ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​ទើប​ស្ថាបនា​រួច​…​បាក់​ស្រុត​ទៀត​ហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ​ក្នុង​រដូវ​ទឹកសំរក​បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេមេគង្គ ដែល​សាងសង់​ពី​បេតុង​នៅ​ចំណុច​ក្រោយ​សាលាសង្កាត់កំពង់ចាម បាន​បាក់​ស្រុត​បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ខ្លាច​បាក់​បន្ត​ទៀត ខណៈ​ដែល​ការ​បាក់​ច្រាំង​បេតុង​នេះ​ទើបតែ​បាន​សាងសង់​រួចរាល់ មុន​ទឹកទន្លេ​ឡើង​មុន​នេះ​ប៉ុណ្ណោះ ។ ប្រឈម​មុខ​នឹង​ការ​បាក់​ស្រុត​នេះ​ស្ថាប័ន​ជំនាញ​និង​អាជ្ញាធរ បាន​ខិតខំ​រិះរក​មធ្យោបាយ​ជួសជុល​បន្ទាន់…

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ​ក្នុង​រដូវ​ទឹកសំរក​បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេមេគង្គ ដែល​សាងសង់​ពី​បេតុង​នៅ​ចំណុច​ក្រោយ​សាលាសង្កាត់កំពង់ចាម បាន​បាក់​ស្រុត​បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ខ្លាច​បាក់​បន្ត​ទៀត ខណៈ​ដែល​ការ​បាក់​ច្រាំង​បេតុង​នេះ​ទើបតែ​បាន​សាងសង់​រួចរាល់ មុន​ទឹកទន្លេ​ឡើង​មុន​នេះ​ប៉ុណ្ណោះ ។ ប្រឈម​មុខ​នឹង​ការ​បាក់​ស្រុត​នេះ​ស្ថាប័ន​ជំនាញ​និង​អាជ្ញាធរ បាន​ខិតខំ​រិះរក​មធ្យោបាយ​ជួសជុល​បន្ទាន់ ដើម្បី​ការពារ​មិន​ឲ្យ​បាក់​បន្ត​ទៀត ។

លោក ផ្លោ​ក សុវណ្ណ ចៅសង្កាត់​កំពង់ចាម បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលា ២០១៩​ថា ដី​ច្រាំង​ទន្លេ​នៅ​ក្រោយ​សាលាសង្កាត់​របស់​លោក បាន​បាក់​ស្រុត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​បាន​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោយ​សំណង់​បេតុង​រាង​ស្រុត​ប​និ្ត​ច ហើយ​លោក​អភិបាលខេត្ត ក្រោយ​ពី​បានដឹង​ក៏​ប្រញាប់​ចុះ​មក​ពិនិត្យ​មើល និង​មាន​មន្ត្រី​ធនធានទឹក​ខេត្ត​មក​ជាមួយ​ផង ។

លោក​ចៅសង្កាត់​កំពង់ចាម​ប្រាប់​បន្ត​ថា ប្រសិនណាបើ​ច្រាំង​ទន្លេ​បន្ត​បាក់​ទៀត​នោះ ក្តី​កង្វល់​និង​អាច​ធ្វើ​ឲ្យ​សាលាសង្កាត់​កំពង់ចាម​រួម​និង​ប៉ុ​ស្ត៏​រដ្ឋបាល​កំពង់ចាម ដែល​នៅ​ជាប់​គ្នា​ប្រឈម​នឹង​គ្មាន​កន្លែង​សម្រាប់​ធ្វើការ ។ បើ​ដូច្នោះ​មែន​រូប​លោក​មាន​តែ​មធ្យោបាយ​មួយ ត្រូវ​ខ្ចី​ផ្ទះ​ប្រជាជន​នៅ​ក្បែរ​ដើម្បី​សុំ​ធ្វើការ​បណ្តោះអាសន្ន​សិន ។

ទោះបី​យ៉ាងណា​ក្តី​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង ដោយ​ឲ្យ​ស្ថាប័ន​ជំនាញ ត្រៀម​យក​បាវ​ខ្សាច់​មក​ទប់ កុំ​ឲ្យ​បាក់​បន្ត​ទៀត តែ​សកម្មភាព​នេះ​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ទឹកបាន​ស្រក​ចុះ​ប​ន្តិ​ត​ទៀត ហើយ​ការ​បាក់​នេះ​ត្រូវ​បាន​មន្ត្រី​ធនធានទឹក​លើក​ឡើង​ថា មក​ពី​ដីដុះ​ច្រើន ទើប​បណ្តាល​ឲ្យ​បាក់​ស្រុត​ដូច្នេះ ។

តាម​ការ​កត់សម្គាល់ ច្រាំង​ទន្លេ​មុខ​សណ្ឋាគារ​មេគង្គ បាន​បាក់​ស្រុត​កន្លង​មក ហើយ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយ​មិន​ទាន់​នឹង​រួចរាល់​ក្រាល​ការ៉ូ នៅ​តាម​សួនច្បារ​មាត់ទន្លេ​ផង ស្រាប់តែ​ប៉ុន្មាន​ថ្ងៃនេះ​ទឹក​ស្រក ក៏​បាន​បាក់​ស្រុត​រង​ការ​ខូចខាត ប្រេះ​បេតុង​បែក​ក្រហែង ខឿន​បេតុង​ត្រូវ​បាន​ហែក​ញែក​រយះ ដែល​ត្រង់​ចំណុច​នេះ​មិន​អាច​ដើរ​បាន​ទេ ព្រោះ​ដី​នៅ​ក្រហេងក្រហូង ដែល​មតិ​ខ្លះ​និយាយ​ថា​អាច​បណ្តាល​មក​ពី​ខ្វះ​គុណភាព​ក៏​ថា​បាន ។

នៅ​រសៀល​ថ្ងៃ​ទី​២៥ តុលា មន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ចុះ​មក​ពិនិត្យ​ទីតាំង​ច្រាំង​ទន្លេ​ដែល​បាក់​នៅ​ក្រោយ​សាលាសង្កាត់​កំពង់ចាម ។ ជាមួយ​នោះ​គេ​មាន​វិធានការ​ដោយ​បាន​ប្រើ​សា​ឡង់​បូម​ខ្សាច់​ច្រក​បាវ​យក​មក​ដាក់​តម្រៀប​នៅ​មាត់ច្រាំង​ទន្លេ ដើម្បី​ចៀសវាង​កុំអោយ​បាក់​បន្ត​ទៀត ។ សូម​បញ្ជាក់​ថា នៅ​ត្រង់​ទីតាំង​នេះ នា​ពេល​កន្លង​មក​ត្រូវ​បាន​លោក​អភិបាលខេត្ត​ចុះ​មក​ពិនិត្យ​និង​ឱ្យ​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​បាក់​ច្រាំង​និង​ប៉ះពាល់​ដល់​សំណង់​អគារ​សាលាសង្កាត់​កំពង់ចាម រួម​ទាំង​ប៉ុស្តិ៍​នគរបាល​ផង​ដែរ ប្រសិនបើ​ត្រូវ​បាក់​ទប់ទល់​មិន​ឈ្នះ​នោះ ។

បាក់​ទ្វារ​ទឹក​សម័យ​ខ្មែរក្រហម​គំរាម​ផ្ទះ​ច្រើន​ខ្នង
ខេត្ត​ត្បូងឃ្មុំ ៖ ទ្វារ​ទឹក​ដែល​កសាង​នៅ​សម័យ​ខ្មែរក្រហម ស្ថិត​នៅ​ក្នុងភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ហូរ​បុក​ដាច់​ដី​បណ្ដាល​ឲ្យ​បាក់​អស់ ដោយឡែក​លំនៅ​ឋាន​នៅ​មាត់​ព្រែក​ត្រូវ​បាន​បង្ខំចិត្ត​រុះរើ​ចេញ​ជា​បន្ទាន់​ដែរ ។ ពេល​នេះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ដាក់​បំរាម​មិន​ឱ្យ​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ស្ពាន​ព្រែកជីក ដោយសារ​តែ​ការ​ខ្លាច​បាក់​ដោយ​ផ្ទុក​លើស​ចំណុះ ។

លោកតា ឌឹ​ង ខុន វ័យ​៧៣​ឆ្នាំ មានមុខ​របរ​លក់​កាហ្វេ មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា​ថា គាត់​បាន​សាងសង់​រោង​សម្រាប់​លក់​កាហ្វេ​នៅ​មាត់​ព្រែក​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ តែ​មក​ដល់​រដូវ​ទឹកសម្រក​ក្នុង​ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​ទឹក​ហូរ​ច្រោះ​ដាច់​រលំ​ទ្វារ​ទឹក​ដែល​សាងសង់​ពី​បេតុង នៅ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​បាក់​ដួល​ខ្ទេចខ្ទី​អស់ ។

ដោយឡែក​ ស្ពានបេតុង​ព្រែកជីក ដែល​ត្រូវ​បាន​គេ​ដឹង​ថា​កសាង​ឡើង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ក៏​បាន​យាយី​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ដែរ ។ ដោយសារ​មើលឃើញ​ពី​ស្ថានភាព​បែប​នេះ ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ បាន​ចុះ​មក​អន្តរាគមន៍​ដោយ​ដាក់​បំរាម​មិន​ឱ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ស្ពាន​នេះ​ទេ ។

ប្រជាពលរដ្ឋ​បាន​កត់​សម្គាល់ថា នៅ​ក្នុង​ឆ្នាំ​២០១៩ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ហាក់ដូចជា​ប្លែក​ជាង​បណ្ដា​ឆ្នាំ​ណា​ៗ​ទាំងអស់ ដោយ​ទឹក​ហូរ​មក​បុក​ទ្វារ​ទឹក​កសាង​ឡើង​ពី​បេតុង​ក្នុង​សម័យ​ខ្មែរក្រហម ដែល​មាន​សភាព​ចាស់​ផង​នោះ ទើប​បណ្ដាល​ឲ្យ​ដួល​បាក់​ខ្ទេចខ្ទី​អស់ ។ នៅ​ថ្ងៃ​ទី​២៣ តុលា ២០១៩ ដី​ច្រាំង​បាន​បាក់​មក​កល់​និង​លំនៅ​ឋាន ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ផង​របង​ជាមួយ​រួម​និង​អាជ្ញាធរ​ឃុំ​ស្រុក បាន​ចុះ​មក​ជួយ​អន្តរាគមន៍​រើ​ផ្ទះ​បាន​ទាន់​ពេលវេលា ព្រមទាំង​បាន​ផ្ដល់​ថវិកា​មួយ​ចំនួន សម្រាប់​ឱ្យ​ថ្លៃ​រុះរើ ។

ម្ចាស់​លំនៅ​ឋាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​គិតគូរ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​មិន​ទុក​ឱ្យ​ផ្ទះ​បាក់​រលំ​នោះ​ទេ​។ គាត់​ថា​នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ដី​ច្រាំង​មាត់​ព្រែក​ចេះ​តែ​បន្ត​បាក់​មក​បន្ថែម​ទៀត ធ្វើ​ឲ្យ​ដី​ផ្ទះ​របស់​គាត់​ដែល​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ត្រូវ​បាន​បាក់​អស់​មិន​មាន​ដី​សម្រាប់​សាងសង់​លំនៅ​ឋាន​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រែកជីក បាន​ប្រាប់​ថា ប្រសិនណាបើ​មាន​រថយន្ត​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចូល​មក​ដល់​ឃុំ​ទន្លេ​បិទ​តាម​ផ្លូវ​បេតុង​ឆ្លងស្ពាន​ព្រែកជីក ឆ្ពោះទៅ​កាន់​ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម មិន​អាច​ទៅ​កើត​នោះ​ទេ ព្រោះ​ស្ពាន​ទំនប់​នៅ​ព្រែក​តា​ក្វា​ន់ ត្រង់​ព្រំប្រទល់​ស្រុក​ត្បូងឃ្មុំ និង​កោះសូទិន ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​គ្រោះ​ធម្មជាតិ​នា​រដូវ​ទឹកសម្រក​នេះ ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​មាន​ហេតុការណ៍​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​នៅ​ចំណុច​ព្រែកជីក រូប​លោក​បាន​ឲ្យ​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ចុះ​ជួយ​រុះរើ​លំនៅ​ឋាន​របស់​ស្ត្រី​ឈ្មោះ ឡា ម៉ា រួម​ទាំង​មានការ​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​សម្រាប់​ឲ្យ​ទៅ​ជាង​រុះរើ​ផ្ទះ ហើយ​​ការ​ស្នើ​សុំ​របស់​ស្ត្រី​ខាងលើ​នេះ​រូប​លោក​នឹង​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​ជូន​គាត់​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ