ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ៗ​ប្រតិកម្ម​! អាជីវក​លក់ដូរ​គ្រឿង​សមុទ្រ​ផ្សារ​ក្ដាម​មួយ​ចំនួន​ថ្លឹង​មិន​គ្រប់​គីឡូ​ឲ្យ​ភ្ញៀវ

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​មាន​មន្ត្រី​នគរបាល​ទេសចរណ៍ មាន​មន្ត្រី​នគរបាល​ប្រចាំការ​ផ្សារ​ក្ដាម និង​មន្ត្រី​មក​ពី​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ចុះ​មក​ប្រកាសប្រាប់​អាជីវក​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម​ទាំងអស់ ប្រមូល​ជញ្ជីង​យក​មក​ធ្វើការ​ត្រួតពិនិត្យ​សារ​ជា​ថ្មី…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​មាន​មន្ត្រី​នគរបាល​ទេសចរណ៍ មាន​មន្ត្រី​នគរបាល​ប្រចាំការ​ផ្សារ​ក្ដាម និង​មន្ត្រី​មក​ពី​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ចុះ​មក​ប្រកាសប្រាប់​អាជីវក​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម​ទាំងអស់ ប្រមូល​ជញ្ជីង​យក​មក​ធ្វើការ​ត្រួតពិនិត្យ​សារ​ជា​ថ្មី បន្ទាប់​ពី​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទិញ​គ្រឿង​សមុទ្រ ហើយ​អ្នកលក់​បាន​ថ្លឹង​បង្គា ក្ដាម មិន​បាន​គ្រប់​ភ្នែកជញ្ជីង ឬ​គ្រប់​គីឡូ ។

លោក​ប៊ុ​ន យោង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រមូល​ជញ្ជីង​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​ក្ដាម​ទាំងអស់​ឲ្យ​ពួក​គាត់​រួត​រះ​ប្រញាប់​យក​មក​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ថ្លឹង​គ្រឿង​សមុទ្រ​ដូច​ជា ត្រី បង្គា ក្ដាម លក់​ឲ្យ​ភ្ញៀវ​ហើយ​មិន​គ្រប់​គីឡូ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​សម្រាប់​ខេត្ត​កែប ។

លោក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​ពិតជា​មានរឿង​នេះ​កើត​មែន ប៉ុន្តែ​មិនជា​ទូទៅ​ទេ ព្រោះ​អ្នកលក់​ខ្លះ​មានគំនិត​មិនល្អ ។ លោក​ប៊ុ​ន យោង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ពេល​នេះ​ទៅ មាន​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សហការ​ជាមួយ​នគរបាល​ក្រុង​ចាប់​ត្រួតពិនិត្យ​ជញ្ជីង និង​បិត​សញ្ញា​សម្គាល់​ជញ្ជីង​ណា ដែល​បាន​ពិនិត្យ​រួច​ហើយ និង​ហាម​យក​ជញ្ជីង​តូច​យួរដៃ​មិន​ឲ្យ​មាន​ប្រើ​ឡើយ​នៅ​ផ្សារ​ក្ដាម ។

ខណៈ​ពេល​កំពុង​ប្រកាស​ហៅ​អាជីវក​លក់ដូរ​នៅ​ផ្សារ​ក្ដាម​ឲ្យ​យក​ជញ្ជីង​មក​ពិនិត្យ ស្រាប់តែ​ជនជាតិ​ចិន​ម្នាក់​ទិញ​បង្គា​មួយ​គីឡូ​មក​ស្ងោរ ស្រាប់តែ​ស្ងោរ​ហើយ​បាត់​អស់​កន្លះ​គីឡូ តែ​ភ្លាម​ៗ​នោះ​លោក​ប្រធាន​មន្ទីរ និង​នគរបាល​បាន​ជួប​ជនជាតិ​ចិន​រូប​នោះ​ទៅ​ដល់​កន្លែង​លក់ និង​ដកហូត​ជញ្ជីង​អ្នកលក់​បង្គា​នោះ​ឡើង ។

អាជីវក​ម្នាក់​ឈ្មោះ អាល់​ហ្វា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ខ្មែរ​អី​ស្លា​ម​លក់​បង្គា ត្រី និង​ក្ដាម​និយាយ​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា ការ​ចុះ​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម​ពិតជា​មាន​សារៈសំខាន់​ណាស់ ទី​១- ឲ្យ​អ្នក​លក់ដូរ​ផ្សេង​ៗ​ថ្លឹង​របស់​ឲ្យ​ភ្ញៀវ​បាន​គ្រប់​គីឡូ ។

អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម​និយាយ​ថា ខ្លួន​គាត់​ជា​អ្នក​ត្រឹមត្រូវ​តាម​តម្លៃ តែ​មិនសូវ​ដាច់ តែ​អ្នក​ផ្សេង​លក់ដាច់​ជាង​គាត់ ដោយសា​តែ​ក្ដាម​មួយ​គីឡូ​គេ​ស៊ី​ភ្នែកជញ្ជីង​អស់​៤​ខាំ​រួច​ទៅ​ហើយ ។ អាជីវក​រូប​នេះ​សំណូមពរ​ឲ្យ​មន្ទីរ​ជំនាញ និង​នគរបាល​ខេត្ត និង​ក្រុង​បន្ត​ធ្វើការ​រឿង​ជញ្ជីង​នេះ​រហូត ។

លោក​វរៈសេនីយទោ ភោគ សំ​អុ​ន ប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍ និង​ប្រធាន​ក្រុមចំរុះ​នគរបាល​ខេត្ត​ការពារ​ផ្សារ​ក្ដាម​និយាយ​ថា លោក​ឧត្តមសេនីយ​ស្នងការ​នគរបាល​ខេត្ត​កែប​លោក​បាន​ដាក់​បទបញ្ជា​រួច​ហើយ នគរបាល​ត្រួតពិនិត្យ​រឿង​ជញ្ជីង​ថ្លឹង​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម​ថ្លឹង​ឲ្យ​ភ្ញៀវ​មិន​បាន​គ្រប់​គីឡូ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប ។

លោក​ប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជញ្ជីង​អាជីវករ​លក់ដូ​នៅ​ផ្សារ​ក្ដាម​ចំនួន​៨០០ ត្រូវ​បាន​ពិន​ត្យ និង​ជញ្ជីង​មិន​ប្រក្រតី​ចំនួន​៦​ត្រូវ​បាន​ដក​ពី​អាជីវក​រហើយ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ