ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូយ៉ូ​តា​១បាំង​កន្លះ​បុក​រះ​ឡិចស៊ីស​និងម៉ូតូរួច​ចុះ​ត្រាំ​ទឹក

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ រថ​យន្ត​​តូ​យ៉ូតា១​បាំង​កន្លះ១​គ្រឿង​ បានបើកបោះ​ពួយ​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស RX300 មួយ​គ្រឿងពេញទំហឹង រួច​ហើយ​អត់​ឈប់​ស្ងៀម​ទេ បាន​ជ្រុលទៅ​មុខ​បុកម៉ូតូ​អ្នកដំណើរ​១​គ្រឿង ​ទៀត​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ២​នាក់​រងរបួស​​ស្រាល បន្ទាប់មក​ទើប​រថយន្ត​នោះ​ជ្រុល​ធ្លាក់​ចូលទៅ​ក្នុង​ប្រឡាយ​​ទឹក​ ហើយ​អ្នក​បើកបរ​​បាន​រត់គេចខ្លួន​បាត់ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍នោះបានកើត​ឡើង​កាលពីវេលាល្ងាច​ថ្ងៃទី​៣ មីនា ឆ្នាំ២០១១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិចុងបង្គោល ឃុំបែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

​រថយន្ត​បង្កហេតុ​ម៉ាក​តូ​យ៉ូតា​១បាំងកន្លះ​ពណ៌​ទឹក​​ប្រាក់​ ពាក់ស្លាក​លេខ​ញ-៣៨៩៦ ភព២ ​ក្រោយ​ពេលកើតហេតុ អ្នក​បើកបរ​បាន​គេច​ខ្លួនបាត់​ ។ ចំណែកឯ​​រថ​យន្ត​រង​គ្រោះ​ម៉ាក​តូយ៉ូតា​ឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាក​លេខ​ភ្នំពេញ 2M- 2433 បើកបរ​ដោយ​បុរ​ស​ឈ្មោះ​​ឡុង ប៊ុនឡាយ អាយុ​៥៨​ឆ្នាំ ​មានទីលំនៅ​សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ រង​របួស​ស្រាល​ដោយ​បោកក្បាល​​ទៅ​នឹ​ងជញ្ជាំង​រថ​យន្ត ។ រីឯម៉ូតូ​មួយគ្រឿង​ទៀត​ដែល​រងគ្រោះ​ដោយ​សារ​​​​តែ​រថយន្ត​បុក​ដែរនោះ​ម៉ាក​ហុងដា​គុបជ្រុង ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ឈ្មោះ​​ស៊ុន សុខកួន អាយុ​២៤​ឆ្នាំ មានទី​លំនៅ​ភូមិ​កោះ ទ្រេត ឃុំភ្នំ​តូច ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ រួម​ជា​មួយ​អ្នកជិះ​ពីក្រោយ​ម្នាក់​ទៀត​រង​របួស​ស្រាល។

តាម​ប្រភព​ព័ត៌​មាន​​បានឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​ខាងលើ រថយន្ត​ទាំង​ពីរ​គ្រឿង និងម៉ូតូ​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នា ដោយ​រថយន្ត​ម៉ាកតូយ៉ូតា​១​បាំង​កន្លះ បើកបរ​ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិច​ក្នុងល្បឿន​យ៉ាងលឿន​ ។ ចំណែក​ឯ​រថ​យន្ត​ម៉ាក​ឡិចស៊ីស RX300 និងម៉ូតូម៉ាកគុបជ្រុង បើកបរ​​ស្របទិស​គ្នា​ក្នុងទិសដៅ ពីលិច​ទៅកើត ។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​រថយន្ត​ម៉ាកតូយ៉ូតា​១​បាំង​កន្លះ បានបន្ថែម​​ល្បឿន​វ៉ា​រថយន្ត​ផ្សេង​ទៀត​ ហើយបាន​ជ្រុល​ទៅ​បុករថយន្ត​ឡិចស៊ីស RX 300 ​ពេញទំហឹង​បណ្តាល​ឱ្យរ​ង​នូវ​​ការខូចខាត​យ៉ាងដំណំ​ រួច​ហើយ​ជ្រុលទៅបុកម៉ូតូ​១គ្រឿង​ទៀត​មុនពេលធ្លាក់ចូល​ទៅក្នុងប្រឡាយ​ទឹក៕