ការសន្សំលុយក្នុងសង្គមបច្ចុប្បន្នមិនមែនជារឿងងាយស្រួលទេ ដែលធ្វើឲ្យមនុស្សភាគច្រើនមិនហ៊ានពិនិត្យមើលលុយក្នុងគណនីខ្លួននៅចុងខែ ។ តើមូលហេតុអ្វីបានជាបង្កឲ្យមាននិន្នាការនេះកើតឡើង ? មូលហេតុទូទៅដែលមនុស្សភាគច្រើនជួបប្រទះ គឺបញ្ហាទម្លាប់ខ្ជះខ្ជាយមិនល្អដែលប្រៀបដូចជា កំពុងដុតកម្ទេចលុយចោលជារៀងរាល់ខែ ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលកំពុងរឹបអូសលុយសន្សំរបស់អ្នកបន្តិចម្តងៗ ៖
១. អ្នកចូលចិត្តទិញទំនិញថោកៗ៖
មនុស្សតែងតែគិតថាពួកគេកំពុងតែសន្សំលុយពេលដែលពួកគេទិញទំនិញថោកៗ ដូចជាសម្លៀកបំពាក់ ឬឧបករណ៍ប្រើប្រាស់ក្នុងផ្ទះថោកៗជាដើម ។ ប៉ុន្តែគំនិតនេះគឺស្ទើរតែខុសទាំងស្រុង ព្រោះអ្នកកំពុងតែលះបង់គុណភាពដើម្បីសន្សំថវិកាបន្តិចបន្តួច ។ ការធ្វើដូច្នេះមានតែធ្វើឲ្យអ្នកត្រូវចាយវាយកាន់តែច្រើននៅថ្ងៃអនាគតប៉ុណ្ណោះព្រោះទំនិញទាំងនោះមិនអាចប្រើបានយូរឡើយ ។
២. អ្នកចូលចិត្តទិញទំនិញបញ្ចុះតម្លៃ៖
ឲ្យតែមើលឃើញផ្លាកបញ្ចុះតម្លៃ មនុស្សភាគច្រើនតែងតែទិញទំនិញទាំងនេះទោះខ្លួនមិនត្រូវការវាក៏ដោយ ។ ត្រូវដឹងថាពេលដែលអ្នកទិញទំនិញបញ្ចុះតម្លៃ អ្នកកំពុងតែចំណាយបន្ថែម មិនមែនចំណេញទេប្រសិនបើអ្នកមិនត្រូវការវា ។
៣. អ្នកឧស្សាហ៍ដកលុយពីគណនីសន្សំ៖
អ៊ីនធើណេតបានផ្តល់ភាពងាយស្រួលក្នុងការឲ្យមនុស្សឆែកមើលលុយក្នុងគណនី និងផ្ទេរលុយពីគណនីមួយទៅគណនីមួយទៀត ។ ភាពងាយស្រួលនេះក៏ជំរុញដល់មនុស្សឲ្យកាន់តែចំណាយច្រើនដែរព្រោះពួកគេតែងតែដឹងថាពួកគេមានលុយដែលអាចចាយវាយបាន ។
៤. អ្នកមិនរង់ចាំ ៣០ថ្ងៃមុនពេលសម្រេចចិត្តទិញទំនិញថ្លៃៗ៖
មនុស្សមួយចំនួនមានទម្លាប់ទិញទំនិញតាមចិត្តចង់ ហើយពួកគេពូកែរកការដោះសារដើម្បីបញ្ជាក់ថាពួកគេពិតជាត្រូវការទំនិញទាំងនោះពិតមែន ។ ប៉ុន្តែទម្លាប់ទាំងនេះមានតែធ្វើឲ្យអ្នកខ្ជះខ្ជាយប៉ុណ្ណោះ ។ ដើម្បីជៀសវាងវា អ្នកគួរតែរង់ចាំប្រមាណ ៣០ថ្ងៃសិនមុននឹងធ្វើការសម្រេចចិត្តទិញវា ។ ប្រសិនបើកន្លងពេល ៣០ថ្ងៃហើយអ្នកមិនចង់ទិញវាទៀតទេ មានន័យថាវាមិនសំខាន់គ្រប់គ្រាន់ក្នុងការឲ្យអ្នកចំណាយថវិកាលើវាឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ