ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញឹម ចាន់ថន​ នៅតែបន្ត​​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​និង​សម្តែង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាងញឹម ចាន់​ថន ​សព្វ​ថ្ងៃ​​ក្រៅពី​​ឡើង​​ច្រៀង​ជាកិត្តិយស​​លើ​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​តាម​ស្ថានីយ​ទូរទស្សន៍​​​នានា ម្តង​ម្កាល ​​នាង​មាន​ហាង​លក់​សម្លៀក​បំពាក់​​និង​ផលិត​កម្ម​ផលិតចម្រៀង​កាយវិការ​​ខារ៉ាអូខេ​​ផ្ទាល់​​​​ខ្លួន​​មួយ ។ ​ ក្រៅពី​នោះ​នាង​​ឆ្លៀតពេល​​​វេលា​ដ៏​មមាញឹក​​ចេញ​សម្តែង​រឿង​​ភាគ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ CTN  ។  នាង​ញឹម ចាន់​ថន បាន​​ចូល​ប្រឡូក​​​ក្នុង​វិស័យ​សិល្បៈ​​ចម្រៀង​និង​សម្តែង​តាំងពី​ឆ្នាំ​១៩៩៧មក។​​កាលពី​ដំបូង​នាង​គ្រាន់​តែ​ជាអ្នក​ចម្រៀង​នៅតាម​ពិធី​មង្គល​ការ​​និង​នៅតាម​ភោជនីយ​ដ្ឋាន​  ប៉ុណ្ណោះ​ ។ ដោយ​​សារ​តែ​នាង​​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាតនិងអាច​ច្រៀង​​​បានទាំង​​​បទ​ឌីស្កូ​ញ័រញាក់​កន្ទ្រាក់​​អារម្មណ៍​ និង​​បទ​មនោសញ្ចេត​នា​​​​​ផង​នោះ​ អ្នក​​រៀបចំកម្ម​វិធី​​ប្រគំតន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​​នានា​តែង​តែផ្តល់​កិត្តិយស​​​ឱ្យ​​នាង​ឡើង​ច្រៀង​​និង​សម្តែង​ជាញឹកញាប់​​​ ។ នាង​​​ចាន់​ថនត្រូវ​ផលិត​កម្ម​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស​ហៅឱ្យ​ថត​សម្លេង​ចូល​ស៊ីឌី​​និង​សម្តែង​កាយ​វិការ​ខារ៉ាអូខេ​រហូត​​មាន​កេរ្តិ៍ឈ្មោះ​ល្បី​​ ។

នៅ​ឆ្នាំ​២០១០​នាង​ចូល​​រួម​សម្តែង​រឿង​​«​ល្មម​ហើយ​​លោក​ប្តី» ឱ្យ​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥​ ដែល​​ចាក់​ផ្សាយ​​​កន្លង​មក​​ ។ ​នាង​និយាយ​​ថា ​ក្រៅពីនេះ​​នាង​ថត​រឿង​«​សម្រស់​​ជីវិត » និង​​បច្ចុប្បន្ន​កំពុង​តែ​​សម្តែង​រឿង​ថ្មីមួយ​ទៀត​តែ​​​សុំ​​លាក់​​ចំណង​ជើង ។  នាងញឹម ចាន់​ថន ដែល​​មាន​អាយុ​៣១ឆ្នាំ​​ហើយនោះ​​អះអាង​ថា ក្រោយ​ពី​បែក​គូ​ស្នេហ៍​ចាស់​​​នាង​មិន​​ទាន់​មាន​ថ្មីទៀតទេ ។ ដោយ​ជាប់​​រវល់​​​រក​ស៊ី​ផង​ រវល់​ក្នុង​វិស័យ​​សិល្បៈ​​ផង​ ដូច្នេះ​រឿង​ស្នេ​ហា​ភ្លេច​បាត់​ហើយ ។ 
នាង​ញឹម ចាន់ថន​ ​ប្រាប់​ថា សព្វ​ថ្ងៃ​​ហាង​លក់​សម្លៀក​បំពាក់​​របស់​នាង​មាន​ដំណើរ​ការ​​រលូន​ទៅ​មុខ​ល្អ​​ ចំណែក​ផលិត​កម្ម​​ធីវីប្រូដាកសិន របស់​នាង​​ក៏ដំណើរ​​​ការល្អ​ដែរ ហើយ​កំពុង​​ត្រៀម​​ចេញ​វ៉ុល​ថ្មី​ពិសេស​ពេល​​ចូល​ឆ្នាំ​ខាង​មុខ​នេះ​៕