តូក្យូ ៖ តាមបណ្តាញព័ត៌មានរបស់ចិនផ្សាយថា ការលក់រថយន្តនាំចូលថ្មីនៅក្នុងប្រទេសជប៉ុនក្នុងខែមេសា កន្លងមកនេះ បានធ្លាក់ចុះ២៤,៤% ស្មើនឹង១៥.៥៧៨គ្រឿង ក្នុងនោះរាប់បញ្ចូលទាំងរថយន្តដែលផលិតនៅក្រៅស្រុកដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ។
សមាគមនាំចូលរថយន្តរបស់ជប៉ុនបានឱ្យដឹងថា ការលក់រថយន្តយីហោបរទេសបានធ្លាក់ចុះ២០,៦% ស្មើនឹង១២.៩១៥គ្រឿង ខណៈយីហោជប៉ុនផលិតក្រៅស្រុក ធ្លាក់ចុះ៣៨,៤%ស្មើនឹង២.៦៦៣គ្រឿង ។ រីឯយីហោបរទេសលំដាប់កំពូលដែលលក់ដាច់ជាងគេ ក្នុងអំឡុងពេលនោះ រួមមានយីហោធំៗទាំង៣របស់អាល្លឺម៉ង់គឺ Volkswagen, Mercedes Benz និង BMW ហើយ Volkswagen លក់បាន២.៨៥៣គ្រឿង ធ្លាក់ចុះ២១,៣% ធៀបនឹងខែមុន ចំណែកភាគហ៊ុនលើទីផ្សារស្មើនឹង១៨,៣១% ដែលនៅតែឈរក្នុងលំដាប់កំពូល។ ដោយឡែក Mercedes-Benz ធ្លាក់ចុះ១៥,៨% ស្មើនឹង២.៣៥២គ្រឿង ដែលតាមពីក្រោយដោយ BMW លក់បាន១.៦១៤គ្រឿង ធ្លាក់ចុះ៣៥,៧% ។
ក្នុងចំណោមយីហោក្នុងស្រុករបស់ជប៉ុនវិញ Nissan លក់ធ្លាក់ចុះ៣៨,២% ស្មើនឹង១.៣៩៦គ្រឿង ខណៈ Toyota ធ្លាក់ចុះ១៨,៣% ស្មើនឹង៩៥២គ្រឿង ៕
ចែករំលែកព័តមាននេះ