ខេត្តកំពង់ចាម ៖ កុមារកំព្រាដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល ស្ថិតនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានទឹកមុខរីករាយគ្រប់ៗគ្នា កាលពីថ្ងៃទី៥ មីនា ២០១១ ខណៈពេលបានទទួលអំណោយជាសំភារសិក្សាពីលោកជំទាវថៃ ហ្សាក់គី-ហ៊ុនតូ តំណាងឲ្យលោកហ៊ុន ណេង អភិបាលខេត្ត ។
លោកទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានប្រសាសន៍ថា រូបលោកមានក្តីរំភើបដោយបានឃើញលោកជំទាវ ថៃ ហ្សាក់គី-ហ៊ុនតូ ដឹកនាំប្រតិភូចុះមកសួរសុខទុក្ខក្មួយៗកុមារកំព្រានាឱកាសនេះ ដែលបង្ហាញពីការអាណិតអាសូរ និងស្រឡាញ់ក្មួយៗកុមារដែលភាគច្រើនកំព្រាឪពុកម្តាយ និងជួបនូវការលំបាកខ្លាំងហើយត្រូវបានអាជ្ញាធរមូលដ្ឋាននាំយកមកឱ្យរស់នៅក្នុងមជ្ឈមណ្ឌលដើម្បីបានរៀនសូត្រនៅតាមសាលារដ្ឋនានា។ លោកប្រធានមន្ទីរបានរំលឹកថា ក្រោយថ្ងៃទី៧ មករា ១៩៧៩ ពេលដែលប្រទេសជាតិបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតអាជ្ញាធរខេត្តបានយកចិត្តទុកដាក់បង្កើតមជ្ឈមណ្ឌលកុមារកំព្រា ហើយប្រមែប្រមូលកុមារកំព្រាដែលនៅរស់រានមានជីវិតសល់ពីការកាប់សំលាប់ឲ្យមករស់នៅក្នុងមជ្ឈមណ្ឌលនេះ។ ក្រោយមកមជ្ឈមណ្ឌលត្រូវបានប្តូរពីកន្លែងមួយទៅកន្លែងមួយ ដូចជាមជ្ឈមណ្ឌលសព្វថ្ងៃនេះ គឺទី៤ហើយ ដែលមានកុមារកំព្រារស់នៅចំនួន៨១នាក់ ក្នុងនោះស្រី៣០នាក់ មានមេដោះចំនួន៦នាក់ ព្រមទាំងបុគ្គលិកចំនួន៣នាក់ ដែលកំពុងតែមើលថែរក្សាបីបាច់ពួកគេ។
លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះកុមារកំព្រាដែលមានអាយុលើសពី១៧ឆ្នាំ មន្ទីរសង្គមកិច្ចខេត្តបានរៀបចំបញ្ជូនឲ្យទៅរៀនមុខជំនាញមួយចំនួនដូចជា កាត់ដេរសំលៀកបំពាក់ ជាងចម្លាក់ និងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញ។ តាមរយៈការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ក្មួយៗមួយចំនួនបានចេញទៅប្រកបរបរវិជ្ជាជីវៈដើម្បីចិញ្ចឹមជីវិត។
លោកជំទាវ ថៃ ហ្សាក់គី-ហ៊ុនតូ បានមានមតិសំណេះសំណាលដោយលើកឡើងថា ក្មួយៗត្រូវតែចេះស្រឡាញ់គ្នាទៅវិញទៅមកដូចជាគ្រួសារតែមួយយ៉ាងដូច្នោះដែរ។ ចំពោះលោកជំទាវហេតុតែមានសេចក្តីស្រឡាញ់ និងអាណិតអាសូរក្មួយៗទាំងអស់គ្នា ទើបឆ្លៀតឱកាសទិញសំភារសិក្សា ដើម្បីនាំយកមកចែកជូនដល់ក្មួយៗនាពេលនេះ។ ម្យ៉ាងទៀតត្រូវតែព្យាយាមខិតខំរៀនសូត្រឲ្យបានពូកែ និងយកចំណេះដឹងទៅស្វែងរកការងារធ្វើ ជាមួយនេះត្រូវស្តាប់ដំបូន្មានអ្នកថែទាំយើងនៅក្នុងមណ្ឌលនេះ ។
លោកនៅ វណ្ណៈ ប្រធានមជ្ឈមណ្ឌលកុមារកំព្រាបានថ្លែងថា រូបលោកមានក្តីសប្បាយរីករាយដែលបានឃើញលោកជំទាវថៃ ហ្សាក់គី-ហ៊ុនតូ នាំយកសំភារសិក្សាមកចែកជូនដល់កុមារកំព្រានាពេលនេះដែលក្នុងម្នាក់ៗទទួលបានប៊ិច៤ដើម សៀវភៅ៤ក្បាល គូល័រផាត់៣ប្រអប់ កាបូប១ អាវ១ មី៣កញ្ចប់ និងទឹកក្រូច២កំប៉ុង។ មេដោះចំនួន៦នាក់ និងបុគ្គលិក៣នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ អាវយឺត១ និងថវិកាចំនួន៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករចំនួន២៥០គីឡូក្រាមផងដែរ។ រូបលោកមានជំនឿយ៉ាងមុតមាំថា នៅលើកក្រោយៗលោកជំទាវនឹងចុះមកសួរសុខទុក្ខកុមារកំព្រាជាបន្តទៀត ៕
ចែករំលែកព័តមាននេះ