ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ​បង្រៀន​វះ​កាត់​តពោះ​វៀត​បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​វេជ្ជ​បណ្ឌិត គង់ ច័ន្ទ​ធា ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស​នៃ​មន្ទីរ​​​​​សុខា​ភិបាល​ខេត្ត​ និង​ជា​​គ្រូ​​ពេទ្យ​ព្យា​បាល​ជំងឺ​ផ្លូវ​ចិត្ត​មន្ទីរ​ពេទ្យ​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​នាំ​យក​​ថវិកា​ចំនួន​២៧​ម៉ឺន​រៀល ដែល​ជា​អំណោយ​សប្បុរស​ជន​ជា​ក្រុម​គ្រួសារ​របស់​លោក​​ ទៅ​ផ្តល់​ជូន​លោក​ប៉ុន ធឿន អតីតគ្រូ​បង្រៀន​ដែល​បាន​រង​គ្រោះ​ដោយ​ដង​ពូថៅ​បុក​ត្រូវពោះ​បណ្តាល​ឱ្យ​ ដាច់​ពោះ​វៀន ហើយ​ត្រូវ​បាន​វះ​កាត់​ និង​កំពុង​សំរាក​ព្យា​បាល

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​វេជ្ជ​បណ្ឌិត គង់ ច័ន្ទ​ធា ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស​នៃ​មន្ទីរ​​​​​សុខា​ភិបាល​ខេត្ត​ និង​ជា​​គ្រូ​​ពេទ្យ​ព្យា​បាល​ជំងឺ​ផ្លូវ​ចិត្ត​មន្ទីរ​ពេទ្យ​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​នាំ​យក​​ថវិកា​ចំនួន​២៧​ម៉ឺន​រៀល ដែល​ជា​អំណោយ​សប្បុរស​ជន​ជា​ក្រុម​គ្រួសារ​របស់​លោក​​ ទៅ​ផ្តល់​ជូន​លោក​ប៉ុន ធឿន អតីតគ្រូ​បង្រៀន​ដែល​បាន​រង​គ្រោះ​ដោយ​ដង​ពូថៅ​បុក​ត្រូវពោះ​បណ្តាល​ឱ្យ​ដាច់​ពោះ​វៀន ហើយ​ត្រូវ​បាន​វះ​កាត់​ និង​កំពុង​សំរាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត។

លោក​វេជ្ជ​បណ្ឌិត​រូប​នោះ​មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាន​អាន​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ វិច្ឆិកា ស្តី​ពី​អតីត​គ្រូ​បង្រៀន​ដែល​បាន​ចូល​​និវត្តន៍​​​បាន​រង​គ្រោះ​ដាច់​ពោះ​វៀន​ត្រូវ​បាន​ធ្វើ​ការ​វះ​កាត់​ និង​កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​ និង​មាន​ការ​ខ្វះ​ខាត​​ក្នុង​​ជីវ​ភាព​ផង​នោះ ក្រុម​គ្រួសារ​របស់​លោក​មាន​ក្តី​អាណិត​អាសូរ​យ៉ាង​ខ្លាំង ហើយ​ដោយ​ទឹក​ចិត្ត​សប្បុរស​​ក៏​បាន​មូល​មតិ​គ្នា​ប្រមូល​បាន​​ថវិកា​ចំនួន​២៧​ម៉ឺន​រៀល តាម​រយៈ​លោក​​យក​មក​​ប្រគល់​ជូន​នៅ​ពេល​នេះ ដែល​ក្នុង​នោះ​អ្នក​ស្រី​សឿន សាវី បុគ្គ​លិក​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​ទឹក​ប្រាក់​២០​ម៉ឺន​រៀល កញ្ញា​ងិន កេត​ពិសី ទឹក​ប្រាក់​៥​ម៉ឺន​រៀល និង​លោក​ជា ទីន ទឹក​ប្រាក់​២​ម៉ឺន​រៀល ទាំង​ពីរ​នាក់​ជា​បុគ្គ​លិក​​រោង​ចក្រ​ មិថុនា។ ដោយ​ឡែក​លោក​​អ៊ុក សំអាត និង​អ្នក​ស្រី​​ចេក សារ៉ាន់ រស់​នៅ​ក្រុង​ភ្នំពេញ បាន​ជួយ​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល ផង​ដែរ សរុប​ជា​ប្រាក់​​អំណោយ​ចំនួន​៣២​ម៉ឺន​រៀល ត្រូវ​បាន​ប្រគល់​​ជូន​អតីត​គ្រូ​​បង្រៀន​រូ​ប​នោះ​ដល់​ក្នុង​មន្ទីរពេទ្យ។

ក្រោយ​ពី​បាន​ទទួល​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សប្បុរស​​​ជន​​តាម​​​រយៈ​លោក​វេជ្ជ​បណ្ឌិត​ក្នុង​ថ្ងៃ​នោះ​ លោក​ប៉ុន ធឿន និង​ភរិយា​មាន​ចិត្ត​រីក​រាយ​ឥត​ឧបមា​ ​រក​អ្វី​មក​ប្រៀម​ផ្ទឹម​មិន​បាន​ឡើយ ហើយ​បាន​ប្រឹង​លើក​ដៃ​សំពះ​ថ្លែង​​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សប្បុរស​ជន​ទាំង​អស់​ និង​បាន​ប្រសិទ្ធ​ពរ​ដោយ​សម្លេង​អួល​ដើម​.ក សូម​ឱ្យ​សប្បុរស​ជន​ទាំង​អស់​ និង​ក្រុម​គ្រួសារ​ជួប​តែ​ពុទ្ធ ពរ​ទាំង​៤​​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​​ឃ្លាត​ឡើយ។ គួរ​បញ្ជាក់​ថា លោក​ប៉ុន ធឿន អតីត​​គ្រូ​បង្រៀន​ត្រូវ​បាន​វះ​កាត់​តពោះ​វៀន​កាល​​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ក្រោយ​ពី​ត្រូវ​ដង​ពូថៅ​បុក​​ចំពោះ​បណ្តាល​ឱ្យ​ដាក់​ពោះ​វៀន​​ ខណៈ​ដែល​​​គាត់​ព្យា​យាម​ពុះ​អុស​ហើយ​របូត​​ផ្លែ​ពូថៅ។ សំរាប់​ទី​ចាត់​ការ​កោះ​សន្តិ​ភាព​ក៏​បាន​ទទួល​ប្រាក់​អំណោយ​ត្រឹម​ថ្ងៃ​ទី​៥ វិច្ឆិកា ចំនួន​​២៥​ម៉ឺន​រៀល ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រគល់​​ឱ្យ​ជា​បន្ត​បន្ទាប់​ទៀត។ ​សូម​ថ្លែង​​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​បរិ​ច្ចាគ​ជួយ​ដល់​ជន​រួម​ជាតិ​​​ដែល​មាន​ជីវភាព​ក្រី​ក្រ​លំបាក៕