រាជធានីភ្នំពេញ ៖ ទាក់ទងទៅនឹងវិវាទរ៉ាំរ៉ៃរវាងកម្មករ និងថៅកែរោងចក្រកាត់ដេរតាកហ្វាត ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មន្ត្រីក្រសួងសង្គមកិច្ចបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ មីនា នេះថា កម្មករមួយចំនួនក្នុងចំណោមកម្មករជាង១ពាន់នាក់បានទទួលយកនូវដំណោះស្រាយ៣ចំណុចនាថ្ងៃពុធ ទី៣០ មីនា ២០១១ នេះហើយ។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកកែ សិទ្ធិសុខនី បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៣០ មីនា ២០១១ ដោយបញ្ជាក់ថា លក្ខខណ្ឌ៣ចំណុចដែលកម្មករមួយចំនួន ព្រមទទួលយកនោះរួមមានប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតការងារ និងប្រាក់ជូនដំណឹង ។ ប៉ុន្តែលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ចកែ សិទ្ធិសុខនី និងជាសមាជិកដោះស្រាយវិវាទនេះ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់សរុបទាំង៣លក្ខខណ្ឌដែលកម្មករមួយចំនួនបានទទួលយកនោះទេ ។
ឆ្លើយតបចំពោះការលើកឡើងរបស់មន្ត្រីក្រសួងសង្គមកិច្ចខាងលើ ប្រធានសហជីពសេរី កម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា មុនី ក៏ដូចជាតំណាងកម្មករបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកមិញដែរថា មកទល់នឹងពេលនេះ មិនទាន់មានដំណោះស្រាយណាមួយជូនដល់កម្មករ កម្មការិនីរោងចក្រតាកហ្វាត ដែលទាមទារ៥ចំណុចនោះនៅឡើយទេ បើទោះបីជាមានការសម្របសម្រួលពីគណៈកម្មការដោះស្រាយវិវាទរបស់ក្រសួងសង្គមកិច្ចនោះក៏ដោយ ។ បើតាមលោកជា មុនី ឱ្យដឹងថា លក្ខខណ្ឌ៥ចំណុចដែលកម្មករទាមទារឱ្យថៅកែរោងចក្រដោះស្រាយនោះរួមមាន ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់ឈប់សម្រាក ប្រាក់ជូនដំណឹង និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ទៅតាមច្បាប់ការងារមាត្រា ៧៥, ៨៩, ៩១ និងមាត្រា១៦៦ ។ លោកប្រធានសហជីពសេរីកម្មកររូបនេះបានបញ្ជាក់ឱ្យដឹងដែរថា បើគិតជាប្រាក់ដែលថៅកែត្រូវដោះស្រាយឱ្យកម្មករ កម្មការិនីទាំងអស់មានតម្លៃសរុបជាង១លានដុល្លារ៕
ចែករំលែកព័តមាននេះ