ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​ល្បែង​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ សង្វៀន​​បញ្ជល់​​មាន់​ដុះ​ស្លែ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​មេ.ស ឃុំ​ព្រែក​​​កុយ​ស្រុក​កង​មាស ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​​​ត្រី នួន សាមិន ​ស្នង​ការ​នគរ​បាល​ខេត្ត និង​លោក​វរ​សេនីយ៍​ឯក ជឹម ​សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​​ទទួល​​ផែន​​​កណ្តាល​យុត្តិ​ធម៌ បញ្ជា​ឱ្យ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចុះ​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​ជា​មួយ​នឹង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​ឃាត់​អ្នក​លេង​បាន​ចំនួន​៦​នាក់ និង​ដក​ហូត​បាន​វត្ថុ​តាង​មាន​មាន់​គក​ចំនួន​៣​ក្បាល​ ស៊ុម​ក្រុង​មាន់​ចំនួន​១០ និង​ម៉ូតូ​ចំនួន​១១​គ្រឿង ​បញ្ចូន​មក​កាន់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ។

តាម​លោក​វរ​សេនីយ៍​ត្រី មិន សុគន្ធ​វិបុល នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​​ឱ្យ​​​ដឹង​ថា ដោយ​មាន​សេច​ក្តី​រាយ​ការណ៍​ពី​មូល​ដ្ឋាន​​ថា នៅ​ភូមិ​មេ.ស ឃុំ​ព្រែក​កុយ ​មាន​បើក​សង្វៀន​បញ្ជល់​មាន់​ខុស​ច្បាប់ លោក​​ក៏​សុំ​គោល​ការណ៍​ពី​លោក​ស្នង​ការ​ និង​ស្នង​ការ​រង​ខេត្ត ដើម្បី​មាន​វិធាន​ការ​បង្ក្រាប ។ ​ក្រោយ​ពី​បាន​ទទួល​បញ្ជា​ពី​លោក​ស្នង​ការ​ខេត្ត​ហើយ​​នោះ​ រូប​​​លោក​បាន​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ ​ចុះ​ទៅ​បង្ក្រាប​នា​រសៀល​ថ្ងៃ​ទី​១៨ មីនា នោះ​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​​ផាន់ សុភ័ក្រ្ត ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ ។ ​

លោក​មិន សុគន្ធ​វិបុល បាន​ឱ្យ​ដឹង​​ទៀត​ថា តាម​ការ​ប៉ាន់​​ក្រុម​អ្នក​លេង​ដែល​មាន​គ្នា​​ប្រហែល​ជាង​១០០​នាក់​ឯ​ណោះ ​ដោយ​ពួក​គេ​​បាន​នាំ​គ្នា​រត់​កាត់​តាម​វាល​ស្រែ​​ប្រសាច​ ​​តែ​ត្រូវ​​​ដេញ​ព័ទ្ធ​ចាប់​បាន​ចំនួន​៦​នាក់ រួម​មាន​ ១-ឈ្មោះ​​ជាង សុភ័ក្រ្ត ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ រស់​នៅ​​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ​២-ឈ្មោះ​ថាំ សុំ ភេទ​ប្រុស ​រស់​នៅ​​សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ រាជ​ធានីភ្នំពេញ ​៣-ឈ្មោះ​ទន់ គាន​ហួត ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ នៅ​ភូមិ​វាល​ធ្នង់ ​ឃុំ​បុស​ខ្នុរ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ៤-ឈ្មោះ​​ហេង រ៉ាវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​រកា​កោង​ទី​១ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ៥-ឈ្មោះ​ឈិត ​ភាង ភេទ​ប្រុស អាយុ​៣៨ឆ្នាំ រស់​នៅភូមិ​កង​តា​ណឹង ឃុំ​កង​តា​ណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ៦-ឈ្មោះ​ស៊ុន រ៉េន ភេទ​ប្រុស អា​យុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ផ្តៅ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។

លោកវរសេនីយ៍​ត្រី មិន សុគន្ធវិបុល បាន​បញ្ជាក់ថា ក្រោយពីក្រុមអ្នកញៀននឹងល្បែង​បញ្ជល់​មាន់​រត់បែកខ្ញែកគ្នា​នោះ ចំពោះវត្ថុ​តាង​នៅនឹងសង្វៀន​​គឺ​រឹបអូសបានម៉ូតូចំនួន១១​គ្រឿង ស៊ុម​ក្រុងមាន់ចំនួន១០ និងមាន់គកចំនួន​​៣​ក្បាល បញ្ជូនមកកាន់ស្នងការដ្ឋាន​នគរ​បាលខេត្ត​ និងកសាងសំណុំរឿង​បញ្ជូន​ទៅឲ្យលោក​ព្រះរាជ​អាជ្ញាចាត់​ការតាម​ច្បាប់ ។ ចំពោះ​សកម្មភាពបង្រ្កាបល្បែងស៊ីសងត្រូវ​បាន​​កត់សំគាល់ឃើញថា បាននិង​កំពុង​ធ្វើ​ឡើង​​ប្រៀប​បាន​ភ្លៀងរលឹម​ដោយមិនដកដៃទេ សំដៅ​ធ្វើយ៉ាងណាឲ្យភូមិ-ឃុំមាន​សុវត្ថិ​ភាព មិនមាន​ចោរ​លួចចោរប្លន់ដែលកើតចេញ​មក​ពីប្រភព​ល្បែង​ស៊ីសងនេះ ៕