ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អំពើហិង្សាមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈដែលកំពុងដើរស្រាប់តែមានបុរសម្នាក់កាន់ដំបងមកវៃតែម្តង ដោយគ្មានមូលហេតុ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅចំណុចលើផ្លូវបេតុងព្រែកគង់ត្រើយត្បូង ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឡេង ទូច (ហៅប្រេម) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ ជនសង្ស័យមានឈ្មោះ ផន រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិឃុំមិនចាំ ស្រុកអង្គបុរី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរផ្លូវបេតុងព្រែកគង់ត្រើយខាងត្បូងពីកើតទៅលិច ចំណែកជនសង្ស័យបានដើរពីលិចទៅកើតដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមានកាន់ដំបងឈើមួយកំណាត់នៅនឹងដៃបានវាយមកលើជនរងគ្រោះជាច្រើនដំបង ដោយគ្មានមូលហេតុ បណ្តាលឲ្យរងបួសជាទម្ងន់បាក់ដៃ និងដងខ្លួន និងបានបញ្ជូនទៅព្យាបាលរបួសនៅប្រទេសវៀតណាម ។
បន្ទាប់មកបងប្អូននៅទីនោះបានជួយដេញតាមចាប់ជនសង្ស័យបានព្រមទាំងវត្ថុតាង ។ រួចរាយការណ៍ប៉ុស្តិ៍រដ្ឋបាលសំពៅពូន ក្រោយពីទទួលបានព័ត៌មាននេះភ្លាមបានចុះទៅដល់នាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ