ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបុក​ស្រូវ​រំដួល​កំពុង​ត្រូវប៉ាន់​ និង​លក់ដាច់ (មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អំបុក​ស្រូវ​ថ្មី​ប្រភេទ​រំដួល​កំពុង​តែ​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ ហើយ​ថែម​ទាំង​មាន​រសជាតិ​ឆ្ងាញ់ ក្នុង​នោះ​មាននៅ​ឃុំ​ជ្រៃ​វៀន និង​ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ មាន​កន្លែង​ធ្វើ​អំបុក​សម្រាប់​លក់ ដោយ​ធ្វើ​ពី​ដៃ​ខ្លះ និង​ធ្វើ​ពី​ម៉ាស៊ីន​កែ​ច្នៃ​ខ្លះ…

ខេត្តកំពង់ចាម ៖ អំបុក​ស្រូវ​ថ្មី​ប្រភេទ​រំដួល​កំពុង​តែ​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ ហើយ​ថែម​ទាំង​មាន​រសជាតិ​ឆ្ងាញ់ ក្នុង​នោះ​មាននៅ​ឃុំ​ជ្រៃ​វៀន និង​ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ មាន​កន្លែង​ធ្វើ​អំបុក​សម្រាប់​លក់ ដោយ​ធ្វើ​ពី​ដៃ​ខ្លះ និង​ធ្វើ​ពី​ម៉ាស៊ីន​កែ​ច្នៃ​ខ្លះ កំពុង​តែ​ញាប់ដៃ​ញាប់​ជើង ហើយ​ការ​ធ្វើ​អំបុក​នេះ​មិន​បាន​ឈប់​សម្រាក​នោះ​ទេ​ដោយសារ​មានការ​កុំ​ម្មង់​ទិញ​ពី​ប្រជាពលរដ្ឋ និង​អ្នក​នៅ​តំបន់​ខាងក្រៅ​ជា​ច្រើន​ទៀត​ផង​ដែរ​។

អ្នកស្រី​បាន អូន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ដូន​ដី​ឃុំ​ជ្រៃ​វៀន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩ ថា គាត់​បាន​មក​ជួយ​រែង​អំបុក​ដោយ​ដៃ​ឱ្យ​ដន្លងស្រី​របស់​គាត់​ម្នាក់​ឈ្មោះ​ហៀ​ង បើ​គិត​ពី​រយៈពេល​ធ្វើ​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ​។

អ្នកស្រី​បាន​បន្ត​ថា ចំពោះ​ស្រូវ​រំដួល​ត្រូវ​បាន​ប្រមូល​ទិញ​មក​ពី​ឡែ​ង ដោយ​ទិញ​ម្ដង​ប្រមាណ​១​តោន ក្នុង​គ្រា​ដំបូង​ពេល​ដែល​ធ្វើ​អំបុក​គឺ​ប្រើ​ឧបករណ៍​ធ្វើ​ដោយ​ដៃ​ផ្ទាល់​ក្នុង​មួយ​ថ្ងៃ​អស់​ស្រូវ​ប្រមាណ​ជា​៥០​គីឡូក្រាម លក់​១​កំប៉ុង​តម្លៃ​១៥០០​រៀល ហើយ​ក្រោយមក ដន្លងស្រី​របស់​គាត់​បាន​កែ​ច្នៃ​ម៉ាស៊ីន​ដើម្បី​ធ្វើ​អំបុក ឃើញ​ថា​ការ​ផលិត អំបុក​មានការ​កើនឡើង​ច្រើន​ដង​។

អ្នកស្រី​យិ​ន ហៀ​ង អាយុ​៥៨​ឆ្នាំ ជា​អ្នក​ធ្វើ​អំបុក​ដោយ​ប្រើ​ម៉ាស៊ីន​កែ​ច្នៃ​បាន​ប្រាប់​ថា ក្នុង​ពេល​ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​អំបុក​ស្រូវ​រំដួល​ដោយ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ​គឺ​មានការ​លំបាក​ច្រើន ។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​ក៏​បាន​កែ​ច្នៃ​ម៉ាស៊ីន​ធ្វើ​អំបុក ឃើញ​ថា​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​អំបុក​អស់​ស្រូវ​ទម្ងន់​ប្រមាណ​១៥០​គីឡូក្រាម ហើយ​ចេញ​ជា​អំបុក​បាន​ប្រមាណ​ជាង​៦០​គីឡូក្រាម​។

អ្នកស្រី​បាន​បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ ក៏​មានការ​កុំ​ម្មង់​ទិញ​អំបុក​ស្រូវ​ថ្មី​រហូត​ដល់​៣០០​គីឡូក្រាម គាត់​មិន​មានការ​លំបាក​ធ្វើ​នោះ​ទេ​គឺ​គាត់​អាច​ធ្វើ​ឱ្យ​គេ​ទាន់​សម្រាប់​យក​ទៅ​ពិសារ​ក្នុង​កម្មវិធី ។ ការ​ធ្វើ​អំបុក​ត្រូវ​ងើបឡើង​ធ្វើ​ពី​ព្រឹក​រហូត​ដល់​ល្ងាច​គឺ​ឈប់​សម្រាក​។

អ្នកស្ត្រី​ឈ្មោះ​អ៊​ន់ ស្រី អាយុ​៥០​ឆ្នាំ អ្នក​ធ្វើ​អំបុក​ដោយ​ដៃ​នៅ​ភូមិ​ត្រពាំង​បេង ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ បាន​ប្រាប់​ថា គាត់​បាន​ចាប់ផ្ដើម​ធ្វើ​អំបុក​ដោយ​មាន​ខ្ទះ​ចំនួន​២ រួម​ជាមួយ​ប្ដី​និង​កូនប្រុស​ម្នាក់ ដោយ​បាន​នាំ​គ្នា​ធ្វើ​អំបុក​ស្រូវ​ថ្មី​ប្រភេទ​រំដួល​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​នាំ​គ្នា​ឈប់​សម្រាក​។ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ធ្វើ​អស់​ស្រូវ​ប្រមាណ​៥០​ទៅ​៦០​គីឡូក្រាម ពេល​ដែល​ចេញ​ជា​អំបុក​បាន​ជាង​១០០កំប៉ុង ដោយ​លក់​បាន​ក្នុង​មួយ​កំប៉ុង​តម្លៃ​១៥០០​រៀល​។

អ្នកស្រី​បន្ត​ថា អំបុក​ដែល​គាត់​ធ្វើ​បាន​មិន​ដែល​សល់​នោះ​ទេ ដោយ​អ្នក​ភូមិ​ផង​របង​ជាមួយ​មក​ទិញ​យក​ទៅ​ហូប​អស់​ៗ ។ ដោយឡែក​សម្រាប់​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​អ្នក​ភូមិ​បាន​មក​កុំ​ម្មង់​ទិញ​ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​១០​កំប៉ុង ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ក្នុង​មួយ​ថ្ងៃ​ជាង​១០​ម៉ឺន​រៀល​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។

អ្នកស្រី​បន្ត​ថា គាត់​ក៏​មានគំនិត​ចង់​បង្កើត​ម៉ាស៊ីន​កែ​ច្នៃ​ធ្វើ​អំបុក​ដូច​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុងស្រុក​ព្រៃឈរ​ដែរ ប៉ុន្តែ​ដោយសារ​ខ្វះខាត​ថវិកា ទើប​ចេះ​តែ​នាំ​គ្នា​ធ្វើ​អំបុក​ដោយ​ដៃ​ផ្ទាល់ ។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាមបាន​​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​ពិសា​អំបុក​សាមគ្គី​ដោយ​ធ្វើ​ឡើង​នៅ​សួនច្បារ​មុខ​សាលាខេត្ត រួម​ជាមួយនឹង​សាលាក្រុង​កំពង់ចាម ហើយ​ក្រៅពី​នេះ​រដ្ឋបាល​ស្រុក​ចំនួន​៩​ទៀត​ត្រូវ​បាន​រៀបចំ​ឡើង​ធ្វើ​នៅ​តាម​ទី​សាធារណៈ​និង​តាម​សាលាស្រុក​នីមួយ​ៗ ទី​វត្ត​អារាម និង​សាលាឃុំ ដោយ​មាន​ភាព​អ​ធឹ​ក​អ​ធ័​ម​និង​សប្បាយ​រីករាយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ