ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រមូល​ផល​ស្រូវ តែ​គ្មាន​ឈ្មួញ​ចុះ​ទិញ ខណៈ​នៅ​ព្រំដែន​ទូក​ចាំ​ទិញ​ត្រៀប​ត្រា

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង​បាន​ចាប់ផ្តើម​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ជា​បណ្តើរ​ៗ​ហើយ ចំណែកឯ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក៏​មាន​ហាងឆេង​ល្អ​គួរសម​ដែរ គឺ​លក់​បាន​ក្នុង​១​គីឡូ​ក្រាម​តម្លៃ​៩០០​រៀល​សំរាប់​ស្រូវ​បាយ​រឹង និង​ស្រូវ​បាយ​ទន់​លក់​ក្នុង​១​គីឡូក្រាម​តម្លៃ​១០០០​រៀល ទៅ​១២០០​រៀល​។ ទោះជា​បែប​នេះ​ក្តី ក៏​ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង​បាន​ចាប់ផ្តើម​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ជា​បណ្តើរ​ៗ​ហើយ ចំណែកឯ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក៏​មាន​ហាងឆេង​ល្អ​គួរសម​ដែរ គឺ​លក់​បាន​ក្នុង​១​គីឡូ​ក្រាម​តម្លៃ​៩០០​រៀល​សំរាប់​ស្រូវ​បាយ​រឹង និង​ស្រូវ​បាយ​ទន់​លក់​ក្នុង​១​គីឡូក្រាម​តម្លៃ​១០០០​រៀល ទៅ​១២០០​រៀល​។

ទោះជា​បែប​នេះ​ក្តី ក៏​ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ដូច​ជា​នៅ​ស្រុក​កញ្ជ្រៀច ស្រុក​កំចាយមារ និង​ស្រុក​មេ​សាង​ជាដើម​បាន​អះអាង​ថា ពួក​គាត់​កំពុង​តែ​ជួប​បញ្ហា​នោះ​គឺ​ស្រូវ​ទុំ​ច្រូតកាត់​បាន​ហើយ តែ​បែរជា​គ្មាន​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​សោះ ដោយ​ខុស​ពី​ឆ្នាំ​មុន​ៗ គ្រាន់តែ​ស្រូវ​ទុំ​ភ្លាម គឺ​មាន​ឈ្មួញ​ចុះ​មក​តថ្លៃ​សុំ​ទិញ​ដល់​ស្រែ និង​ដល់​ផ្ទះ​តែ​ម្តង​។

ផ្ទុយ​ទៅ​វិញ នៅ​តាម​បន្ទាត់​ព្រំដែន​មួយ​ចំនួន ដូច​ជា​ច្រក​កោះ​សំពៅ ច្រក​ស្វាយ​អា​ង៉ោង និង​ច្រក​បន្ទាយ​ចក្រី​ជាដើម គេ​ឃើញ​ទូក​ធំ​ៗ​របស់​ឈ្មួញ​វៀតណាម​បាន​មក​ចត​ត្រៀបត្រា​ពេញមាត់​ច្រាំង រង់ចាំ​ទទួល​ទិញ​ស្រូវ​ពី​ឈ្មួញ​ខ្មែរ ប៉ុន្តែ​ពុំ​មាន​ស្រូវ​អោយ​ទិញ​នោះ​ទេ ពេល​មាន​រថយន្ត​ដឹកស្រូវ​មក​ដល់​ម្តង​ៗ ម្ចាស់​ទូក​រត់​ប្រជែង​ដណ្តើម​គ្នា​ទិញ ទូក​ខ្លះមក​ចត​ចាំ​ទិញ​ជាង​១​អាទិត្យ​ទៅ​ហើយ នៅ​តែ​ទិញ​ស្រូវ​មិន​បាន​ពេញ​ទូក​ទៀត​។

ដោយឡែក​ក្រុម​ឈ្មួញ​វៀតណាម ដែល​មក​រង់ចាំ​ទិញ​ស្រូវ​នៅ​ច្រក​បន្ទាយ​ចក្រី ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​និយាយ​ថា ស្រូវ​ដែល​ពួក​គេ​ទទួល​ទិញ​មាន​ដូច​ជា​ស្រូវ​ប្រ​ឡា​ផ្តៅ ស្រូវ​ផ្កា​ក្រសាំង និង​ស្រូវ​ក្រសាំងទាប​ជាដើម ដែល​ស្រូវ​ទាំងនេះ​ជា​ប្រភេទ​ស្រូវ​បាយ​រឹង តម្រូវ​តាម​ទីផ្សារ​រោង​ម៉ាស៊ីន​នៅ​វៀតណាម ដោយសារ​ស្រូវពូជ​របៀប​នេះ វៀតណាម​មិន​មាន​ធ្វើ​ទេ​។

ឈ្មួញ​ទាំងនោះ​បាន​បន្ថែម​ទៀត​ថា ពួក​គេ​ចង់​ទិញ​ស្រូវ​ណាស់ តែ​អត់​មាន​រថយន្ត​ដឹកស្រូវ​មក​លក់ ទូក​ខ្លះ​ដេកចាំ​មួ​យស​ប្តា​ហ៍​មក​ហើយ ទិញ​ស្រូវ​មិន​បាន​ពេញ​ទូក​ទេ មួយ​ទូក​ចាប់ពី​១០០​តោន ដេកចាំ​២​ស​ប្តា​ហ៍​មក​ហើយ ទិញ​ស្រូវ​មិន​គ្រប់​សោះ ដូចនេះ​សូម​ឲ្យ​ឈ្មួញ​ខ្មែរ​ដែល​ធ្លាប់​ដើរ​ទិញ​ស្រូវ​តាម​ភូមិ ហើយ​ដឹក​យក​មក​លក់​នៅ​ព្រំដែន នាំ​គ្នា​ដើរ​ប្រមូល​ទិញ​ឲ្យ​បាន​ច្រើន ដើម្បី​មាន​ស្រូវ​មក​លក់​នៅ​ព្រំដែន​ឱ្យ​បាន​ច្រើន ហើយ​ពួក​គេ​ឆាប់​បាន​ទៅ​ផ្ទះ​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ