ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ថា តើអ្នកនិពន្ធ​ល្បីឈ្មោះ​និយាយ​​បែប​ណា​ពី​ស្ថានភាព​នៃ​ការ​អាន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ការ​អាន​មិន​ធ្លាក់​ចុះ​ទេ បើ​ទោះបី​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ទាន់សម័យ​ក្ដី ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កុក រស់ ប្រធាន​នាយកដ្ឋាន សៀវភៅ និង​ការ​អាន…

រាជធានី​ភ្នំពេញ ៖​ការ​អាន​មិន​ធ្លាក់​ចុះ​ទេ បើ​ទោះបី​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ទាន់សម័យ​ក្ដី ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កុក រស់ ប្រធាន​នាយកដ្ឋាន សៀវភៅ និង​ការ​អាន និង​អ្នកស្រី​ម៉ៅ សំណាង ជា​អ្នកនិពន្ធ​ល្បីឈ្មោះ ក៏​ដូច​ជា​អ្នកនិពន្ធ​មួយ​ចំនួន​ទៀត ។ ប្រភព​ទាំងនោះ​ហាក់​មិនសូវ​បារម្ភ​ច្រើន​ទេ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​អាន ដោយសារ​រាល់​ស្នាដៃ​និពន្ធ​ទាំងអស់​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា ផ្សេង​ៗ ។

លោក​កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន ដែល​ជា​អ្នក​ធ្វើ​កិច្ច​ការងារ​ជំរុញ​ការ​អាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ពេល​សួរ​អំពី​ការ​មើលឃើញ​ថា​បច្ចុប្បន្ន​ការ​អាន​ហាក់​មានការ​ធ្លាក់​ចុះ ឯ​អ្នកនិពន្ធ​សៀវភៅ​ស្ទើរតែ​ដាច់​អាជីព​នោះ លោក​មិន​យល់​ឃើញ​បែប​នេះ​ទេ បើ​ទោះបី​មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​លើ​បញ្ហា​នេះ​ក៏​ដោយ ។ លោក​បញ្ជាក់​ថា «​ការ​អាន​មិន​មានការ​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​អ្នក​អាន​ខ្លះ​គាត់​បង្វែរ​ពី​ការ​អាន​តាម​សៀវភៅ​ទៅ​អាន​តាម​អេ​ឡិច​ត្រូ​និក ។

ដោយឡែក​ចំពោះ​បញ្ហា​អ្នកនិពន្ធ​ដាច់​អាជីព​ក៏​ខ្ញុំ​ហាក់​ពុំ​ទាន់​យល់​ស្រប​ដែរ ព្រោះ​អ្នកនិពន្ធ​បច្ចុប្បន្ន​កំពុង​រីក​ដុះដាល​យ៉ាង​ផុសផុល​គួរ​ឲ្យ​កក់​សម្គាល់ ។

ពាក់ព័ន្ធ​ការ​ជំរុញ​ការ​អាន​នេះ គឺ​នាយកដ្ឋាន​បាន​ផ្តល់​សេវា​សាធារណៈ​ដល់​សាធារណជន​ចូល​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​ជាតិ ។ ការ​បង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​សៀវភៅ​ប្រចាំឆ្នាំ ការ​ប្រលងប្រជែង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ ។ ការ​ធ្វើ​សិក្ខាសាលា​ស្តី​ពី​ការ​ពង្រឹង​ស្នាដៃ​តែង​និពន្ធ ការ​បោះពុម្ព​សៀវភៅ ការ​ចុះ​លេខ​ISBN ការ​ជំរុញ​ការ​អាន​សៀវភៅ ជាដើម ។ ក្រៅពី​នេះ​ការ​ស្រាវជ្រាវ ការ​បោះពុម្ព​ទិនានុលេខន៍​ប្រចាំឆ្នាំ​ទស្សនាវដ្ដី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ »​។

លោក​កុក រស់ ដែល​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប​ដែរ​នោះ​បញ្ជាក់​ថា តាម​រយៈ​សកម្មភាព​នេះ​ទទួល​បាន​លទ្ធផល​ល្អ ដោយ​សាធារណជន​ចូលរួម​អាន​សៀវភៅ សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយនៅ​ឆ្នាំ​២០១៨ មាន​អ្នក​ចូល​អាន​សៀវភៅ​ប្រមាណ​១៥១.៤២០​នាក់​) ។ ដោយឡែក​សម្រាប់​អ្នកចូលរួម​ក្នុង​វិស័យ​សៀវភៅ​តាម​រយៈ​ការ​តាំង​ពិ​ពិព័រណ៍​សៀវភៅ​លើក​ទី​១​ចំនួន​៤.៥០០​នាក់ មក​ដល់​លើក​ទី​៧​មាន​ចំនួន​១៣៣.១៧០​នាក់ គឺ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។

ចំពោះ​ការ​ប្រលង​ស្នាដៃ​តែង​និពន្ធ​ក៏​ទទួល​បាន​ចំណាប់អារម្មណ៍​ចូលរួម​ពី​អ្នកនិពន្ធ​ចាស់ ថ្មី​កើនឡើង​ផង​ដែរ ដោយនៅ​ឆ្នាំ​២០០៨ មាន​៤១​ស្នាដៃ នៅ​ឆ្នាំ​២០១៩​កើនឡើង​រហូត​ដល់​៩១​ស្នាដៃ ។ ការ​បង្កើត​កម្មវិធី​សិក្ខាសាលា ការ​សិក្សា​ស្រាវជ្រាវ បោះពុម្ព​តែងតែ​ធ្វើ​ជា​ប្រចាំ ។

ចំណែក​ផែនការ​សកម្មភាព​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នោះ គឺ​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន បន្តសកម្មភាព​ដែល​បាន​និង​កំពុង ធ្វើ​ដោយ​ពង្រឹង និង​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ ។ ជាក់ស្ដែង​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​សមាគម​បណ្ណារក្ស​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២១​ដែល​មាន​បណ្ណារក្ស​យ៉ាងតិច​៥០០​នាក់​(​ទាំង​រដ្ឋ និង​ឯកជន​)​ចូលរួម​នៅ​ខេត្តសៀមរាប ។ រៀបចំ​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​គ្រប់គ្រង និង​ជំរុញ​ការ​អាន​នៅ​កម្ពុជា ។ ជួយ​បំផុសស្មារតី​កវីនិពន្ធ​ខ្មែរ​ក្នុង​ការ​បង្កើត​ស្នាដៃ ថ្មី​ៗ ធ្វើ​វិ​ក្រឹ​ត​ការ សុក្រឹតការ​អ្នកនិពន្ធ​ដើម្បី​បង្កើត​ស្នាដៃ​ឲ្យ​កាន់តែ​មាន​ប្រណីតភាព ។ ជួយ​រក​ទីផ្សារ​ក្នុង​ការ​លក់​ផលិតផល​សៀវភៅ​ទាំង​ក្នុង​ជាតិ និង​អន្តរជាតិ និង​ជួយ​ជំរុញ​វិស័យ​នៃ​ការ​អាន​ឲ្យ​មាន​សន្ទុះ​កើនឡើង ។

ចំណែក​អ្នកនិពន្ធ​ល្បីឈ្មោះ​អ្នកស្រី​ម៉ៅ សំណាង បាន​អះអាង​ស្រ​ដៀង​គ្នា​ថា «​បើ​ទោះ​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ទំនើប និង​សម្បូរ​បែប​ក៏​ដោយ ប៉ុន្តែ​ការ​អាន​នៅ​តែ​មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ដដែល ។ តាម​ការ​សង្កេត​បច្ចុប្បន្ន​អ្នកនិពន្ធ ក្មេង​ៗ​ជំនាន់​ក្រោយ​ក៏​មានការ​ដុះដាល​ច្រើន ខណៈ​យុវវ័យ​សម័យនេះ​ក៏​មានការ​គាំទ្រ​ច្រើន​ផង​ដែរ ។

អ្នកស្រី​ម៉ៅ សំណាង ថ្លែង​ថា​«​ក្នុង​ពេល​ដែល​សង្កេត​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​ហើយ ទើប​អ្នកស្រី​មាន​កម្លាំងចិត្ត​បន្ត​ការ​តែង​និពន្ធ​ប្រលោមលោក​ថ្មី​ៗ​បន្ថែម​ទៀត​»។

លោក​អ៊ុ​ន សុខ​ហ៊ា​ង ជា​អ្នកនិពន្ធ​ប្រលោមលោក ថ្លែង​ថា «​ប្រលោមលោក​នៅ​មាន​អ្នក​អាន​ច្រេ​ី​ន ព្រោះ​ក្នុង​មួយ​ឆ្នាំ​មាន​ព្រឹត្តិការណ៍​លក់​សៀវភៅ​ពីរ​ទៅ​បី​ដង ។ មិនតែប៉ុណ្ណោះ​សៀវភៅ​យេ​ី​ង​អាច​ផ្ញើ​តាម​បណ្ណាគារ​លក់​បាន ចុះ​តម្លៃ​ឱ្យ​គេ​២០%»​។

ចំពោះ​លោក​ឡឹ​ក ជំនោរ អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​ជា​អ្នកនិពន្ធ បាន​ចេញផ្សាយ​ស្នាដៃ​ជា​ច្រើន​មក​ហើយ​នោះ​បាន​ថ្លែង​ថា​«​ខ្ញុំ​បាន​ឆ្លើយ​ម្ដង​រួច​ដែរ​ហើយ​ស្រ​ដៀង​នេះ​ទាក់ទង​វិសយ​តែង​និពន្ធ ក្នុង​កិច្ចប្រជុំ​អ្នកនិពន្ធ អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ មិថុនា​កន្លង​ទៅ​។ ចំពោះ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា មានការ​កើនឡើង និង​មានការ​បោះពុម្ព​គួរ​ឲ្យ​កត់សម្គាល់​។ កំណើន​នៃ​ស្តង់​លក់​សៀវភៅ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្នុង​នាម​ខ្ញុំ​ជា​អ្នកនិពន្ធ ហើយ​បាន​ចូលរួម​ក្នុង​កម្មវិធី​តែង​និពន្ធ និង​សិក្ខាសាលា​និពន្ធ​ជា​ច្រើន​កន្លែង និង​វិភាគ​គុណភាព​ស្នាដៃ​និពន្ធ​ប្រភេទ​ប្រលោមលោក យល់​ថា អ្នកនិពន្ធ​ប្រលោមលោក​តែ​មួយ​មុខ​អាច​មិនរ​ស់បាន​ស្រួល​តាម​រយៈ​ស្នាដៃ​របស់​ខ្លួន​ទេ​(​តែ​ក៏​មាន​អ្នករ​ស់បាន​ដែរ​) ។

ទាំងនេះ​សូម​និយាយ​ពី​ស្នាដៃ​ប្រលោមលោក​ក្រោយ​ឆ្នាំ​១៩៨០​មក​ផង ។ ពី​ឆ្នាំ​១៩៨០ មក​ស្នាដៃ​ប្រលោមលោក​យើង​នៅ​មិន​ទាន់​ស៊ីជម្រៅ​ខ្លាំង​ដូច​សម័យ​រុងរឿង​ទេ ។ ស្នាដៃ ក្រោយ​ៗ​មក​គ្មាន​ទស្សនវិជ្ជា​គ្រប់គ្រាន់​ដែល​ជា​មេរៀន​ជីវិត លើស​ពី​ការ​ដើម្បី​សម្លាប់​ពេលវេលា​នោះ​ឡើយ ។ ការ​រស់​បាន​របស់​អ្នក​ប្រលោមលោក​សម័យនេះ ទឹកដៃ​បម្រើ​បាន​ត្រឹម​ជំនាន់​គាត់ បរិបទ​ជំនាន់​គាត់​ប៉ុណ្ណោះ គ្មាន​តម្លៃ​សាកល​ឡើយ និយាយ​រួម​មិន​លើស​ពី​ការ​កម្សាន្ត​ឡើយ ។

ផ្ទុយ​ទៅ​វិញ ប្រលោមលោក​ដែល​មាន​ទស្សនវិជ្ជា​ពិបាក​លក់ តែ​មាន​តម្លៃ​សាកល មានជីវិត​យូរអង្វែង ។ ប្រលោមលោក​សម័យ​ថ្មី តម្រូវ​តែ​ក្រុម​អតិថិជន ក្រុម​ៗ មិន​បាន​ទូទៅ​ទេ គឺ​ពួក​គាត់​ចង​មុង​សរសេរ ។

ក្នុង​នាម​អ្នកនិពន្ធ​មួយ​រូប​ខ្ញុំ​យល់​ថា បើ​យើង​មាន​បំណង​បណ្ដុំ​មនុស្ស​ក្នុង​សង្គម​តាម​រយៈ​ស្នាដៃ​ខ្លួន គួរ​សរសេរ​ឱ្យ​មាន​ទស្សនវិជ្ជា​ជ្រៅ​បន្តិច​។ មាន​កម្រិត​អប់រំ​ខ្ពស់​ទើប​អ្នក​អាន​មិន​លង់​នឹង​ភាព​ភ្លើតភ្លើន​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ