ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សេចក្តីព្រាងច្បាប់​ស្តី​ពី​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​កម្ពុជា​-​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១១០​រូប បាន​លើកដៃ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​ជា​ឯកច្ឆន្ទ។ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោអធិបតី​ភាព​​សម្តេច​ពញា​ចក្រី…

រាជធានី​ភ្នំពេញ ៖ សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១១០​រូប បាន​លើកដៃ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​ជា​ឯកច្ឆន្ទ។ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក្រោអធិបតី​ភាព​​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ តំណាង​រាជរដ្ឋាភិបាល​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត ក្នុង​សុច្ឆន្ទៈ​ដើម្បី​សម្រេច​បាន​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិប​តេយ្យភាព និង​បូរណ​ភាព​ដែនដី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សុភមង្គល​និង​ភាព​រុងរឿង​របស់​ប្រជាជាតិ​និង ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​បង្កើន​ទំនាក់​ទំនង​ជិតខាង​ល្អ សាមគ្គី​ភាព​ជា​ប្រពៃណី ដែល​នាំ​មក​នូវ​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិ​បត្តិការ និង​អភិវឌ្ឍន៍​រឹង​មាំ ស្រប​តាម គោលការណ៍​ច្បាប់​និង​ការ​អនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ខ្សែ​ព្រំដែន​មិន​កែប្រែ នៅ​ពេល​ដែល​កម្ពុជា​បាន​ឯករាជ្យ ។

សម្តេច​ពិជ័យ​សេនា​បន្ត​ថា រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​ហត្ លេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណា​ចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ នៅ​រដ្ឋធានី​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៥ ។ ឈរ​លើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ខាងលើ ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​វៀតណាម បាន​ដំណើរការ​ចុះ​បោះបង្គោល​និង​ខណ្ឌសីមា​ព្រំដែន​គោក​នៅ​លើ​ដី​ជាក់ស្តែង​ពី​ខេត្តរតនគិរី ដល់​ខេត្តកំពត ចាប់ពី​ខែមិថុនា ឆ្នាំ២០០៦ ដល់​ខែកក្កដា ឆ្នាំ​២០១៩ សម្រេច​បានលទ្ធផល​៨៤% នៃ​បង្គោល​ព្រំដែន​ធំ​ដែល​មានចំនួន​៣៧៥​បង្គោល លើ​ដី​ជាក់ស្តែង​ដែល​បានបោះ​នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ប្រវែង​ជាង​១.២៧០
គីឡូម៉ែត្រ ។

លទ្ធផល​ដែល​សម្រេច​បាន​មាន​ដូច​ខាងក្រោម ៖
-​បង្គោល​ព្រំដែន​ធំ​ចំនួន​៣១៥​បង្គោល ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប​ចំនួន​៣៧៥​បង្គោល
-​បង្គោល​ខណ្ឌសីមា​ព្រំដែន​ចំនួន​១.៥១១ ស្មើនឹង​៩៩,៩% លើ​បង្គោល​១.៥១២​នៃ​ផែនការ (​ក្នុង​នោះ​កម្ពុជា​បោះ​លេខ​សេស​ចំនួន​៧៩១បង្គោល វៀតណាម​បោះ​លេខ​គូ​ចំនួន​៧២១បង្គោល​) ។
-​បង្គោល​តម្រុយ​ព្រំដែន​ចំនួន​២២១ ស្មើនឹង១០០%​នៃ​ផែនការ​(​ក្នុង​នោះ​កម្ពុជា​បោះ​លេខ​សេស​ចំនួន​១២៦​បង្គា​ល វៀតណាម​បោះ​លេខគូ​ចំនួន​៩៥​បង្គោល​) ។

សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ មាន​គោលបំណង​និង​ផលប្រយោជន៍​គឺ​ដើម្បី​រក្សា​ការ គ្រប់គ្រង​ដដែល​លើ​ដីធ្លី ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​និង​កំពុង​រស់នៅ ដាំ​ដុះ​បង្កបង្កើនផល ក្នុង​គោលដៅ​ធានា​បាន​ស្ថិរភាព​របស់​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម លុប​បំបាត់​ភាព​អត់ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅ​ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។

ដើម្បី​ជម្នះ​ធ្វើ​បញ្ចប់​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​ឱ្យ​បាន​ឆាប់​រវាង​ប្រទេស​ទាំង​ពីររដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជានិង​វៀតណាម បាន​ឯកភាព​កែសម្រួល​ខ្សែ​ព្រំដែនពី​ផែនទី​បោ​ន​ខ្នាត​១/១០០០០០ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន មក​តាម​ការ​គ្រប់គ្រង​កាន់កាប់​ជាក់ស្តែង​របស់​ប្រជា​ពលរដ្ឋ​ទាំង​សង ខាង​ខ្សែ​ព្រំដែន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​ភាព​សុខសាន្ត​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​បន្ត​គ្រប់គ្រង​លើ​ដីធ្លី​ស្រែ​ចម្ការ​ដែល​បាន​និង​កំពុង​អាស្រ័យ​ផល​ទាំងនោះ​ជា​បន្ត​ទៀត ។

សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​ទ្វេភាគី តាម​រយៈ​កិច្ចប្រជុំពិភាក្សា​ប្តូរ​វេន​ចំនួន​៥​ដង តាម​រយៈ​ការ​ផ្លាស់​ប្តូរឯកសារ​តាម​កំណត់​ទូត​ចំនួន​៤​ដង និង​តាម​រយៈ​លិខិត​ឆ្លើយឆ្លង​បញ្ជាក់​ពី​ជំហរ​របស់​ភាគី​នីមួយ​ៗ​នូវ​ចំណុច​មិន​ឯកភាព​គ្នា​ចំនួន​៣​ដង ។ ក្រៅពី​ការ​តាក់តែង​រួម​គ្នា ភាគី​ទាំង​ពីរ​ក៏​បាន​សិក្សា​និង​ដក​ពិសោធន៍​ពី​សន្ធិសញ្ញា​ព្រំដែន​ដែល​វៀតណាម​បាន​ធ្វើ​ជាមួយ​ចិន​និង​ឡាវ​ផង​ដែរ​។
ឈរ​លើ​មូលដ្ឋាន​ឯកសារ​ដែល​បាន​ឯកភាព​គ្នា និងការ​កាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​វៀតណាម បាន​ធ្វើការ​កែសម្រួល​ខ្សែ​ព្រំដែន​ដែល​បាន​កំណត់​ក្នុង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅ​លើ​សន្ធិសញ្ញា​កំណត់ ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៥ ទៅ​តាម​ការ​កាន់កាប់​ជាក់ស្តែង​របស់​ប្រ ជា​ពលរដ្ឋ ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព១១ ស្តី​ពី​ផ្ទៃដី​ដែល​ត្រូវ​ដោះ​ដូរ ។

សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ នឹង​ត្រូវ​ផ្តល់​សច្ចាប័ន​និង​ចូល​ជា​ធរមាន បន្ទាប់​ពីផ្លាស់​ប្តូរ​លិខិតុប ករណ៍​សច្ចាប័ន​និង​ធ្វើ​ជា​៣​ច្បាប់ ជា​៣​ភាសា គឺ​ភាសា​ខ្មែរ ភាសា​វៀតណាម និង​ភាសា​បារាំង ។ ក្នុង​ករណី​មានការ​បកស្រាយ​ខុស​គ្នា អត្ថបទ​ជា​ភាសា​បារាំង​ត្រូវ​យក​មក​ធ្វើ​ជា​ឯកសារ​គោល ។ លោក ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា បាន​លើក​ឡើង​ថា សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ គឺជា​ឯក​សារ​ផ្លូវច្បាប់​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ការ​ទទួលយក​សមិទ្ធផល​ដែល​ប្រទេស​ទាំង​ពីរ
សម្រេច​បាន​មក​ដល់​បច្ចុប្បន្ន​គឺ​មាន​៨៤% ហើយក៏​ជា​ឯកសារ​គ្រឹះ​ការពារ​បាន​បូរណភាព​ទឹកដី​កម្ពុជា ដោយ​មាន​ខ្សែ​ព្រំដែន​មិន​ឱ្យ​ប្រែប្រួល ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិ​បត្តិការ និង​ការ​អភិ​ឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជាត​រៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ