ខេត្តឧត្តរមានជ័យ ៖ បាតុភូតធម្មជាតិដ៏ចង្រៃមួយបានរំខានដល់ពិធីភ្ជាប់ពាក្យកូនកំលោះកូនក្រមុំ ខណៈមេឃកំពុងធ្លាក់ភ្លៀង ។ រន្ទះបានបាញ់ឪពុកនិងកូនប្រុសជាប្អូនបង្កើតរបស់កូនកំលោះ បណ្តាលឱ្យសន្លប់ទាំង២នាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ តុលា ខណៈកំពុងតែធ្វើពីធីភ្ជាប់ពាក្យកូននៅក្នុងលំនៅឋានខាងស្រី ។
ហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិព្រះប្រឡាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ ជនរងគ្រោះឪពុកឈ្មោះ អិុន អឿន ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសស្រាលនិងកូនប្រុសឈ្មោះ អេន មេសា អាយុ១០ឆ្នាំ រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារនាំយកមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ។
ទាក់ទិននឹងគ្រោះធម្មជាតិដោយរន្ទះបាញ់នេះក្រុមគ្រួសារនឹងសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ក្រុមគ្រួសារកំពុងរៀបចំពិធីភ្ជាប់ពាក្យកូនប្រុសស្រី ក្នុងខណៈនោះផ្ទៃមេឃមានពពកពណ៌ខ្មៅដេរដាស ។ ក្រោយមកក៏មានធ្លាក់ទឹកភ្លៀងលាយឡំទៅដោយរន្ទះបាញ់ ត្រូវជនរងគ្រោះទាំងពីរនាក់ឪពុកនឹងកូន បណ្តាលឱ្យសន្លប់ទាំង២ក៏មានការឆោឡោឡើងនិងទូរស័ព្ទហៅរថយន្តពេទ្យមកដឹកយកទៅសង្គ្រោះ ។
គ្រូពេទ្យបង្អែកស្រុកអន្លង់វែងបានឱ្យដឹងថា ជនរងគ្រោះដោយគ្រោះធម្មជាតិរន្ទះបាញ់ទាំងពីរនាក់ឪពុកនិងកូននោះ បន្ទាប់ពីបានដឹកយកមកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យស្រុកអន្លង់វែងត្រូវបានគ្រូពេទ្យធ្វើការសង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ ៕
ចែករំលែកព័តមាននេះ