ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងរាយការណ៍ថា មានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយជនជាតិចិន នៅវេលាម៉ោង៩និង៤០នាទីព្រឹក នៅថ្ងៃទី០២ ខែវិច្ឆិកា នៅចំណុចផ្លូវបេតុងជាប់របងសាលារៀន អនុវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចរបស់យើងបានចុះទៅដល់កន្លែកើតហេតុ ឃើញជនសង្ស័យជាជនជាតិចិន២នាក់ ១-ឈ្មោះ LANG XIAO DONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) ស្នាក់នៅកន្លែងកើតហេតុ ។ ២-ឈ្មោះ CHEN GUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរតុបតែងផ្ទះ លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅកន្លែងកើតហេតុ ។
កម្លាំងសមត្ថកិច្ចជំនាញបានឆែកខ្លួនរកឃើញគ្រាប់កាំភ្លើងចំនួន៤០គ្រាប់ នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យឈ្មោះ LANG XIAO DONG ព្រមទាំងរកឃើញម្សៅពណ៌ស១កញ្ចប់ធំ និងថ្នាំគ្រាប់អក្ស WY ចំនួន៦កញ្ចប់ (សង្ស័យជាគ្រឿងញៀន) នៅក្នុងកាបូបស្ពាយចំហៀងមួយដែលជនសង្ស័យឈ្មោះ LANG XIAO DONG កំពុងកាន់ជាប់នឹងដៃក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំង២នាក់រួចមក ពួកគេបានសារភាពថា ជនដៃដល់ដែលប្រើកាំភ្លើងបាញ់បោះមានឈ្មោះ CHENG XINHAI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EC9816583 ស្នាក់នៅកន្លែងកើតហេតុ បានរត់គេចខ្លួនបាត់ ព្រមទាំងយកវត្ថុតាងកាំភ្លើងទៅជាមួយផងដែរ ។
ចំពោះវត្ថុតាងចាប់យកបាន គ្រាប់កាំភ្លើងប្រភេទ៩mm ចំនួន៤០គ្រាប់ សំបកគ្រាប់ប្រភេទ ៩mm ចំនួន១គ្រាប់ ក្បាលគ្រាប់ដែលបាញ់ចេញ១គ្រាប់ កាបូបស្ពាយចំហៀងមួយពណ៌ខ្មៅ១ ម្សៅពណ៌ស១កញ្ចប់ធំ (សង្ស័យជាគ្រឿងញៀន) ថ្នាំគ្រាប់ប្រភេទ WY ចំនួន៦កញ្ចប់ ស្មើនឹង១,១៨៨គ្រាប់ (សង្ស័យជាគ្រឿងញៀន) ។
នៅពេលកើតហេតុ ជនសង្ស័យដែលជាជនដៃដល់ឈ្មោះ CHENG XINHAI បានប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ ពេលនោះប្រពន្ធរបស់ជនសង្ស័យបានមកឃើញក៏មានការឈ្លោះប្រកែក និងបានវាយប្រតាយប្រតប់គ្នាបន្ទាប់មកជនសង្ស័យបានទៅយកកាំភ្លើងខ្លី បាញ់អស់៣គ្រាប់ នៅក្នុងផ្ទះរួចបានគេចខ្លួនបាត់ ។
ចំណែកឯជនសង្ស័យឈ្មោះ LANG XIAO DONG និងឈ្មោះ CHEN GUO ជាអ្នកទុកគ្រាប់កាំភ្លើង និងកាបូបស្ពាយចំហៀងដែលមានទុកសារធាតុសង្ស័យគ្រឿងញៀន របស់ជនសង្ស័យឈ្មោះ CHENG XINHAI បម្រុងឡើងរថយន្តជិះគេចខ្លួនដែរ តែត្រូវកម្លាំងសមត្ថកិច្ចយើងទៅដល់ទាន់ពេលក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី តាមរកចាប់ខ្លួនជនសង្ស័យឈ្មោះ CHENG XINHAI ដែលកំពុងរត់គេចខ្លួន ។ ចំពោះជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ