ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ន ម៉ា​លី​ណែ​ត ថា «​កុំ​ថា​ខ្ញុំ​អាហ្វ្រិក ខ្មែរ​សុទ្ធ​សាធ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​នី​ន ម៉ា​លី​ណែ​ត បាន​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខភាព​ក្នុង​ការ​ប្រកួត Miss World Cambodia 2019 ដោយសារ​តែ​នាង​មានធុរៈ​ចាំបាច់​ផ្ទាល់ខ្លួន…

រាជធានី​ភ្នំពេញ ៖​តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​នី​ន ម៉ា​លី​ណែ​ត បាន​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខភាព​ក្នុង​ការ​ប្រកួត Miss World Cambodia 2019 ដោយសារ​តែ​នាង​មានធុរៈ​ចាំបាច់​ផ្ទាល់ខ្លួន ។ ទន្ទឹម​នេះ​នាង​បាន​សម្តែង​ការ​សោកស្តាយ និង​សុំ​ទោស​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ទាំងអស់​ចំពោះ​ការ​ដកខ្លួន​ចេញពី​កម្មវិធី​ប្រកួត​ដ៏​ធំ​មួយ​នេះ ។

បើ​យោង​តាម​ការ​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​អតីត​បេក្ខជន Cambodia’s Next Top Model នី​ន ម៉ា​លី​ណែ​ត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បញ្ជាក់​ថា នាង​សុំ​ដក​បេក្ខភាព​ក្នុង​កម្មវិធី​ប្រកួត Miss World Cambodia 2019​ដោយសារ​នាង​ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស​ពុំ​អាច​អាក់ខាន​បាន​នៅ​ក្នុង​ខែ​នេះ​។ នាង​បន្ថែម​ថា «​នាង​ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​មិន​បាន​ចូលរួម​ជាមួយនឹង​កម្មវិធី​ប្រកួត​មួយ​នេះ ។

អាស្រ័យ​ហេតុនេះ​នាង​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត ពុក​ម៉ែ​បងប្អូន​អ្នកគាំទ្រ និង FC របស់​នាង​ខ្ញុំ​ទាំងអស់​គ្នា​ផង​ដែរ ។ នាង​ខ្ញុំ​សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន និង FC របស់​នាង​ខ្ញុំ​ទាំងអស់​នឹង​នៅ​តែ​បន្ដ​ការ​គាំទ្រ​រូប​នាង​ខ្ញុំ​ជា​រៀង​រហូត​»​។

អតីត Cambodia’s Next Top Model នី​ន ម៉ា​លី​ណែ​ត មាន​សម្បុរ​ខ្មៅ មុខមាត់ រូបរាង​បែប​ជនជាតិ​អាហ្វ្រិក ។ នាង​ទទួល​បានការ​ងារ​ច្រើន​ក្នុង​អាជីព​សិល្បៈ ខណៈ​នាង​ក៏​ជា​និស្សិត​ខាង​ផ្នែក​ដេ​គ័​រ​ផង​ដែរ ។ រវល់​នឹង​ការ​សិក្សា​ពិតមែន តែ​នាង​នៅ​តែ​ឆ្លៀត​ចំពោះ​អាជីព​សិល្បៈ ព្រោះតែ​នាង​ស្រលាញ់​តាំងពី​តូច​មក ។

ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូ​ដ នី​ន ម៉ា​លី​ណែ​ត គិត​ថា ជា​អ្នកសិល្បៈ​មួយ​រូប​មិន​គួរ​ចេះ​តែ​មួយ​មុខ​ទេ ដូច្នេះ​បើ​មានឱកាស​នាង​ត្រូវ​តែ​ចាប់​អាជីព​សម្ដែង​ថែម​ទៀត ។ ម៉ា​លី​ណែ​ត លើក​ឡើង​ថា ​មជ្ឈ​ដ្ឋាន​ជា​ច្រើន​តែងតែ​ច្រឡំ​ថា​នាង​ជា​ជនជាតិ​អា​មេ​រិ​ក ឬ​អាហ្វ្រិក ប៉ុន្តែ​ការណ៍​ពិត​នាង​ជា​ជនជាតិ​ខ្មែរ​សុទ្ធសាធ គឺ​ខ្មែរ​ទាំង​ឪពុក ទាំង​ម្ដាយ​រស់នៅ​រាជធានី​ភ្នំពេញ ។ ដោយសារ​តែ​នាង​មាន​ត្រេ​មុខ​ដូច​កូនកាត់​អាហ្វ្រិក​ក​បែប​នេះ ហើយ​ទើប​នាង​ពិបាក​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ដែល​នាង​ស្រលាញ់ និង​មាន​ទេព​កោសល្យ​ខ្ពស់​។ ពោល​គឺ​ផលិតករ​ជា​ច្រើន​មិនសូវ​ចាប់អារម្មណ៍​ទម្រង់​មុខ​របស់​នាង​ឲ្យ​ថត​ភាពយន្ត​ទេ ។ សម្រាប់​អាជីព​បង្ហាញ​ម៉ូ​ដ គឺ​នាង​កំពុង​តែ​ត្រូវប៉ាន់ និង​លេចធ្លោ ។

នី​ន ម៉ា​លី​ណែ​ត ថា នាង​មិនតូច​ចិត្ត​ទេ​បើ​ទោះបី​នាង​ជា​ជនជាតិ​ខ្មែរ តែ​មាន​ទម្រង់​មុខជា​ជនជាតិ​ស្បែក​ខ្មៅ ពោល​គឺ​នាង​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​នាង​នឹង​ប្រឹង​ពង្រឹង​អាជីព​បង្ហាញ​ម៉ូ​ដ​បន្ថែម​ទៀត ។

នី​ន ម៉ា​លី​ណែ​ត ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​៧​នាក់ នាង​បាន​បោះ​ជំហាន​ប្រឡូក​សិល្បៈ​តាម​រយៈ​កម្មវិធី​«​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​»​របស់​CTN ដែល​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល​ជម្រុះ​ជាមួយ​បេក្ខភាព​រាប់​ពាន់​នាក់​រហូត​ឈាន​ដល់​វគ្គ​TOP 5 ។ បច្ចុប្បន្ន​នាង​ជា​តារា​បង្ហាញ​ម៉ូ​ដស​នៅ​ក្នុង​ក្រុម Cambodia nextopmodel ដែល​កំពុង​លេចធ្លោ​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូ​ដ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ