ខេត្តកណ្តាល ៖ យុវជន២នាក់បងប្អូនបង្កើតត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍បែកចានចាប់ខ្លួនដោយសារយុវជនជាបងផឹកស្រាស្រវឹង ហើយស្ទាក់វាយអ្នកជិះម៉ូតូតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលប៉ូលិសចាប់ខ្លួន យុវជនជាប្អូនបានជេរប្រមាថរករឿងប្រុងវាយប៉ូលិសទៀត ទើបត្រូវចាប់ខ្លួនទាំង២នាក់តែម្តង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ មីនា ឆ្នាំ២០១១ នៅលើផ្លូវបេតុងច្រកចូលរោងចក្រកាត់ដេរខាំវែល ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យុវជនដែលត្រូវប៉ូលិសចាប់ខ្លួននោះ បងឈ្មោះឡុង ម៉េងលី អាយុ២១ឆ្នាំ ជាជនដៃដល់ វាយគេកំពុងជិះម៉ូតូ និងវាយបំផ្លាញម៉ូតូរបស់គេទៀត ។ ចំណែកឯប្អូនប្រុសដែលជេរប្រមាថរករឿងប៉ូលិសខឹងចាប់បងប្រុសរបស់ខ្លួននោះឈ្មោះឡុង ម៉េងហួរ អាយុ១៨ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិកើេតហេតុ ខាងលើ ។ រីឯបុរសរងគ្រោះដោយជនខាងលើស្ទាក់វាយនោះឈ្មោះជន ម៉ៅ អាយុ២៤ឆ្នាំ មុខរបរសន្តិសុខរោងចក្រកាត់ដេរហោស៊ីញ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន រងរបួសប៉ោងមុខ និងខ្លួនប្រាណសន្លប់ជិត១ម៉ោងទើបដឹងខ្លួន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានផឹកស៊ីស្រវឹងធ្លាក់ភ្នែកនៅក្នុងពិធីជប់លៀងក្នុងភូមិបុរីកម្មករ ឃុំបែកចាន លុះក្រោយមកជននោះបានចាកចេញពីភូមិបុរីកម្មករ ឃុំបែកចាន ឆ្ពោះទៅចំណុចកើតហេតុ ព្រោះកន្លែងនោះក៏មានពិធីចាក់ធុងបាស់រាំលេងដែរ ។ ប្រភពដដែលបានបន្តថា ចំណែកឯជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Fino ពណ៌លឿង តែម្នាក់ឯង ទៅយកប្អូនប្រុសរបស់ខ្លួនធ្វើជាសន្តិសុខយាមនៅរោងចក្រជាមួយគ្នានោះដែរ ។ ប៉ុន្តែពេលទៅដល់ ប្អូនប្រុសធ្វើការថែមម៉ោង ទើបជនរងគ្រោះជិះត្រឡប់មកវិញ ហើយពេលដល់ចំណុចកើតហេតុ ស្រាប់តែជនដៃដល់ឈ្មោះឡុង ម៉េងលី ស្ទុះទៅវាយចំកណ្តាលមុខ១ដៃ បណ្តាលឱ្យដួលម៉ូតូទាំងកំរោល ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលវាយរួច ជនសង្ស័យបានស្រែកបំភាន់ថា ជនរងគ្រោះជិះម៉ូតូបុកខ្លួន ពេលនោះធ្វើឱ្យអ្នកនៅកន្លែងរាំវង់យល់ច្រឡំថា ជនរងគ្រោះជិះម៉ូតូបុកគេមែន ក៏បាននាំគ្នាទៅចោមរោមវាយជនរងគ្រោះជាមួយជនដៃដល់នោះដែរ ។ បន្ទាប់ពីមានហេតុការណ៍បែបនេះ ប៉ូលិសប៉ុស្តិ៍បែកចាន និងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលចេញអន្តរាគមន៍ចាប់ខ្លួនជនល្មើសឈ្មោះឡុង ម៉េងលី បានម្នាក់ ឯអ្នកផ្សេងទៀតគេចខ្លួនអស់ ។ ប្រភពដដែលបន្ថែមថា ក្រោយពេលចាប់ខ្លួន ឈ្មោះឡុង ម៉េងលី បាន ស្រាប់តែលេចមុខប្អូនប្រុសរបស់គេឈ្មោះឡុង ម៉េងហួរទៅដល់ ហើយបានជេរប្រមាថប៉ូលិស ព្រោះខឹងប៉ូលិសចាប់បងប្រុសរបស់ខ្លួន ។ ពេលនោះទោះបីប៉ូលិសដេញឱ្យដើរចេញក៏មិនព្រមចេញដែរ ទើបប៉ូលិសឃាត់ខ្លួនចោទប្រកាន់ថា ក្មេងទំនើង ។
យុវជនទំនើងទាំង២នាក់កំពុងត្រូវបានប៉ូលិសធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ប៉ូលិសអះអាងតាមការសួរចម្លើយ រវាងជនរងគ្រោះ និងជនដៃដល់ថា ភាគីទាំង២ពុំដែលមានគំនុំនឹងគ្នាឡើយ ប៉ុន្តែដោយសារជនល្មើសខាងលើជាក្រុមក្មេងទំនើង ជាពិសេសជាមុខសញ្ញាសេពគ្រឿងញៀនផងនោះ ទើបចេះតែវាយគេវាយឯងគ្មានមូលហេតុបែបនេះ៕
ចែករំលែកព័តមាននេះ