ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪឡឹក​ជា​ដំណាំ​ងាយ​ហុច​ផល​ឆាប់រហ័ស​បន្ទាប់ពីការ​​ច្រូតកាត់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពី​មុនប្រជា​ពលរដ្ឋ​​​ដាំ​ឪឡឹក​​​ពិបាករក​ទីផ្សារ​​​លក់​​​ណាស់ ព្រោះ​ខ្វះ​​​មធ្យោបាយ​​​ដឹកជញ្ជូន​ ប៉ុន្តែ​​បច្ចុប្បន្ន​​ទោះបី​ដាំ​នៅ​​ទី​ណា​ក៏ដោយ ​ក៏​មានឈ្មួញ​ទៅប្រមូល​ទិញ​ដល់​ចំការតែ​ម្តង មិន​តែប៉ុណ្ណោះប្រជា​ពលរដ្ឋ​​​​មួយ​ចំនួន​ចូលចិត្ត​​ដាំ​​ដំណាំឪឡឹក​​ព្រោះ​​ដំណាំ​នេះ​ប្រើ​រយៈ​ពេល​តែ​​​៦៥​​ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បានហើយ ។

រាជធានីភ្នំពេញ ៖ ​កាលពី​មុនប្រជា​ពលរដ្ឋ​​​ដាំ​ឪឡឹក​​​ពិបាករក​ទីផ្សារ​​​លក់​​​ណាស់ ព្រោះ​ខ្វះ​​​មធ្យោបាយ​​​ដឹកជញ្ជូន​ ប៉ុន្តែ​​បច្ចុប្បន្ន​​ទោះបី​ដាំ​នៅ​​ទី​ណា​ក៏ដោយ ​ក៏​មានឈ្មួញ​ទៅប្រមូល​ទិញ​ដល់​ចំការតែ​ម្តង មិន​តែប៉ុណ្ណោះប្រជា​ពលរដ្ឋ​​​​មួយ​ចំនួន​ចូលចិត្ត​​ដាំ​​ដំណាំឪឡឹក​​ព្រោះ​​ដំណាំ​នេះ​ប្រើ​រយៈ​ពេល​តែ​​​៦៥​​ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បានហើយ ។​

តាម​បទ​ពិសោធន៍​​របស់កសិករ​​ដាំ​ឪឡឹក​​​​បាន​ឱ្យ​​ដឹង​ថា ឪឡឹក​​​គេ​យក​គ្រាប់មក​ដាំ​​ ហើយ​ពូជ​ឪឡឹក​​ដែលគេនិយម​ដាំ​​នៅប្រទេស​កម្ពុជា​ ភាគ​ច្រើន​​​​ពូជ​កំប៉ុង​របស់ថៃ ​​មាន​ពូ​​ជសញ្ញា​​រូប​​រថ​ក្រោះ ឃ្លោក ​និង​ប្រភេទ​ពូជ​​​ S1 និង OP នេះ​ជា​​ពូជ​ដែល​​គេ​បង្កាត់​​រួច​ ។ ពូជ S1 ​ផ្លែ​វា​មាន​​សំប​​ក​ពណ៌​ខ្មៅ​សុទ្ធ ហើយ​​សំបក​​​ធន់នឹង​កំដៅ​ថ្ងៃ​ មិនងាយ​​ប៉ះ​ទង្គិច​​​ខូច​សំបក​​ ចំណែក​ពូជ OP ផ្លែ​​​មាន​​ពណ៌ខ្មៅ​លាយ​ពណ៌ស ។ រីឯ​ប្រភេទ​​​​ឪឡឹក​​មាន​សំបក​​ពណ៌ខ្មៅ​​​សាច់ក្រហម ​សំបក​​​សខ្លា​​ឃ្លោក​​សាច់​ក្រហម ​សំបក​ខ្មៅ​​សាច់​លឿង ​និង​សំបក​​ពណ៌លឿង​សាច់​ក្រហម ។ ​កាលពីមុន​កសិ​ករ​ខ្លះ​បាន​ទុក​​ពូជ​ដោយ​ការ​​​​ខ្វេះ​យកគ្រាប់​ឪឡឹក​​​​​​មក​ហាល​ទុក​ដាំ​​​បន្ត ​​តែ​ការ​ធ្វើ​បែបនេះ​​ទទួល​ផល​​​​បានតិចតួច​ ​មិនដូច​ទិញ​គ្រាប់​កំប៉ុង​យក​មក​ដាំ​ទេ ។​

ទាក់ទិន​នឹង​​ការដាំ​ឪឡឹក​​​នេះ កសិករ​​​​បាន​រៀប​​រាប់​ឱ្យ​​ដឹង​ថា ការ​ដាំ​ឪឡឹក​​មាន​ពីរ​របៀប​​​ទៅ​តាម​តំបន់​​ដែលនិយម​ដាំ​​ តំបន់ខ្លះ​មុននឹង​ដាំ​គេ​ត្រូវ​​យកស្លឹក​​ចេកធ្វើ​​កន្ទោង​​​ដាក់​ដី​បណ្តុះ​គ្រាប់​​ដុះចេញ​​​ស្លឹក​​ហើយ ​ទើប​​យកទៅដាំ ចំណែក​​​តំបន់​​​​របស់គាត់​​នៅ​​ខេត្ត​កំពង់​ធំ គឺ​​គេ​ឆូត​ដី​ជា​រង​​​ដោយ​មាន​ទទឹង​​​១,៥ម៉ែត្រ ​និង​ទុក​គម្លាត​​​ពីគុម្ព​មួយ​ទៅ​គុ​ម្ព​​មួយទៀត​​៥តឹក ​ហើយ​ក្នុង​​មួយគុម្ព​​ដាក់​​​​២​គ្រាប់ ​។ របៀប​នៃការ​ដាំ គេ​កប់​​គ្រាប់​រួច​​ស្រោច​ទឹក​​​ដើម្បី​ឱ្យ​វា​ដុះស្មើគ្នា ​បើ​កន្លែង​ណា​​ដី​សើម​​ខ្លាំង​​​ដុះមុនគេ​​ ដូច្នេះ​​​កាលណា​ឪឡឹក​​​ទុំ​ក៏​​ទុំ​មុនក្រោយ​​ដែរ ​មិនដូច​ការ​ដាំ​ដាក់​កន្ទោង​​ទេ ​ពេល​ទុំ​គឺ​ទុំ​​ស្មើគ្នាទាំង​អស់ គ្រាន់តែ​​​ការ​ដាំ​​​បណ្តុះ​កូន​​បើ​ក្នុង​ករណី​​​យើង​ដាំ​​១ម៉ឺន​គុម្ព ​ហើយត្រូវ​បណ្តុះ​​​កូនរហូត​​ដល់​១ម៉ឺន​​​២ពាន់គុម្ព ​ព្រោះថា​ត្រូវ​ទុក​​​​២​ពាន់គុម្ព​​​សម្រាប់​ជួស​កូន​​ដែលងាប់ ឬ​​រលួយ ។ ប៉ុន្តែរយៈ​ពេល​នៃការ​ដាំ​គឺ​​​​៦៥​ថ្ងៃ​ដូចគ្នា ​រាប់ចាប់​តាំង​ពី​ការ​បណ្តុះ​មក ។​

ចំណែក​​ការ​ដាំ​ឪឡឹក​​របស់​អ្នកខេត្ត​​ព្រៃ​វែង​វិញ ខុស​ប្លែកពីគេ គឺ​​កសិករ​ចាប់​ផ្តើម​​​ដាំ​បន្ទាប់​ពីច្រូត​ស្រូវហើយ​ភ្លាម ​ដាំ​​​ក្នុង​​ជញ្ជ្រាំ​ង​ស្រូវ​ដាក់​ខ្សែ​​​​ទាញ​​កាប់​​រណ្តៅ​​តាមជួរ​តែម្តង ​ហើយ​ដាក់​ជី​អាចម៍គោ ​និង​​ជីសរីរាង្គ ។ ពេលដើម​ឪឡឹក​​ដុះ វៀរ​លើ​ជញ្ជ្រាំង​​ស្រូវ​​ដល់ពេលទទួល​ផល ផ្លែ​​​ទើរ​លើ​​​ជញ្ជ្រាំង​ស្រូវ​​មិន​មាន​ប្រឡាក់ដី​ទេ ។​

គួរ​បញ្ជាក់​ដែរ​ថា ឪឡឹក​​ក្នុងមួយ​ឆ្នាំ​ដាំ​បាន​​​២​ដង​ ប៉ុន្តែ​​បើ​ដល់​ខែ​​ដែលត្រូវ​​ដាំហើយ​​កសិករ​​​ត្រូវដាំ​​ឱ្យទាន់​​ពេល​​ បើ​​ដាំក្រោយ​កន្លះ​ខែ​ ឬ​មួយ​ខែ ទទួលផល​មិនបានល្អទេ ​ព្រោះ​ចំការ​​នៅ​ជិត​​ដែល​​គេ​ដាំ​បាន​​៣០ថ្ងៃ ឪឡឹក​​​ចេញ​ផ្កា​ក្លឹប​​ដល់​​៤៥​​ថ្ងៃ​​ឪឡឹក​​ចេញផ្លែ​​​ធំគេ​​ឈប់បាញ់​ថ្នាំ​ហើយ ​ដូច្នេះ​​​សត្វ​​​ល្អិត​​​ និងជំងឺ​ផ្សេងៗ​ឆ្លង​រាល​ដាល​​ទៅ​ដល់​​ឪឡឹក​ដែលទើប​នឹង​​​ដាំ​មិន​ខាន ។ ​ចាប់ពី​​៤៥​ថ្ងៃ​​​​ទៅ​ ឪឡឹក​​នឹង​ចាប់ផ្តើម​​ទុំ​ កសិករ​​​ក៏​រកឈ្មួញ​​មក​ទិញ ។​

អាជីវករ​​លក់ឪឡឹក​​នៅផ្សារ​​ដើម​គ​ ឈ្មោះ​​​សេង ប៊ុនធី​ អាយុ​​​៣១​ឆ្នាំ ​​ដែល​លក់​​​តាំង​ពី​ឪពុក​មក​​​​បាន​ឱ្យ​ដឹ​ងថា ​ឪឡឹកដែល​​​បម្រើ​ទីផ្សារ​​​​បាន​ច្រើនជាង​គេ​ភាគច្រើន​​​​នាំ​មក​ពី​ខេត្ត​កំពង់​​​ធំ​មាន​ស្រុក​​​ស្ទោង ​ស្រុក​កំពង់ស្វាយ ​ស្រុកបា​រាយណ៍ ។ ខេត្ត​កំពង់​ចាម ​មានស្រុក​ចំការលើ ​​ស្រុក​មេមត់ ​ខេត្ត​ព្រៃ​វែង ​​មានស្រុក​កញ្ច្រៀច ស្រុក​ព្រៃ​វែង ​​និង​ខេត្តកណ្តាល ​មានស្រុក​​ស្អាង ​ស្រុក​​កោះធំ និង​​ស្រុក​លើក​ដែក ។ ​គាត់ត្រូវ​ដើរ​ប្រមូល​​ទិញ​ឪឡឹក​​​ពីចំការ​​តាមបណ្តា​ខេត្ត​​​ដែល​មាន​ដាំ​ឪឡឹក​ ហើយ​​ក្នុងការទិញ​នោះ ​ជួនកាល​​ទិញ​​​ម៉ៅ​ចំការ និង​ទិញ​​វាស់គីប​ដាក់​រថយន្ត ក្នុង​មួយ​គីប​មាន​​​​៧០០​គីឡូក្រាម ​ចំពោះ​រថយន្ត​​កូរ៉េ​ធុន​​​​២តោន​កន្លះ ​ដាក់​ឪឡឹក​​​បាន​១០គីប ​ស្មើនឹង​​​៧​តោន ។​

អាជីវករ​​បាន​​ឱ្យ​ដឹង​ដែរ​ថា ​កសិករ​​​​បច្ចុប្បន្ន​​​ចូលចិត្ត​​ចែក​រំលែក​​បទ​ពិសោធន៍​​​ឱ្យ​គ្នា​​ទៅវិញ​ទៅ​មក​ដោយ​​មិនមានការ​លាក់​លៀម​ទេ ។​​ ទោះ​បី​ជា​បែប​ណា ​​ឪឡឹក​​​ក៏​មាន​​​នាំមក​ពី​ប្រទេស​វៀត​ណាម​​ដែរ ខណៈ​​រដូវដែល​ភ្លៀង​ធ្លាក់​ជោកជាំ​កសិ​ករ​​យើងដាំ​មិន​​បាន ក្នុងនោះ​មាន​​ខេត្ត​​​កំពង់​ចាម ​ដែល​ជា​ដីក្រហម​​​ដាំ​បានខ្លះ​​​​ដែរ ​តែមិន​​អាច​បំពេញ​​​គ្រប់​តម្រូវការ​​​បាន​ទេ ៕​