឲ្យបានអ្នកនិពន្ធបទ ភ្លេងថ្មីដោយខ្លួនឯង ជាយុវវ័យ និងទាញអ្នកស្ដាប់ឲ្យមកស្ដាប់បទចម្រៀងដែលនិពន្ធដោយយុវវ័យវិញ។ កម្មវិធីនេះ កើតឡើងក្រោមការចុះហត្ថលេខាយោគយល់គ្នារវាងភាគីសំខាន់ៗ៤ គឺក្រសួងព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និងក្រុមហ៊ុន TY KEA Co.,Ltd។ «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ក៏ទទួលបានការឧបត្ថម្ភពី Smart ,Coca Cola , Nokia ,Tous Les Jours និង Platinum Cineplex ផងដែរ៕
ចែករំលែកព័តមាននេះ