ខេត្តតាកែវ ៖ នារីម្នាក់ត្រូវបានបាញ់ស្លាប់ និងឪពុករបស់នាងម្នាក់ទៀតរងរបួសស្រាល ខណៈចោរម្នាក់បានស្ទាក់ប្លន់មិនបានសម្រេចនៅក្នុងដីឡូត៍ក្រោយផ្ទះរបស់គ្រួសារនេះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ មីនា ២០១១ ស្ថិតក្នុងភូមិអង្គសំរិទ្ធ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ។
នារីរងគ្រោះបាត់បង់ជីវិតមានឈ្មោះក្រួច ស្រីមុំ អាយុ១៩ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយតាកែវ ត្រូវចោរបាញ់១គ្រាប់ចំត្រចៀកម្ខាងធ្លាយទៅម្ខាងស្លាប់ភ្លាម មួយរំពេច។ ឪពុករបស់នាងឈ្មោះ ក្រួច ហន អាយុ៥៩ឆ្នាំ ត្រូវបញ្ឆិតក្បាល១គ្រាប់(ប៉ះថើៗ) របួសស្រាល។ សូមបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធនេះចោរអាចមានបក្សពួកនៅខាងក្រៅផ្ទះ២ទៅ៣នាក់ទៀត ដោយពួកគេឱ្យគ្នាគេតែម្នាក់ប៉ុណ្ណោះ ចូលមកសំងំស៊ើបការណ៍ឱ្យដឹងពីកន្លុកកន្លៀត រង់ចាំយប់បន្តិចទៀត ធ្វើសម្មភាពប្លន់ក្នុងផ្ទះតែម្តង ប៉ុន្តែចៃដន្យឪពុក និងកូនស្រីនោះបានទៅកាប់ចេកនៅខាងក្រោយផ្ទះយកមកផ្ទុំ លុះត្រឡប់មកវិញ ក៏វាក់អើនឹងចោរកំពុងពួនសំងំ ទើបកើតការបាញ់សម្លាប់កូនស្រីតែម្តង ចំណែកឪពុកបានរត់គេចខ្លួនរួច ។
ដោយឡែក ចោរក្រោយពីបាញ់សម្លាប់មនុស្សហើយ ក៏រត់គេចខ្លួនតែម្តង ដោយមិនបានប្លន់យកទ្រព្យសម្បត្តិអ្វីទេ… ស្ត្រីរងគ្រោះជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ ។ ផ្ទះគ្រួសារខាងលើនេះ ជាអ្នកមានធូរធារម្នាក់ប្រចាំស្រុកត្រាំកក់ ខេត្តតាកែវ មានមុខរបរលក់គ្រឿងសំណង់ ៕
ចែករំលែកព័តមាននេះ