ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សាកសព​​បុរស​​២នាក់​​​ សមត្ថកិច្ច​​សង្ស័យ​​ជាការ​​សម្លាប់ដោយគំនុំ

15 ឆ្នាំ មុន

​ខេត្តក្រចេះ​ ៖ ​សាកសព​បុរស​ពីរនាក់​ ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​ក្បែរ​ភូមិ​​ដោយ​​នៅលើ​​​សព​​មានស្នាម​កាប់ និង​វាយ​ជាច្រើន​កន្លែង ហើយ​ត្រូវសមត្ថកិច្ច​​​​​ធ្វើការ​​​សន្និដ្ឋាន​ថា ​​ការ​ស្លាប់​​​របស់ជនរងគ្រោះជា​ករណី​​ឃាត​កម្ម ។ ​ក្រោយពី​​​ចុះធ្វើ​​​ការ​ស្រាវជ្រាវ​​​រយៈ​ពេល​​​៣ថ្ងៃ​​ក្រោយ​មក​​​ ប៉ូលិស​​​បាន​​ឃាត់ខ្លួន​​ជន​​ម្នាក់​មក​ធ្វើ​ការ​​សួរនាំ​​ដោយសង្ស័យ​​​ថា អាច​មានជាប់​ពាក់​ព័ន្ធ​​​​​ក្នុងករណីនេះ ។​

មន្ត្រី​​ប៉ូលិស​​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​បាន​​​ឱ្យ​​ដឹង​​កាលពីថ្ងៃទី​​​៥ មីនា ថា ​សព​​បុរស​​រង​គ្រោះ​​ត្រូវបានគេប្រទះឃើញ​​​​កាល​ពីយប់ថ្ងៃទី​​​២៨ កុម្ភៈ នៅចំណុច​​កាបី ​(​តំបន់​​​៤) ​ក្នុង​ភូមិ​សាស្ត្រ​​​ឃុំ​​​២​ធ្នូ ​ស្រុក​ស្នួល ​ដែលជា​​តំបន់​ពុំ​សូវ​មាន​​​ផ្ទះប្រជា​ពលរដ្ឋ​​​​​រស់នៅ​ច្រើន ។ ជនរងគ្រោះ​ទាំង​ពីរនាក់​​ត្រូវ​បាន​គេស្គាល់​​​​អត្តសញ្ញាណ​​​ថា ​​​ម្នាក់​​ឈ្មោះ​ប៊ុត ខ្មៅ ​អាយុ​​​២៧​ឆ្នាំ ​មានទីលំនៅ​​​​ក្នុង​ឃុំ​​​ត្រពាំង​​ផ្លុង ​ស្រុកពញាក្រែក ​ខេត្ត​កំពង់​ចាម ​​និង​ម្នាក់ទៀត​​ឈ្មោះ​​​សាត ​អាត ​​អាយុ​​​២៥​ឆ្នាំ ​មានទី​លំនៅ​ភូមិ​កន្ទួត ឃុំ​កោង​កាង ​ស្រុក​ពញា​​ក្រែក ​ខេត្ត​​កំពង់ចាម ​តែ​​​ទាំង​​២​​នាក់​បាន​មក​ធ្វើជា​កម្មករ​រថយន្ត​​ដឹកដំឡូង​ ​និង​រស់នៅ​​ចំណុច​​កើតហេតុខាងលើ​ ។​

​មន្ត្រី​​ប៉ូលិស​​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​​​ខេត្ត​បាន​ឱ្យ​​​ដឹង​ថា ​ឆ្លង​តាម​ការចុះស្រាវជ្រាវ​​​ឃើញ​ថា កាល​ពីថ្ងៃ​​កើតហេតុ​​​ ជនរងគ្រោះទាំង​​២នាក់​ និងមិត្ត​ភក្តិ​​បានផឹកស្រា​​ស្រាវឹង​​​ជោកជាំ រហូត​ដល់​​យប់​​ក៏នាំគ្នា​ទៅដេកនៅ​ផ្ទះមិត្ត​ភក្តិ​​​ម្នាក់ទៀត ​ហើយ​​ទៅដល់​ផ្ទះ​​មិត្តភក្តិ​​នោះ​ជនរងគ្រោះ​​ទាំង​​២​​នាក់​ជាមួយនឹង​​ម្ចាស់​ផ្ទះ​បានប្រកែកគ្នា​​​ពីរឿងបាត់​ឈើ ​ដោយជនរងគ្រោះ​​ទាំង​​២​​ចោទ​ថា ម្ចាស់​ផ្ទះ​​នេះ​លួច​ឈើរបស់គេ​​​ ។ ​ក្រោយ​​​ពីការ​​ប្រកែក​​​​គ្នា​រួច​​មក ជនរងគ្រោះ​​​ និងម្ចាស់ផ្ទះ​បាន​និយាយ​​​​គ្នា​លេង​ធម្មតា ​ហើយក៏​មិន​បានដេក​​នៅ​ផ្ទះ​​នោះ​ដែរ ​ដោយនាំគ្នា​​ដើរត្រឡប់​​មកវិញ​ទាំង​សភាព​​ស្រវឹង​ឈ្ងោក​មុខ ។

ប្រភពដដែល​​បាន​​ឱ្យ​​​ដឹង​​​ទៀត​ថា ​បន្ទាប់​ពី​ពួកគេទាំង​​​២ន​ាក់​ដើរ​ត្រឡប់មក​វិញ ក៏​​​បាត់​​​ដំណឹង​ឈឹង​ទៅ​ ​លុះស្អែក​​ឡើង​ក៏ឃើញ​​​​ជន​រង​គ្រោះ​ទាំង​​ពីរនាក់​​​​​ស្លាប់ក្នុង​​ព្រៃ​​​ក្បែរ​ភូមិ ​​ដោយ​នៅ​លើ​រាង​កាយ​​​​​មាន​​ស្នាម​​កាប់ និង​វាយ​​​ជា​ច្រើន​កន្លែង ។ សមត្ថកិច្ច​​សន្និដ្ឋាន​ថា ​ជនល្មើស​​អាច​មាន​គ្នា​​​ពីរ​នាក់​​​ធ្វើ​សកម្ម​ភាព​កាប់​ និង​វាយ​​ជន​រងគ្រោះ​​​​ដែលមានសភាពស្រវឹង​ដាប​ទៅហើយ​ ។​

លោក​​វរ​សេនីយ៍ត្រី​​ចាន់ សុខ​​គីម ​​នាយ​ការិ​យា​ល័យ​​​ប្រឆាំងបទល្មើស​​​ព្រហ្មទណ្ឌកម្រិត​​ធ្ងន់​​បាន​​ឱ្យ​​ដឹ​ងទៀត​ថា ​ក្រោយពេល​​កើតហេតុ ​​កម្លាំង​ប៉ូលិស​​បានចុះធ្វើ​ការ​ស្រាវជ្រាវ​​​ លុះ​ដល់​ថ្ងៃ​ទី​​​​​៣ មីនា ​​​ក៏​​​បានឃាត់ខ្លួន​​​ជន​សង្ស័យ​​​ម្នាក់​ឈ្មោះ​​​ទូច ​សាមែន ​​ដែលជាម្ចាស់​ផ្ទះ​​​ និងជា​​​ជន​ដែល​​មាន​​​ទំនាស់​ជាមួយនឹង​ជន​​​រង​គ្រោះ​ទាំង​​​២នាក់​​កាលពីល្ងាច​មុនកើតហេតុ ​រួចនាំ​មក​កាន់​ការិយាល័យ​ដើម្បីធ្វើការ​​សាកសួរ​​តាមនីតិ​វិធី​​ជំនាញ ។ មិនទាន់​មាន​ប្រភពព័ត៌​មាន​​​ឱ្យ​​ដឹង​ថា ក្រោយ​ពី​​​ឃាត់ខ្លួន​​​ជនសង្ស័យ​ ហើយ​តើ​​​ទទួល​បាន​​ចម្លើយ​​​បែប​ណានៅឡើយ​​ទេ ៕