ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​កង់​ប្រែ​ន​ធំ​មួយ​បិទទ្វារ​នៅ​ខែវិច្ឆិកា ​ខណៈ​ក្រុមហ៊ុនផ្សេងព្រមាន​ពី​ការ​រើ​ចេញពី​កម្ពុជា​បើ​បាត់បង់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

​ស្វាយ​រៀង​៖ រោងចក្រ​ផលិត​កង់​ប្រែ​ន​ធំ​មួយ​ឈ្មោះ Asia Leader International (Cambodia) គ្រោង​នឹង​បិទទ្វារ​នៅ​ខែវិច្ឆិការ​ខាង​មុខ​នេះ​ដោយ​អះអាង​ថា​ចប់​កុងត្រា​និង​កំពុង បង្ក​ឲ្យ​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជាង​២០០​នាក់​ព្រួយ​បារ​ម្ម​ណ៍​អំពី​ការ​អស់​ការងារ​ធ្វើ ខណៈ​ក្រុមហ៊ុន​ផលិត​កង់​ធំ​ៗ​បំផុត​របស់​សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​រើ​រោងចក្រ​ផលិតចេញពី​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ ២០២០…

​ស្វាយ​រៀង​៖ រោងចក្រ​ផលិត​កង់​ប្រែ​ន​ធំ​មួយ​ឈ្មោះ Asia Leader International (Cambodia) គ្រោង​នឹង​បិទទ្វារ​នៅ​ខែវិច្ឆិការ​ខាង​មុខ​នេះ​ដោយ​អះអាង​ថា​ចប់​កុងត្រា​និង​កំពុង
បង្ក​ឲ្យ​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជាង​២០០​នាក់​ព្រួយ​បារ​ម្ម​ណ៍​អំពី​ការ​អស់​ការងារ​ធ្វើ ខណៈ​ក្រុមហ៊ុន​ផលិត​កង់​ធំ​ៗ​បំផុត​របស់​សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​រើ​រោងចក្រ​ផលិតចេញពី​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ ២០២០ ទៅ​កាន់​ប្រទេស​វៀតណាម ភូមា និង​បង់​ក្លា​ដេ​ស បើសិន​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (Everything But Arms-EBA) ។

លោក អ៊ូ សុ​ខឿន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង
បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​កង់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បា​វិត​មាន​ចំនួន​០៨​ក្រុមហ៊ុន
(៨​រោងចក្រ​) ដែល​មាន​កម្មករនិយោជិត​ចំនួន​៥,២១៦​នាក់​ស្រី​២,៤២០​នាក់​។ ហើយ​ក្នុង​នោះ
ក្រុមហ៊ុន Asia Leader International (Cambodia) ផ្អាក​ដំណើរការ​ផលិត​កង់​ជាប​ណ្តី​រ​ៗ
និង​បាន​ឈប់​នាំ​គ្រឿងបន្លាស់​ចូលចាប់​តាំងពី​ខែសីហា​ឆ្នាំ​២០១៩ មក​ម្លេះ​។ ធ្ងន់ធ្ងរ​ជាង
នេះ​ទៅ​ទៀត​នោះ គឺថា​ក្រុមហ៊ុន​នឹង​ចប់​កុងត្រា​នៅ​ក្នុង​ខែ​១១​ឆ្នាំ​២០១៩ ខណៈ​បច្ចុប្បន្ន
រោងចក្រ​ផលិត​កង់​មួយ​នេះ​គឺ​មាន​កម្មករនិយោជិត​ចំនួន​២០០​នាក់​កំពុង​បម្រើ​ការងារ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា នៅ​ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស
ចំនួន​៧​កំពុង​ដំណើរការ​សកម្មភាព ហើយ​ខេត្តស្វាយរៀង​ជា​ខេត្ត​ដែល​ផលិត​កង់​ធំ​ជាងគេ
នៅ​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​ទៅ​បរទេស​។

បើ​តាម​របាយការណ៍​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០១៩ នេះ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសទាំង​៧ គឺ​មាន​រោងចក្រ​សហគ្រាស​វាយ​ន​ភ​ណ្ឌ័​កាត់ដេរ​ចំនួន​៣០​រោងចក្រ​និង​មាន​កម្មករ​-​កម្មការិនី​បម្រើ​ការងារ​ចំនួន​៣០,២៤១​នាក់ ។ រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​០៦​រោងចក្រ​មាន​កម្មករ​-​កម្ម​ការ​នី​បម្រើ​ការងារ​ចំនួន​៤,៩២០​នាក់ ។​ក្នុង​នោះ​ផង​ដែរ​គឺ​មាន​រោងចក្រផលិត​កង់​ចំនួន​០៨​រោងចក្រ ដែល​មាន​កម្មករ​-​កម្មការិនី​បម្រើ​ការងារ​ចំនួន​៥,២១៦​នាក់ ដែល​ក្នុង​នោះ​រោងចក្រ​ចប់​កុងត្រា​គឺ​រោងចក្រ​ផលិត​កង់​ក្រុមហ៊ុន​Asia Leader International (Cambodia)​ដែល​មានកម្ម​ក​និយោជិត​ចំនួន​២០០​នាក់​។

​ទាក់ទិន​ករណី​រោងចក្រ​ផលិត​កង់​យីហោ​អេ​ស៊ី​លិ​ត​ឌ័​រ (Asia Leader International (Cambodia) ចប់​កុងត្រា​និង​ត្រូវ​បិត​ទ្វា​នេះ​ដែរ ក៏​មាន​ពាក្យ​ច​ចាម​អារាម​ពី​ក្រុម​កម្មករ​-​កម្ម​ការ​នី​រោងចក្រ​ផលិត​កង់​យីហោ Best Way នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន
ក្រុង​បា​វិត​កំពុង​មានការ​ព្រួយ​បារ​ម្ម​ណ៍​ដោយ​ទទួល​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​ថា​និង​ចប់​កុងត្រា នៅ​ចុងខែ​១១​ឆ្នាំ​២០១៩​ផង​ដែរ ហើយ​រោងចក្រ​ផលិត​កង់​មួយ​នេះ​ក៏​មាន​កម្មករ​-​កម្ម​ការ​នី​ឭ
កំពុងធ្វើការ​ជាង​២០០​នាក់ ។

យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ថា​រោងចក្រ​ផលិត​កង់​យីហោ Best Way បិទទ្វារ
ឬ​អត់​នោះ មន្ត្រី​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា គឺ​រោងចក្រ​ផលិត​កង់​យីហោ Best Way គឺ​គ្រាន់តែ​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​និង​អ្នកគ្រប់គ្រង​តែប៉ុណ្ណោះ ដូច្នេះ​ការងារ​កម្មករ​-​និយោជិត​រក្សារ​ឲ្យ​ធ្វើការ​តាម​ជំនាញ​ដដែល ។ ​ពាក់ព័ន្ធ​នឹង​រឿង​រោងចក្រ​ផលិត​កង់​យីហោ Best Way សារព័ត៌មាន​កោះសន្តិភាព មិន​អាច​រក​ការ​សុំ​បំភ្លឺ​ពី​ថៅកែ​ក្រុមហ៊ុន​ផលិត​កង់ Best Way គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ​២០១៩ នេះ ខណៈ​មន្ត្រី​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​នឹង​ចុះ​ធ្វើ​អធិការកិច្ចនិង​សាកសួរ​ព័ត៌មាន​ពី​តំណាង​កម្មករនិយោជិត​និង​តំណាង​ក្រុមហ៊ុន តែ​មិន​បាន​បញ្ជាក់​អំពីពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ ។

​ជុំវិញ​កង្វល់​អំពី​បញ្ហា​ថា​តើ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ដក ឬ​មិន​ដក EBA កម្ពុជា​ដែល
នឹង​ចេញ​លទ្ធផល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​កង់​ធំ​ៗ​របស់​អឺរ៉ុប​នៅ​កម្ពុជា (The Cambodian Bicycle Coalition – CBC) ដែល​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន A&J Co. Ltd និង ក្រុមហ៊ុន Smart Tech Co. Ltd បាន​ព្រមាន​កាលពី​ថ្ងៃ​ទី ១០ ខែតុលា​កន្លង​ទៅ​នេះ​ថា​ក្រុមហ៊ុនខ្លួន​អាច​នឹង​ផ្លាស់​ប្តូរ​ឬ​រើ​ទីតាំង​ផលិត​ទៅ​ប្រទេស​ជិតខាង​វិញ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច
ដក​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ EBA នា​ដើមឆ្នាំ ២០២០ ។

យោង​តាម​គេហទំព័រ Bike-EU បាន​បាន​ស្រង់​សម្ដី លោក Jon Edwards ប្រធាន
សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ផលិត​កង់​កម្ពុជា​ថា​ការ​សម្រេច​សើរើ​ទីតាំង​នេះ​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ដក​ចេញ​ទៅ​វិញ​នូវ​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ EBA ។ ក្នុង​ករណី​បើ​កម្ពុជា​ពិតជា​បាត់បង់ EBA​នោះ​ក្រុមហ៊ុន​ខ្លួន​នឹង​រុះរើ​ទីតាំង​ផលិត​ទៅ​ប្រទេស​ផ្សេង​ទៀត ដែល​នឹង​នៅ​តែ​មាន​សិទ្ធិ​នាំ​ចូល សេរី​ទៅ​កាន់​សហគមន៍​អ៊ឺ​រ៉ុ​ប ដូច​ជា ប្រទេស​វៀតណាម ភូមា និង​បង់​ក្លា​ដេ​ស ជាដើម​។

លោក Jon Edwards បាន​មាន​ប្រសាសន៍​ថា « សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ផ្គត់
ផ្គង់​អតិថិជន​អឺរ៉ុប​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ទៅ​បាន​គឺ​ពឹងផ្អែក​ទៅ​លើ​ការ​បន្ត​ទទួល​បាន
ទីផ្សារ​ក្រោម​កម្មវិធី EBA »​។ លោក​បាន​បន្ត​ទៀត​ថា «​វា​នឹង​ជា​សោកនាដកម្ម​សម្រាប់​កម្លាំង
ការងារ​របស់​យើង​ហើយ​ជា​ការ​បំផ្លិចបំផ្លាញ​សម្រាប់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​នៅ
ក្នុង​ប្រទេស​កម្ពុជា​ប្រសិនបើ​យើង​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​ទៅ​ប្រទេស​ផ្សេង​ទៀត​ដែល​នឹង​នៅ​តែ​មាន​សិទ្ធិ​នាំ​ចូល​ទៅ​កាន់ EU ដូច​ជា បង់​ក្លា​ដែ​ស មី​យ៉ា​ន់​ម៉ា និង​វៀតណាម​។ យើង​សង្ឃឹមថា
គណៈកម្មការ (​អឺរ៉ុប​) នឹង​មិន​ចាត់វិធានការ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​បន្ត​របស់​យើង
នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​និរន្តរភាព​ឡើយ​» ។

លោក​បាន​បន្ត​ថា «​វា​នឹង​ក្លាយជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​កម្មករ​-​កម្ម​ការ​នី
កម្ពុជា ប្រសិនបើ​យើង​ត្រូវ​សម្រេចចិត្ត​ប្តូរ​ទីតាំង​ទៅ​កាន់​ប្រទេស​ជិតខាង​កម្ពុជា​វិញ ព្រោះថា
ប្រទេស​ទាំងនោះ​មានកម្ម​វិធី​អនុគ្រោះ​ពន្ធ EBA ពោល​គឺ​មិន​ជាប់​កាតព្វកិច្ច​ក្នុង​ការ​បង់ពន្ធ​ទៅ
កាន់​ទីផ្សារ​នៅ​អឺរ៉ុប​»​។ លោក​បាន​បន្ត​ថា ប្រសិនបើ​គ្មាន​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​នេះ​ទេ​ក្រុមហ៊ុន
នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ប្រមាណ ១៤ ភាគរយ​លើ​ការ​នាំ​ចូល​។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន
ប្រសាសន៍​ថា «​ជា​ការ​ពិត​នៅ​ពេល​ដែល​យើង​បាន​ជជែក​គ្នា​នៅ​ក្រៅផ្លូវការ​នោះ បើ EBA នៅ
បន្ត​ពួក​គេ​សប្បាយចិត្ត ប៉ុន្តែ​បើ​EBA មិន​បន្ត​ទេ​ប្រហែល ជា​អាច​មានការ​ចាប់ផ្តើម​ពី​វិស័យ
ផ្សេង​ៗ​មុន​ពី​វិស័យ​កាត់ដេរ​។ ការ​ប្រ​មើ​មើល​របស់​អ្នកជំនាញ​មួយ​ចំនួន​ថា​អាច​ជា​វិស័យ
កសិកម្ម អីចឹង​កង់​គឺជា​វិស័យ​ផ្សេង​ហើយ​វិស័យ​កាត់ដេរ​អាច​បន្តបន្ទាប់​បើសិនជា​គេ​ដក
EBA ។

លោក អាត់​ធន់ បាន​បន្ត​ថា «EBA គឺជា​រឿង​សំខាន់ វា​ជា​ឱកាស​វិនិយោគ​សម្រាប់​អ្នក
វិនិយោគ​ដើម្បី​គេ​យក​ផល​ចំណេញ តែបើ​អត់​បាន​ចំណេញ​គេ​នឹង​មើល​លទ្ធភាព​ផ្សេង​ទៀត
ថា​សក្តានុពល​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ផ្សេង​ទៀត​អ្នក​ណា​ល្អ​ជាង​។ បើ​កម្ពុជា​ល្អ​គេ​នឹង
នៅ​បន្ត តែបើ​មិនល្អ​ទេ​គេ​អាច​រើ​ចេញ​នៅ​ក្នុង​លក្ខខណ្ឌ​ណាមួយ​»​។ ទន្ទឹម​នឹង​ប្រព័ន្ធ​អនុ
គ្រោះ​ពន្ធ EBA ចេះ​តែ​វិវត្តន៍​ទៅ​មុខ​ឈាន​រក​ការ​ដក​ចេញពី​កម្ពុជា ហើយ​បញ្ហា​នេះ​មាន
កម្មករ​-​កម្មការិនី តិចតួច​ណាស់​តាមដាន​និង​មានការ​យល់​ដឹង​ស៊ីជម្រៅ​ពី​ផល​ប៉ះពាល់​ពី EBA នេះ​។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​កាល​ថ្ងៃ​ទី​២៤ ខែតុលា
ម្សិលមិញ​ថា​ការ​បាត់ ឬ​មិន​បាត់ EBA មិន​ទាន់​មាន​អ្នក​ណា​អាច​និយាយ​បាន​ទេ​នៅ​ម៉ោង​នេះ ព្រោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចរចារ​។ ការ​ដក EBA តាម​របៀប​ណា​ទាំងស្រុង ឬ​តាម​ផ្នែក ក៏​មិន​ទាន់​និយាយ​បាន​ដែរ​។ មិនមែន​តែ​សម្រាប់​ផលិតកម្ម​ទោចក្រយាន​ទេ រាជរដ្ឋាភិបាល
បាន​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច មួយ​ចំនួន ដើម្បី​ធានា​ថា​វិនិយោគិន​មាន​លទ្ធភាព​គ្រប់
គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង ដូច​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ក្នុង​វេទិកា​រាជ
រដ្ឋាភិបាល​-​វិស័យ​ឯកជន លើក​ទី​១៨ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លង​ទៅ ។

លោក​លើក​ឡើង​ថា ចំពោះ​ក្រសួងពាណិជ្ជកម្ម ការ​ដក​អង្គភាព​កាំកុងត្រូល​ពី​ច្រកព្រំដែន ក៏​ជា​វិធានការ​មួយ​ជួយ​ដល់​វិនិយោគិន​ដែរ​។ ក្រៅពី​នេះ ក្រសួងពាណិជ្ជកម្ម បានដាក់​ឱ្យ​ប្រើប្រាស់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អន​ឡាញ ការ​ចុះបញ្ជី​ម៉ាក​តាម​អន​ឡាញ និង​ការ​ស្នើ​សុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​តាម​អន​ឡាញ និង​កិច្ច​សម្រួលពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត គឺ​សំដៅ​ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ​នៅ​កម្ពុជា ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទីផ្សារ​សាកល​។

តាម​មន្ត្រី​អ្នកនាំពាក្យ​ខាងលើ​បាន​បញ្ជាក់​ថា «​ការ​ដក EBA មិនមែន​ជា​ការ​បិទទីផ្សារ​ទេ កម្ពុជា​នៅ​តែ​អាច​នាំ​ទំនិញ​ទៅ​កាន់ EU ដដែល​គ្រាន់តែ​យើង​ត្រូវ​បង់ពន្ធ​។ បើ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​នូវ​កិច្ច​សម្របសម្រួល​ច្រើន​ហើយ វិនិយោគិន​នឹង​មាន​លទ្ធភាពប្រកួតប្រជែង គាត់​នៅ​តែ​មាន​ប្រាក់​ចំណេញ គាត់​នៅ​តែ​វិនិយោគ​នៅ​កម្ពុជា​»​។ ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​មាន​រោងចក្រ​ផលិត​កង់​ធំ​ចំនួន​ពីរ និង​រោងចក្រ​ផលិតគ្រឿង​បង្គុំ​ចំនួន​ពីរ​ទៀត ហើយ​ការ​នាំ​ចេញ​នៅ​២០១៥ នាំ​ចេញ​បាន​២០១ លាន​ដុល្លារ​អា​មេ​រិ​ក, ឆ្នាំ​២០១៦ នាំ​ចេញ​បាន ៣៤៥ លាន​ដុល្លា​អា​មេ​រិ​ក​, ឆ្នាំ​២០១៧ នាំ​ចេញ​បាន ៣៦១ លាន​ដុល្លា​អា​មេ​រិ​ក​, ឆ្នាំ​២០១៨ នាំ​ចេញ​បាន ៣៧៦ លាន​ដុល្លារ និង​គិត​ត្រឹម​៦​ខែ​ដើមឆ្នាំ ២០១៩ នាំ​ចេញ​បាន ១៨២ លាន​ដុល្លា​អា​មេ​រិ​ក​ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ