ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​កម្ពុជា​ មាន​ទឹកមាត់​លេប​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា ឈ្នះ​មេដាយមាស​ដល់​ទៅ​៦​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ពី​ការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា Arnis នៅ​សាធារណរដ្ឋ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា ឈ្នះ​មេដាយមាស​ដល់​ទៅ​៦​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ពី​ការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា Arnis នៅ​សាធារណរដ្ឋ កូរ៉េ និង​បន្ទាប់​ពី​វិញ្ញាសា​បញ្ចេញ​ក្បាច់គុន​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិកា​រ​ណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ ហាក់​ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ក្ដី​រំពឹង​របស់​កម្ពុជា​លើ​វិញ្ញាសា​ល្បុកត្តោ​នេះ ស្រប​ពេល​ដែល​ក្បាច់គុន​នេះ ត្រូវ​បាន​គ្រូបង្វឹក​បញ្ជូន​សិស្ស​ដែល​ជា​ធនធាន​ឲ្យ​ត្រៀមខ្លួន​ច្បាស់​លាស់ តាំងពី​មុន​ឈ្នះ​និង​ក្រោយ​ឈ្នះ​មេដាយ
មាស​រហូត​មក​ដល់​បច្ចុប្បន្ន ។

អ្នក​ឃ្លាំមើល​យល់​ឃើញ​ដូច​គ្នា​ថា ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​កាន់តែ​បង្ហាញ​ភាព​លេច ធ្លោ​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​ប្រទេស ដែល មាន​កីឡា​ក្បាច់គុន​ខ្លាំង​ៗ​នៅ​ក្នុង​តំបន់​អាស៊ី​។ ការ​យល់​ឃើញ​នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្ពុជា​ចូលរួម​ប្រកួត Pre-SEA Games លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែល​ជា​ក្បាច់គុន​វប្បធម៌​ប្រពៃណី​របស់​ហ្វ៊ី​លី​ពី​ន​មុន​នេះ ហើយ​ឈ្នះ​មេដាយមាស​ដល់​ទៅ​៦ ជូន​ជាតិ ។ ការ​ប្រកួត​នេះ ក៏​ទើបតែ​បញ្ចប់​ក្ដៅ​ៗ ដែល​មិន​ខុស​ពី​សញ្ញា​ល្អ​ឬ​ក្ដី​សង្ឃឹម​មួយ​របស់​វិញ្ញ​សា​នេះ​នៅ​ស៊ី​ហ្គេ​ម ។

កីឡា Arnis ខុស​ពី​វិញ្ញាសា​ដំបង​ខ្លី​ក្នុង​គុន​ល្បុក្កតោ ដោយសារ​តម្រូវ​ឲ្យ​កីឡាករ​ស្លៀក ពាក់​ខោអាវ និង​មួក ការពារ​ដងខ្លួន​និង​ក្បាល​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​របួស ឬ​គ្រោះថ្នាក់​ផ្សេង​ៗ ពី​ការ​វាយ​របស់​កីឡាករ​ដែល​មាន​ដំបង​ខ្លី​រៀង​ៗ ខ្លួន ។ ក្រោយ​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិត ស្វា​ញ ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ដណ្តើម បាន​មេដាយមាស​ចំនួន​៦ ដែល​ជួយ​ឲ្យ​កម្ពុជា​មាន ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ការ​ប្រកួត​នេះ ។

មេដាយមាស​ទាំង​៦​នេះ​រកបាន​ម្នាក់​មួយ ដោយ កីឡាការិនី ខៀវ ចិន្តា​រ័​ត្ន​, យស់ សញ្ច​នា​, ពេជ្រ ពន្លឺ​, សុខ ប៊ុ​ន​យ៉ុ​ង​, មឿ​ន ប៊ុ​ន​លី និង ឈឹ​ម សីលា ខណៈ​ដែល​សមាសភាព​ជា​ធនធាន​ទាំងនេះ ក៏​បាន​ត្រៀមខ្លួន​ខ្លាំង​ឡើង​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​ចុងឆ្នាំ​នេះ ។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ថ្លែង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ទទួល​ជោគជ័យ​បែប​នេះ ដោយសារ​ពួក​គេ​មាន​ទុន​ស្រាប់​ក្នុង​គុន​ល្បុក្កតោ ។ ម្យ៉ាងទៀត ពួក​គេ​បាន​ហ្វឹកហាត់ ពង្រឹងសមត្ថភាព​ត្រៀម​ការ​ប្រកួត​នេះ​អស់ រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ ។ តាម​រយៈ​ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​កម្ពុជា​មាន​រំពឹង​ខ្ពស់​សម្រាប់ ការ
ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

លោក​បន្ត​ថា សម្រាប់​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ ប្រទេស​ដែល​កម្ពុជា​ត្រូវ​ប្រឈម​ជាមួយ​ដូច​ជា​វៀតណាម និង​មី​យ៉ា​ន់​ម៉ា ក្រុម​កម្ពុជា​មិន​បារម្ភ​ទេ ដោយ​លោក​សង្ឃឹមថានឹង ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ​ផង ។ ដោយសារ​កីឡាករ​កីឡាការិនី កម្ពុជា
មាន​មូលដ្ឋាន​គ្រឹះ​ពី​ក្បាច់​គុនដំបង​ល្បុក្កតោ រួច​ជា​ស្រេច ដូច្នេះ​វា​មិន​ពិបាក​ទេ​សម្រាប់​ការ​បត់បែន​តាម​វិញ្ញាសា​ស៊ី​ហ្គេ​ម ។

នេះ​ជា​ការ​បង្ហាញ​ក្តី​រំពឹង​របស់​លោក អ៊ូ តារា ដែល​បាន​ដឹកនាំ​ក្រុម​ល្បុក្កតោ​ទៅ​ចូលរួម​ការ​ប្រកួត​នេះ ។ លោក​លើក​ឡើង​បែប​នេះ គឺ​ដោយ សារ​តែ​ការ​ប្រកួត​ដែល​កម្ពុជា​ទើបបាន​មេដាយ​ក្ដៅ​ៗ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​មាន​កីឡា ករ​កីឡាការិនី​មក​ពី​៤​ប្រទេស​ចូលរួម​មាន កម្ពុជា ហ្វ៊ី​លី​ពី​ន វៀតណាម និង​មី​យ៉ា​ន់​ម៉ា ហើយ​កម្ពុជា​លេចធ្លោ​ជាងគេ ខណៈ​ដែល​ហ្វ៊ី​លី​ពី​ន​នៅ​តែ​រក្សា​វិញ្ញាសា​នេះ​សម្រាប់​ស៊ី​ហ្គេ​ម​ដដែល ។ លោក​ថ្លែង​ថា ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ ក៏​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា Arnis របស់​ហ្វ៊ី​លី​ពី​ន​ដែរ ទើប​រឹតតែ​ជា​បទ​ពិសោធន៍​មាន​ស្រាប់​របស់​ក្រុម​កម្ពុជា ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ដែរ ថា នឹង​បញ្ជូន​ប្រភេទ​ក្បាច់គុន​ល្បុកត្តោ ដែល​ជា​វិញ្ញាសា​មួយ​ក្នុង​ចំណោម​៣០​វិញ្ញាសា​ឲ្យ​ចូល រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​នា​ឆ្នាំ​នេះ ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅពី​​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០១៩ ។

កម្ពុជា​រំពឹង​ថា ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ ខ្លួន​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន​ផង​ដែរ បន្ទាប់​ពី​រំពឹង​លើ​ប្រភេទ​កីឡា​របស់​កម្ពុជា​ដែល​ទើប​មាន​សក្តានុពល​ថ្មី​ៗ និង​ត្រូវ​បាន​គេ​ជឿ​ថា នឹង​ជួយ​ដណ្ដើម​យក​មេដាយ​បន្ថែម​ពីលើ​វិញ្ញាសា​មួយ​ចំនួន​ដែល​ធ្លាប់​បាន​មេដាយ​ស្រាប់ ។ ការ​រំពឹង​នេះ គឺ​បន្ទាប់​ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ កម្ពុជា​ដណ្តើម​​បាន​មេដាយមាស​៣ ប្រាក់​២ និង សំរឹទ្ធិ​១២ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ