រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ រីឯម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង២កំពុងជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងកន្ទុយសណ្ដោងរ៉ឺម៉កដឹកស៊ីទែនសាំងបើកបុកយ៉ាងពេញទំហឹង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាអាវុធហត្ថកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះតឿន រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅក្នុងភូមិចំការស្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជនរងគ្រោះម្នាក់ទៀតដែលអ្នករងរបួសធ្ងន់ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១F-៩៥៣៨ ។
ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣D-៧៣៣២ ដោយកន្ទុយសណ្តោងរ៉ឺម៉កដឹកស៊ីទែនប្រេងសាំង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ភ្លាមៗ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។ ស្របពេលនោះមានរថយន្តមួយគ្រឿងដឹកស៊ីទែនសាំងខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច គេចមិនទាន់ក៏បានបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ឱ្យសមត្ថកិច្ចភ្លាមៗផងដែរ ហើយនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនបានប្រគល់អោយជំនាញការិយាល័យល័យចរាចរណ៍ផ្លូវគោនៃស្នងការដ្ឋាននគរបាលរាជធានីចុះធ្វើការវាស់វែងនិងនាំយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ