ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា ៖ ការ​ចាប់​យក​ចិន​សម្រាប់​បើកចំហរ​ពាណិជ្ជកម្ម វា​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ កម្ពុជា​ហាក់ដូចជា​មាន​ទំនោរ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​ទាំង​ទំនាក់ទំនង​នយោបាយ និង ពាណិជ្ជកម្ម រហូត​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​អះអាង​ថា​កម្ពុជា​-​ចិន​បាន​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ ​ជាក់ស្ដែង​កម្ពុជា​បាន​ទាញ​យក​វិនិយោគិន​និង​ទេសចរ​បាន​កាន់តែ​ច្រើន ដែល​ធ្វើ​អោយ​ចិន​ជាប់​លេខ​១​ជា​អ្នក​វិនិយោគ​និង​ទេសចរ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ កម្ពុជា​ហាក់ដូចជា​មាន​ទំនោរ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​ទាំង​ទំនាក់ទំនង​នយោបាយ និង ពាណិជ្ជកម្ម រហូត​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​អះអាង​ថា​កម្ពុជា​-​ចិន​បាន​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

​ជាក់ស្ដែង​កម្ពុជា​បាន​ទាញ​យក​វិនិយោគិន​និង​ទេសចរ​បាន​កាន់តែ​ច្រើន ដែល​ធ្វើ​អោយ​ចិន​ជាប់​លេខ​១​ជា​អ្នក​វិនិយោគ​និង​ទេសចរ​នៅ​កម្ពុជា ។ ថ្មី​ៗ​នេះ​ដែរ កម្ពុជា​ក៏​គ្រោង​នឹង​បើក​កិច្ចចរចារ​មួយទៀត​ជាមួយ​ចិន ស្ដី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​អាច​ឲ្យ​ទំនិញ​នៃ​ប្រទេស​ទាំង​ពីរ​ចូល​ទៅ​កាន់​ទីផ្សារ​ដោយ​សេរី តាម​លក្ខ​ខ័​ណ្ឌ​ដែល​ជជែក​គ្នាខណៈ​អា​មេ​រិ​ក​ជា​អ្នកបញ្ជា​ទិញ​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

​បើ​តាម​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​មានការ​ភ័យ​ព្រួយ​ចំពោះ​ការ​បាត់បង់​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋ​អាមេ​រិ​ក​នោះ​ទេ បើសិនជា​កម្ពុជា​សម្រេច​នូវ​ការ​ចរចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន បើ​ទោះបី​ប្រទេស​មហាអំណាច​ទាំង​ពីរ កំពុង​មាន​ទំនាស់​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក៏​ដោយ ។ ​លោក​បាន​ពោល​បញ្ជាក់​ថា «​បើ​តាម​ការ​សង្កេត​របស់​យើង​នៅ​ពេល​នេះ ទំនាស់​ពាណិជ្ជកម្ម​មរ​វាង​ចិន​និង​អា​មេ​រិ​ក កំពុង​មាន​សភាព​ធូរស្រាល​បន្តិច​ម្ដង​ៗ​ឡើង​វិញ​ហើយ ដោយសារ​តែ​ប្រទេស​នេះ​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ដូច្នេះ​ហើយ​នៅ​ពេល​ខាង​មុខ​នេះ ប្រទេស​ទាំង​ពីរ​អាច​នឹង​ត្រូវរ៉ូវ​គ្នា​វិញ ហើយ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​» ។

លោក​បាន​បន្ត​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ​រិ​ក នា​ពេល​បច្ចុប្បន្ន​នេះ មិនមែន​ដល់​កម្រិត​មួយ​ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន​នោះ​ទេ ។ ជា​ទស្សន​របស់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ក្រលេក​ឃើញ​ថា អា​មេ​រិ​ក​ត្រូវការ​ចិន ហើយ​ចិន​ក៏​ត្រូវការ​អា​មេ​រិ​ក​ដូច​គ្នា ដូច្នេះ​បានជា​មានការ​ចរចារ​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក ។ បើសិនជា​ម្នាក់​ៗ ក្រវាត់​ដៃ​មិន​ជជែក​ជាមួយ​គ្នា ពេល​នោះ​ទើប​អាច​និយាយ​ថា​សង្គ្រាម​នោះ​ដល់​កម្រិត​មួយ​ដែល​មិន​អាច​ផ្សះផ្សា​បាន ។ សម្រាប់​អ្នក​រង​ផល​ប៉ះពាល់​ជា​ប្រទេស​ទី​៣ តែ​សម្រាប់​កម្ពុជា​វិញ គេ​មើលឃើញ​ថា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ជា​ធំដុំ​នោះ​ទេ ។

លោក​បាន​បន្ថែម​ថា សម្រាប់​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក គឺ​ស្ថិត​នៅ​ក្រោម​បន្ទាត់​បង់ពន្ធ​ពេញលេញ​លើកលែងតែ​សម្ភារៈ​ធ្វើ​ដំណើរ​នោះ​ទេ ដែល​អា​មេ​រិ​ក​លើកលែង​ការ​បង់ពន្ធ ក្រោម​កម្មវិធី GSP ក្រៅពី​នោះ​កម្ពុជា​ត្រូវ​បង់ពន្ធ​ទាំងអស់ ។ ដូច្នេះ កិច្ចព្រមព្រៀង​សេរី​កម្ពុជា ចិន​ដូច​ជា​មិន​ប៉ះពាល់​អ្វី​ដល់​ទំនាក់ទំនង​អា​មេ​រិ​ក និង​កម្ពុជា​ឡើយ ។

លោក ប៉ែន សុ​វិជាតិ បាន​បន្ថែម​ថា «​ទីផ្សារ​នៅ​តែ​បើកចំហរ​ចាំ​យើង​ជា​និច្ច​ទាំង​ទីផ្សារ​អឺរ៉ុប​និង​អា​មេ​រិ​ក គ្រាន់តែ​ថា​ពី​មុន​យើង​នាំ​ចេញ​ទៅ​ទីផ្សារ​នោះ​អត់​បង់ពន្ធ និង​មក​ត្រូវ​បង់ពន្ធ​វិញ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​បើសិនជា​យើង​បន្ទាប​ថ្លៃដើម​ទំនិញ​របស់​យើង នោះ​អ្នក​វិនិយោគ​នៅ​តែ​ពេញចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប អា​មេ​រិ​ក​ដដែល​និង​អាច​រក​ប្រាក់​ចំណេញ​សម្រាប់​ពួក​គេ​បាន​ដដែល​ផង​ដែរ » ។

លោក​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​រួច​មក​ហើយ​នូវ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ផលិត​នៅ​កម្ពុជា ដូច​ជា ការ​កែសម្រួល​កាតព្វកិច្ច ភារកិច្ច​របស់​មន្ត្រី​កាំកុងត្រូល ការ​ដក​ចេញ​នូវ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ចំនួន ការ​ធ្វើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ផ្សេង ដែល​ទាំងនេះ​នឹង​ជំរុញ​អោយ​ការ​នាំ​ចេញ​បាន​ច្រើន​ជាង​មុន ។

​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​បាន​បង្ហាញ​ផង​ដែរ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា អា​មេ​រិ​ក និង​កម្ពុជា​ចិន ។ ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ចិន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៦៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ចិន​នាំ​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង​៥០០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កម្ពុជា​នាំ​ទៅ​ចិន​វិញ មាន​ទឹកប្រាក់​តែ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨​ដូច​គ្នា មាន​ទំហំ​ទឹកប្រាក់​តែ​ប្រមាណ ៣,៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​កម្ពុជា​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ទឹកប្រាក់​រហូត​ដល់ ៣,០៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​នោះ​ផង​ដែរ ឆ្នាំ ២០១៩ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អា​មេ​រិ​ក មាន​៣,៥២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៥,៩១​ភាគរយ ដែល​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​មាន​ចំណែក​ដល់​២៩​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប ដែល​ធ្វើ​អោយ​អា​មេ​រិ​ក​ក្លាយ​ជាទី​១​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ