ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា​-​វៀតណាម​ជា​ឯកច្ឆន្ទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១០​រូប បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជា​ឯកច្ឆន្ទ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១០​រូប បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជា​ឯកច្ឆន្ទ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​អ​ធីប​តី​ភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ ។

ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះ​ត្រូវ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ និង​ជា​មន្ត្រី​ក្រសួងការពារជាតិ​តំណាង​រាជរដ្ឋាភិបាល​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ក្នុង​សុ​ឆន្ទៈ ដើម្បី​សម្រេច​បាន​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ដោយ​ឈរ​លើ​មូល​ដ្ឋា ន​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សុភមង្គល និង​ភាព​រុងរឿង​របស់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​បង្កើន​ទំនាក់ទំនង​ជិតខាង​ល្អ​សាមគ្គីភាព​ជា​ប្រពៃណី​ដែល​នាំ​មក​នូវ​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រឹង​មាំ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​ការ​អនុវត្ត​ជា​អន្តរជាតិ​ស្តី​ពី​ខ្សែ​ព្រំដែន​មិន​កែប្រែ​នៅ​ពេល​ដែល​កម្ពុជា​បាន​ឯករាជ្យ ។

សម្តេច​បន្ត​ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ នៅ​រដ្ឋធានី ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៥ ។ ឈរ​លើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ខាងលើ​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀតណាម​បាន​ដំណើរការ​ចុះ​បោះបង្គោល និង​ខណ្ឌសីមា​ព្រំដែន​គោក​នៅ​លើ​ដី​ជាក់ស្តែង​ពី​ខេត្តរតនគិរី ដល់​ខេត្តកំពត ចាប់ពី ខែមិថុនា ឆ្នាំ​២០០៦ ដល់​ខែកក្កដា ឆ្នាំ​២០១៩ សម្រេច​បាន​លទ្ធផល​៨៤% នៃ​បង្គោល​ព្រំដែន​ធំ​ដែល​មាន​ចំនួន​៣៧៥ បង្គោល លើ​ដី​ជាក់ស្តែង​ដែល​បាន​បោះ​នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ប្រវែង​ប្រមាណ​ជាង​១ ២៧០ គីឡូម៉ែត្រ ។

លទ្ធផល​ដែល​សម្រេច​បាន​មាន​ដូច​ខាងក្រោម ៖ បង្គោល​ព្រំដែន​ធំ​ចំនួន​៣១៥ បង្គោល ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប​ចំនួន​៣៧៥ បង្គោល ។ បង្គោល​ខណ្ឌសីមា​ព្រំដែន​ចំនួន​១ ៥១១ ស្មើនឹង​៩៩, ៩% បើ​បង្គោល​១ ៥១២ នៃ​ផែនការ (​ក្នុង​នោះ​កម្ពុជា​បោះ​លេខ​សេស​ចំនួន​៧៩១ វៀតណាម​បោះ​លេខ​តូ​ចំនួន​៧២១ បង្គោល​) ។ បង្គោល​តម្រុយ​ព្រំដែន​ចំនួន​២២១ ស្មើនឹង​១០០% នៃ​ផែនការ​( ក្នុង​នោះ​កម្ពុជា​បោះ​លេខ​សេស​ចំនួន​១២៦ បង្គា​ល​វៀតណាម​បោះ​លេខ​ចំនួន​៩៥ បង្គោល​) ចំណុច​ពិសេស​ចំនួន​១០០០ ។

សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ មាន​គោលបំណង និង​ផលប្រយោជន៍ គឺ​ដើម្បី​រក្សា​ការ​គ្រប់គ្រង ដដែល​លើ​ដីធ្លី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុង​រស់នៅ​ដាំ​ដុះ​បង្កបង្កើន​ផល​ក្នុង​គោលដៅ​ធានា​បាន​ស្ថិរភាព​របស់​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លុប​បំបាត់​ភាព​អត់ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅ​ជា​តំបន់​សន្តិភាព មិត្តភាព សហ​ប្រតិបត្តិ ការ​លើ​គ្រប់​វិស័យ និង​ដើម្បី​ជម្នះ​ធ្វើ​បញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​ឱ្យ​បាន​ឆាប់​រវាង​ប្រទេស​ទាំង​ពីរ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​វៀតណាម បាន​ឯកភាព​កែសម្រួល​ខ្សែ​ព្រំដែន​ពី​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ បោះ​ពុ​ម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ ចិន មក​តាម​ការ​គ្រប់គ្រង​កាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង​ខ្សែ​ព្រំដែន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​ភាព​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បន្ត​គ្រប់គ្រង លើ​ដីធ្លី​ស្រែ​ចំការ​ដែល​បាន និង​កំពុង​អាស្រ័យ​ផល​ទាំងនោះ​ជា​បន្ត​ទៀត ។

សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​ទ្វេភាគី តាម​រយៈ កិច្ចប្រជុំ​ពិភាក្សា ប្តូរ​វេន​ចំនួន​៥​ដង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ឯកសារ​តាម កំណត់​ទូត​ចំនួន​៤​ដង និង​តាម​រយៈ​លិខិត​ឆ្លើយឆ្លង​បញ្ជាក់​ពី​ជំហរ​របស់​ភាគី​នីមួយ​ៗ​នូវ​ចំណុច​មិន​ឯកភាព​គ្នា​ចំនួន​៣​ដង ។ ក្រៅពី​ការ​តាក់តែង​រួម​គ្នា​ភាគី​ទាំង​ពីរ​ក៏​បាន​សិក្សា និង​ដក​ពិសោធន៍​ពី​សន្ធិសញ្ញា​ព្រំដែន​ដែល​វៀតណាម​បាន​ធ្វើ​ជាមួយ​ចិន និង​ឡាវ​ផង​ដែរ ។ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ នឹង​ត្រូវ​ផ្តល់​សច្ចាប័ន និង​ចូល​ជា​ធរមាន​បន្ទាប់​ពី​ផ្លាស់​ប្តូរ លិ​ខិ​តូប​ករ​ណ៍​សច្ចាប័ន និង​ធ្វើ​ជា​បី​ច្បាប់ ជា​បី​ភាសា គឺ​ភាសា​ខ្មែរ ភាសា​វៀតណាម និង​ភាសា​បារាំង ។

ក្នុង​ករណី​មានការ​បកស្រាយ​ខុស​គ្នា អត្ថបទ​ជា​ភាសា​បារាំង​ត្រូវ​យក​មក​ធ្វើ​ជា​ឯកសារ​គោល ។ លោក ហ៊ុន​ណេ​ង ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩​នេះ គឺជា​ឯកសារ​ផ្លូវច្បាប់​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ទទួលយក​សមិទ្ធផល​ដែល​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​មក​ដល់​បច្ចុប្បន្ន​គឺ​មាន​៨៤% ហើយ​ក៏​ជា​ឯកសារ​គ្រឹះ​ការពារ​បាន​បូរណភាព​ទឹកដី​កម្ពុជា ដោយ​មាន​ខ្សែ​ព្រំដែន​មិន​ឱ្យ​ប្រែប្រួល​ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិ​ឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តរៀង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ