ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ជាឪពុកបានរងរបួសធ្ងន់ធ្ងរត្រូវបានគេប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈឈ្លោះប្រកែកគ្នាតិចតួចពីរឿងដីធ្លី ស្រាប់តែត្រូវជនសង្ស័យជាកូនកាប់ប្រហារ បណ្តាលឲ្យរងរបួស តែម្តង ហើយត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗ ។
ដោយសារតែប្រើប្រាស់គ្រឿងញៀនរហូតដល់បែកថ្នាំ លែងដឹងខុសត្រូវ លុះខឹងឪពុកតិចតួចរឿងដីធ្លីក៏ទាញកាំបិតកាប់រងរបួសតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលានេះ នៅចំណុចអូរខ្យង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាល ឲ្យឪពុករងរបួសធ្ងន់ ចំថ្ងាសរយះសាច់ដុំដៃស្តាំ ប្រអប់ដៃស្តាំ និងភ្លៅស្តាំ សរុបប្រហែលចំនួន១៨ថ្នេរ បន្ទាប់ពីទាស់ពាក្យសម្តីគ្នារឿងបញ្ហាចែកដីធ្លីកូនៗមិនស្មើគ្នា ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាន់ ផន អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ត្រូវជាឪពុកបង្កើត) ។ ចំណែកជនបង្កមាន ឈ្មោះ ភឹម ភ័ណ្ឌ អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាកូនបង្កើតមានសតិមិនគ្រប់ប្រើប្រាស់គ្រឿងញៀនបែកថ្នាំ) ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ