ខេត្តរតនគិរី ៖ អ្នកស្រាវជ្រាវបុរាណវិទ្យា បានប្រកាសពីការធ្វើកំណាយរកឃើញផូស៊ីលដើមឈើមានប្រវែង១៤ម៉ែត្រនៅលើទីតាំងគម្រោងស្រាវជ្រាវ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្រុកលំផាត់ ដែលឈើនោះបានក្លាយជាថ្មទៅហើយ ។ បើតាមអ្នកស្រុកថាដើមឈើក្លាយជាថ្មនេះគឺជាប្រភេទឈើគគីរថ្ម ដែលបាក់រលំក្នុងព្រៃនិងកប់ក្នុងដី រាប់រយឆ្នាំឬលានឆ្នាំក៏ក្លាយទៅជាថ្ម ។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្តបាននិងកំពុងបន្តធ្វើកំណាយសិក្សាស្រាវជ្រាវលើផូស៊ីលដើមឈើ មានប្រវែង១៤ម៉ែត្រ ក្នុងរយ:ពេល១សប្តាហ៍កន្លងមកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ។ លោកបានបញ្ជាក់ថា គោលបំណងនៃការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ ព្រមទាំងសំណាក សម្រាប់ចងក្រងជាឯកសារវប្បធម៌ប្រវត្តិសាស្ត្រមួយនៅកម្ពុជា ។
លោក សៀង សុថា អតីតប្រធាននាយកដ្ឋានភូគព្ភសាស្ត្រក្រសួងរ៉ែ និងថាមពល បានចូលរួមជាអ្នកស្ម័គ្រចិត្ត ជាមួយក្រុមការងារដោយយល់ថា ជាគម្រោងមានសារសំខាន់សម្រាប់ការស្រាវជ្រាវរកឃើញផូស៊ីលឈើថ្ម ដែលអាចកើតឡើងមានអាយុរាប់លានឆ្នាំ ។ អ្នកជំនាញរូបនេះបានបញ្ជាក់ដែរថា ការរកឃើញថ្មីនេះ ជាប្រយោជន៍សំខាន់នៃការសិក្សាស្រាវជ្រាវសម្រាប់មនុស្សជំនាន់ក្រោយ និងបង្ហាញពីការវិវត្តន៍ថ្មីនៃការស្រាវជ្រាវរបស់កម្ពុជា លើកំណាយសិក្សាលើផូស៊ីលឈើ ដែលក្លាយជាថ្ម ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែមដល់សិស្សនិស្សិត ដែលអាចជាប្រយោជន៍ លើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួនពីថ្ងៃ២២ តុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ។ ពេលនេះក្រុមការងារកំពុងបន្តពិនិត្យទីតាំង និងរកឃើញសំណាកប្រហាក់ប្រហែលផូស៊ីលឈើចំនួន១៨កន្លែងផ្សេងទៀត ដែលស្ថិតនៅក្បែរន្លែងនោះ ៕
ចែករំលែកព័តមាននេះ