ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ៖ កុំ​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​បំផ្លាញ​សេចក្តីសុខ​ប្រជាជន​ជាង​១៦​លាន​នាក់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា យើង​គ្មាន​ជម្រើស​ណា​ផ្សេង​នោះ​ទេ គឺ​រាជរដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ណា​ដែល​កៀងគរ​មនុស្ស ដើម្បី​ធ្វើ​ឲ្យ​បាត់បង់​ស្ថេ​រ​ភាព​បំផ្លាញ​សន្តិសុខ​សង្គម…

ខេត្តកំពង់ឆ្នាំង ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា យើង​គ្មាន​ជម្រើស​ណា​ផ្សេង​នោះ​ទេ គឺ​រាជរដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ណា​ដែល​កៀងគរ​មនុស្ស ដើម្បី​ធ្វើ​ឲ្យ​បាត់បង់​ស្ថេ​រ​ភាព​បំផ្លាញ​សន្តិសុខ​សង្គម ដើម្បី​ប្លន់​អំណាច​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដើម្បី​ម​ហិ​ច្ឆិ​តា​នយោបាយ​ផ្ទាល់ខ្លួន ។

លោក​សង្កត់ធ្ងន់​ថា កុំ​ឲ្យ​មនុស្ស​មួយ​ក្តាប់​តូច​បំផ្លាញ​សេចក្តីសុខ​ប្រជាជន​ជាង​១៦​លាន​នាក់ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង ដូច្នេះ​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន ថ្នាក់​បញ្ជាការ​សេនាធិការ​កាំភ្លើង​ធំ​ជំនាន់​ទី​១ និង​ថ្នាក់​មេបញ្ជាការ​កងអនុសេនាតូច និង​ធំ​ខេត្តកំពង់ឆ្នាំង​នា​ថ្ងៃ​ទី​២៧ តុលា​នេះ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា យើង​ត្រូវ​ការពារ និង​ពង្រឹង​សន្តិសុខ ដើម្បី​ឲ្យ​ប្រជាជន សប្បាយ​រីករាយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទាន ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​មួយ​ក្តាប់​តូច​បំផ្លាញ​សេចក្តីសុខ​ប្រជាជន​ជាង​១៦​លាន​នាក់​នោះ​ឡើយ ។ ដូច្នេះ​យើង​ត្រូវ​ថែរក្សា​សុខ​សន្តិ ភាព​ស្ថេ​រ​ភាព ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ត្រូវ​ស្មោះ ត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ នេះ គឺជា​កិច្ចការ​ធំ​តែ​យើង​ត្រូវធ្វើ និង​ជា​គោលដៅ​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ ។

អគ្គមេបញ្ជាការ​រង​រូប​នោះ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ភារកិច្ច​ស្នូល​របស់​កងទ័ព គឺ​ការពារ​ជាតិ និង​ប្រជាជន​ការពារ​សន្ដិសុខ និង​ការ​រីក​ចម្រើន​ដែល​ប្រជាជន​ចង់បាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត គឺ​សន្តិភាព​ដែល​យើង​មាន​រាល់ថ្ងៃ ។ ដូច្នេះ​សូម​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់ មិន​ឲ្យ​បាត់បង់​សុខ​សន្តិភាព​ដែល​យើង​មាន ។

លោក​បន្ត​ថា កងកម្លាំងប្រដាប់អាវុធ គឺជា​កងកម្លាំង​ថែរក្សា​សុខ​សន្តិភាព ។ ជាក់ស្ដែង​សុខ សន្តិភាព​ដែល​យើង​រកបាន​នៅ​ឆ្នាំ​១៩៩៨ ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​គ្មាន​ការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ខ្មែរក្រហម​បើ​គាត់​មិន​ទម្លាក់អាវុធ​ឈប់​ច្បាំង​នោះ​ទេ យើង​ប្រហែល​នៅ​ច្បាំង​ដល់​សព្វ​ថ្ងៃនេះ ។ ប៉ុន្តែ​យើង​បាន​សុខ​ដោយសារ​កងកម្លាំងប្រដាប់អាវុធ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្ដេច​តេ​ជោ​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បញ្ហា​សតិអារម្មណ៍​បន្តិចបន្តួច មិន​ស្មើនឹង​ការ​បាត់បង់​ផលប្រយោជន៍​ធំ​របស់​ជាតិ​នោះ​ទេ ។ លោក​ថា ជា​ធម្មតា​បញ្ហា​ជីវភាព​រស់នៅ បញ្ហា​ការងារ​នៅ​កន្លែងធ្វើការ គឺ​តែងតែ​កើត​មាន​ដោយ​ចៀស​មិន​រួច ។ ប៉ុន្តែ​កុំ​ឲ្យ​បាត់បង់​នូវ​ម្ចាស់​ការ​ត្រូវ​យល់​ដឹង​ថា គោលការណ៍​របស់​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ណាស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ការ​កសាង​កងទ័ព​ក៏​ដូច​ជា យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ។

ផលប្រយោជន៍​របស់​យើង គឺ​ការពារ​សន្តិសុខ សុខ​សន្តិភាព ដើម្បី​ទាំងអស់​គ្នា​បាន​សុខ និង​ផលប្រយោជន៍​ដោយ​ផ្ទាល់​តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស និង​គោលនយោបាយ​ផ្សេង​ៗ​សម្រាប់​កងទ័ព​គ្រួសារ​កងទ័ព និង​អតីត​យុទ្ធ​ជន ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា ប្រជាពលរដ្ឋ​ចង់បាន​សេចក្តីសុខ ចង់បាន​សុខ សប្បាយ លុយ​មួយ​លាន​ដុល្លារ​ក៏​មិន ស្មើនឹង​ការ​បាត់បង់​តម្លៃ​នៃ​សេចក្តីសុខ​ដែរ ។ លោក​ថា យក​លុយ​មក​មាន​ន័យ​អ្វី បើ​ប្រទេស​យើង ច្បាំង​គ្នា ភូមិ​ឃុំ​យើង​ច្បាំង​គ្នា កូនចៅ​ស្លាប់​ដោយសារ​គ្រាប់​ផ្លោង យក​មក​មាន​ន័យ​អ្វី​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ