រាជធានីភ្នំពេញ៖ ស្របពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការរីកចម្រើន បានជំរុញឱ្យកម្ពុជានាំចេញអង្ករសរីរាង្គជាប់ជាប្រទេសទី ៥ ក្នុងចំណោមប្រទេសនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអឺរ៉ុប ។ នេះបើតាមការលើកឡើងពីថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍កាលពីថ្មីៗនេះថា «ការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យកសិកម្ម បានលើកស្ទួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ ១០ និងជាប្រទេសទី ៥ ដែលកំពុងនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអឺរ៉ុប ។ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៨លានតោន សល់ស្រូវចំនួនជាង ៥,៨លានតោនសម្រាប់នាំចេញ បាននាំចេញអង្ករជាផ្លូវការចំនួនជាង ៦៣៥ពាន់តោន និងបាននាំចេញផលិតផលកសិកម្មសរុប ៤,២៣លានតោន» ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុ រាយស៍ មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៣០ ខែតុលាកន្លងមកថា កម្ពុជាពិតជាជាប់ចំណាត់ថ្នាក់ប្រទេសទី ៥ ក្នុងការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សាអឺរ៉ុប ហើយកម្ពុជា នៅមានសក្តានុពលក្នុងការពង្រីការដាំដុះបន្តទៅទៀត បើយើងប្រៀបធៀបទៅ និងបណ្តាប្រទេសផ្សេងទៀតដូចជា ឥណ្ឌា ប៉ាហ្គីស្ថាន និង ថៃ គេប្រើប្រាស់ដីអស់លទ្ធភាព ។
លោកអគ្គនាយករងលើកឡើងថា «ប្រទេសរីកចម្រើនដូចជា អឺរ៉ុប អាមេរិក រួមនិង កាណាដា គេត្រូវការអង្ករ និងដំណាំសេរីរាង្គខ្លាំងព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពសម្រាប់អ្នកបរិភោគ ។ ទីផ្សារសរីរាង្គមានប្រមាណ ៨៩ពាន់លានដុល្លារនៅលើពិភពលោក ហើយកម្ពុជាទើបធ្វើបានប្រហែល ៥លានដុល្លារកាលពីឆ្នាំ ២០១៨ និង ២០១៩នេះ ។ អ៊ីចឹងមានន័យថាយើងនូវមានសក្តានុពលពង្រីកទីផ្សារ ពិសេសទៅប្រទេសកំពុងអភិវឌ្ឍន៍ដូចជាទៅខាងសហគមន៍អឺរ៉ុប អាមេរិក កាណាដា ដោយសារប្រជាជនគេអ្នកមានគេឱ្យតម្លៃទៅលើផលិតផលសេរីរាង្គវាមិនធ្វើឱ្យប៉ះពាល់សុខភាព» ។
លោកសង្កត់ធ្ងន់ថាទីផ្សារសរីរាង្គនៅអឺរ៉ុប វាធំសម្រាប់កម្ពុជាយើងបន្ទាប់មកទីផ្សារអាមេរិក និង កាណាដា ។ កាលពីឆ្នាំទៅការនាំចេញពីស្រុកខ្មែរទៅមានប្រមាណ ៩ពាន់តោន ហើយក្នុងនោះ ៨០% ជាផលិតផលសរីរាង្គរបស់អេមរុ ។ អេមរុ កំពុងពង្រីក និងពង្រឹងសក្តានុពលស្រូវសេរីរាង្គបន្ថែមទៀត ដោយក្នុងមួយឆ្នាំៗតាមផែនការយុទ្ធសាស្ត្ររបស់យើងត្រូវបង្កើនការផលិត និងនាំចេញឱ្យបានយ៉ាងតិច ៣០% ។
លោក កាន់ គន្ធី ឱ្យដឹងទៀតថា អេមរុ រាយស៍ កំពុងសិក្សាការដាំដុះផលិតផលសរីរាង្គ នៅកោះញែក នៅចន្លោះខេត្ត មណ្ឌលគិរី រតនៈគិរី និងកំពុងសិក្សានៅតាមជួរភ្នំក្រវ៉ាញ ។ ធ្វើដំណាំសរីរាង្គនេះ យើងមិនចេះតែធ្វើបាននោះទេ ទាល់តែដីទាំងនោះត្រូវបានគេរុករករ៉ែ ឬធ្លាប់បានបំពុលនូវបរិស្ថាន ហើយប្រភេទដីបែបនេះនៅប្រទេសឥណ្ឌា ប៉ាហ្គីស្ថាននិងប្រទេសថៃវាចង់អស់ហើយ ។
តាមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព ។
បើយោងតាមលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពញបែបបទនាំចេញអង្ករបានបង្ហាញថា កាលពីឆ្នាំ ២០១៦ កម្ពុជានាំចេញអង្ករសរុបទៅសហគមន៍អឺរ៉ុបមានចំនួនប្រមាណ ៣៤១.០៦៦ តោន, ឆ្នាំ ២០១៧ មានប្រមាណ ២៧៦.៨០៥ តោន និងឆ្នាំ ២០១៨មានប្រមាណ ២៦៩.២១៧ តោន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ