ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ័យ​75​ឆ្នាំ​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ពី​ជីវិត​រត់​ម៉ូតូឌុប​ចិញ្ចឹមជីវិត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ជា​រៀង​រាល់​ព្រឹក​នៅ​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ចេញពី​ផ្សា​ពាមជីកង​ក្នុង​ឃុំ​ពាមជីកង ស្រុក​កងមាស គេ​បានឃើញ​លោកតា​វ័យ​75​ឆ្នាំ​ចាប់​យក​អាជីព​ជា​អ្នក​រត់​ម៉ូតូឌុប​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​ចង់​ពិបាក​នោះ​ទេ​ប៉ុន្តែ​សម្រាប់​លោកតា​វិញ​ទោះបីជា​សុខភាព​ត្រូវ​ចុះ​ខ្សោយ​ក៏​នៅ​តែ​ប្រឹង​រត់​ម៉ូតូឌុប ដោយ​មិន​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត ។ លោកតា ស្រ៊ុ​ន ម៉ី​វ…

ខេត្តកំពង់ចាម ៖ ជា​រៀង​រាល់​ព្រឹក​នៅ​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ចេញពី​ផ្សា​ពាមជីកង​ក្នុង​ឃុំ​ពាមជីកង ស្រុក​កងមាស គេ​បានឃើញ​លោកតា​វ័យ​75​ឆ្នាំ​ចាប់​យក​អាជីព​ជា​អ្នក​រត់​ម៉ូតូឌុប​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​ចង់​ពិបាក​នោះ​ទេ​ប៉ុន្តែ​សម្រាប់​លោកតា​វិញ​ទោះបីជា​សុខភាព​ត្រូវ​ចុះ​ខ្សោយ​ក៏​នៅ​តែ​ប្រឹង​រត់​ម៉ូតូឌុប ដោយ​មិន​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត ។

លោកតា ស្រ៊ុ​ន ម៉ី​វ ដែល​ប្រកប​របរ​ម៉ូតូឌុប​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ​2019 ថា​គាត់​បាន​ចាប់ផ្ដើម​រត់​ម៉ូតូឌុប​នៅ​ក្នុង​អំឡុង​ឆ្នាំ​1990 គ្រានោះ​ផ្លូវថ្នល់​មិន​ទាន់​ត្រូវ​បាន​ជួសជុល​ឱ្យ​បាន​ស្អាត​នោះ​ទេ ។ ហើយ​ការ​ដឹក​អ្នកដំណើរ​ពី​ស្រុក​កងមាស មក​ក្រុង​កំពង់ចាម ឬ​ពី​ស្រុក​កងមាស មក​កាន់​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​ដើម្បី​រក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ដោយ​គាត់​មានកូន​ប្រុស​ម្នាក់​រួម​នឹង​ប្រពន្ធ ។ ក្នុង​ពេល​ដែល​គាត់​មាន​កម្លាំង​រឹង​មាំ​មួយ​ថ្ងៃ​រត់​ម៉ូតូ​ពីរ​ទៅ​បី​ជើង​ក៏​មាន​ដែរ ។

លោកតា ស្រ៊ុ​ន ម៉ូ​វ បាន​ប្រាប់​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​ជួសជុល​កំណាត់​ផ្លូវ​ពី​ស្រុក​កងមាស​រហូត​មក​ដល់​ក្រុង​កំពង់ចាម ត្រូវ​បាន​ក្រាល​កៅស៊ូ​ឡើង​រលោង​ងាយស្រួល​ជិះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ទើបតែ​បាន​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ។

សព្វថ្ងៃ​ក្នុង​វ័យ 75 ឆ្នាំ​ដោយពេល​ព្រឹក​ព្រលឹម​ត្រូវ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​មាត់ទន្លេ​ជិត​ផ្សារ​ពាមជីកង​ឆ្ពោះ​មក​កាន់​ក្រុង​កំពង់ចាម​ដើម្បី​ទិញ​គុយទាវ​នំប៉័ង​ឬ​របស់របរ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​ភូមិ​ផ្ញើ​ឱ្យ​ទិញ​។ ក្រោយ​ពី​បាន​សម​ល្មម និង​កម្លាំង​របស់​គាត់​ត្រូវ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​កាន់​ផ្ទះ ហើយ​នៅ​តាម​ដងផ្លូវ​គាត់​បាន​ចុះ​ដាក់​របស់របរ​មួយ​ចំនួន​ឱ្យទៅ​គេ​ដែល​បាន​ផ្ញើ​ឱ្យ​ទិញ​សម្រាប់​កម្រៃ​វិញ​បាន​ពីរ​ទៅ​បី​ពាន់​រៀល​។

ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ចោល​ជាង​10​ឆ្នាំ​មក​ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​គាត់​ពោះម៉ាយ មានកូន​ប្រុស​ម្នាក់​វ័យ​ជាង 40 ឆ្នាំ​ចំណែក​កូនប្រសា​ស្រី​មាន​របរ​លក់ដូរ​ដោយ​ធ្វើ​បបរ​លក់​នៅ​ផ្សារ​ពាមជីកង រាល់​ព្រឹក​ប៉ុន្តែ​សុខភាព​មិន​មាំទាំ​នោះ​ទេ ។ មាន​អ្នកខ្លះ​ដែល​បាន​ស្គាល់​លោកតា​ហើយ​ក៏​ប្រាប់​ថា ស្ថិត​នៅ​ក្នុង​វ័យ​បែប​នេះ​ទៅ​ហើយ​គួរតែ​ឈប់​រត់​ម៉ូតូឌុប​ទៅ​សម្រាក​នៅផ្ទះ​ប្រសើរ​ជាង ។ សព្វ​ថ្ងៃនេះ​ទោះបីជា​កម្លាំង​ចុះ​ខ្សោយ​ក៏​គាត់​នៅ​តែ​ខំប្រឹង​ប្រែង​ដើម្បី​រក​លុយ​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រសិនណាបើ​មិន​រក​ទេ​នោះ​មិន​មាន​ថវិកា​សម្រាប់​ចាយវាយ​នោះ​ទេ ។

និយាយ​បណ្ដើរ​ភ្នែក​ទាំង​ទ្វេ​ហាក់បីដូចជា​ចង់​ស្រក់​ទឹកភ្នែក លោកតា​បាន​ពោល​ថា គាត់​ត្រូវ​តែ​តស៊ូ​រហូត​ដល់​ជីវិត​ចុង​ក្រោយ​បើសិន​ថ្ងៃ​ណាមួយ​យ៉ាងម៉េច​យ៉ាង​ម៉ា​ក៏​បែប​នោះ​ទៅ​។ សម្រាប់​គុយទាវ​គាត់​ទិញ​ពី​គេ​នៅ​ក្រុង​កំពង់ចាម យក​មក​លក់​បន្ត​នៅ​ស្រុក​កងមាស​ដោយ​ក្នុង 1​គីឡូក្រាម​ចំណេញ​បាន 500 រៀល​រួម​ផ្សំ​នឹង​របស់របរ​ដែល​គេ​ផ្ញើ​ផ្សេង​ៗ​ទៀត​គាត់​អា​ចរក​កម្រៃ​បាន​ក្នុង​មួយ​ថ្ងៃ​ប្រមាណ 3 ទៅ 4 ម៉ឺន​រៀល​ផង​ដែរ ។

លោកតា​បាន​អះអាង​ថា បើសិនជា​គាត់​នៅផ្ទះ​ដោយ​មិន​ធ្វើ​អ្វី​សោះ​សុខភាព​របស់​គាត់​មិន​អំណោយផល​នោះ​ទេ​គឺ​នឹង​ត្រូវ​ឈឺ​ជាក់​ជា​មិន​ខាន​តែបើ​សិន​បាន​ចេញ​ទៅ​រត់​ម៉ូតូឌុប​ដឹក​ទំនិញ​ឲ្យ​គេ​នោះ​សុខភាព​របស់​គាត់​ហាក់បីដូចជា​ធម្មតា​វិញ ។

លោកតា លី​ម ឃី វ័យ​72​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​លោកតា​រត់​ម៉ូតូឌុប​ប្រាប់​ថា បងថ្លៃ​របស់​គាត់​បាន​ចាប់​យក​អាជីព​រត់​ម៉ូតូឌុប​នេះ​មិន​តិច​ឆ្នាំ​នោះ​ទេ តាម​ការ​កត់សម្គាល់​មើលទៅ​មិន​ដែល​ស្រណុក​ដូច​អ្នក​ដទៃ​ឡើយ គឺ​ពេល​ព្រឹក​ត្រូវ​ប្រញាប់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ស្រុក​កងមាស​ឆ្ពោះទៅ​ក្រុង​កំពង់ចាម ដើម្បី​ទិញ​គុយទាវ និង​របស់របរ​មួយ​ចំនួន​ទៀត​ដែល​គេ​ផ្ញើ​ឱ្យ​ទិញ ។

ជា​ញឹកញាប់​នៅ​ពេល​ដែល​បងថ្លៃ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ពេល​ណា​ដែល​មាន​ម្ហូប​ឆ្ងាញ់​គាត់​ប្រើ​ឱ្យ​កូន​ៗ​ដួស​មួយ​ចាន​ទៅ​ឱ្យ​បងថ្លៃ​ពិសា​ដើម្បី​ឱ្យ​មាន​កម្លាំង ។ មាន​ពេល​ខ្លះ​មន្ត្រី​សាលាស្រុក​កងមាស បាន​ផ្ញើ​ឯកសារ​មួយ​ចំនួន​យក​ទៅ​ក្រុង​កំពង់ចាម គេ​បាន​ផ្ដល់​ថវិកា​ដោយ​ក្តី​អាណិត​ដោយសារ​តែ​ឃើញ​ចាស់​លើស​ពី​តម្លៃ​ផ្ញើរ​ធម្មតា​ក៏​មាន​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ