ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​វង់​រាំ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ស្ទាក់​វាយ​ និង​កាប់​ស្ទើរ​ស្លាប់​សើ្ទរ​រស់

15 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ក្រុម​ក្មេង​ទំនើង​ជាង​១០​នាក់​បាន​ពួន​ស្ទាក់​​បាញ់​ដោយ​ចំ​ពាម​កៅ​ស៊ូ​ ព្រម​ទាំង​វាយ​ និង​កាប់​អ្នក​ចេញ​ពី​វង់​​រាំ​ធ្វើ​ឱ្យ​យុវជន​​ម្នាក់​រង​របួស​ធ្ងន់ និង​​២​នាក់​របួស​ស្រាល។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ មីនា វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​​នៅ​ភូមិ​សំរោង​ ឃុំ​មុខ​ដា ស្រុក​រមាស​ហែក​។

សមត្ថ​កិច្ច​​ប្រាប់​កោះសន្តិ​ភាព​ថា ជន​រង​គ្រោះ​ទី១-ឈ្មោះ​​ខែច​ ចាន់​ថា អាយុ​២២ឆ្នាំ ត្រូវ​ក្រុម​ក្មេង​ទំនើង​​វាយ​ចំ​ក្បាល​ពីរ​​​ព្រនង់​បែកហូរ​ឈាម​ និង​មួយ​​ព្រនង់ទៀត​វាយ​​​បាក់​ឆ្អឹង​ចង្កេះ​ និងវាយ​​ទៅ​លើ​​ដង​ខ្លួន​ និង​ជើង​ដៃ​ជាច្រើន​​ព្រនង់​​និង​កាប់​ត្រូវ​ពី​រកាំ​បិត​ចំ​ប្រអប់​ដៃ​ស្តាំ​រយះដល់​​ឆ្អឹង​​ដេរ​ប្រាំ​ថ្នេរ​ និង​ត្រូវ​ថ្ពាល់​ខាង​ឆ្វេង​មួយ​កាំ​បិត​បាញ់​ឈាម​ហូរ​ស្រោច​ពេញ​ផ្ទៃ​មុខ​ដួល​សន្លប់​នៅ​នឹង​កន្លែង​, ២-ឈ្មោះ​សីហា អាយុ​២៣​ឆ្នាំ ត្រូវ​មួយ​ព្រនង់​​ចំ​ខ្នង​ របួស​ស្រាល​, ទី៣-ឈ្មោះ​ភ័ក្រ្ត​ ណា អាយុ​២២​ឆ្នាំ ​ត្រូវ​ចំ​ដង​ខ្លួន​មួយ​ព្រនង់​​ ​ចំ​ជើង​មួយ​ព្រនង់​ និង​ចំ​ដៃ​២​ព្រនង់​របួស​ធ្ងន់​​ អ្នក​ទាំង​៣​រស់​នៅ​ភូមិ​គ្រញូង​ ឃុំ​មុខ​ដា ស្រុក​រមាស​ហែក​។

នៅ​ពេល​​នោះ​អ្នក​ភូមិ​នាំ​គ្នា​ស្រែក​ឆោ​ឡោ​ឡើង និង​រត់​ទៅ​ជួយ​ធ្វើ​ឱ្យ​​ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​រត់​គេច​ខ្លួន​​អស់ ​ហើយ​​អ្នក​ភូមិ​បញ្ជូន​ជន​រង​គ្រោះ​​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​​ដើម្បី​សង្គ្រោះ​។ ​ជន​រង​គ្រោះ​​ប្រាប់​កោះ​សន្តិ​ភាព​ថា នៅ​យប់​កើត​ហេតុ​​​រូប​គេ​ និង​មិត្ត​ភក្តិ​ពីរ​នាក់​ជិះ​ម៉ូតូ​​គុប​មូល​៧០ ឌុប​គ្នា​​បី​នាក់​ទៅ​រាំ​លេង​ក្នុង​ពិធី​បុណ្យ​បច្ច័យ​​បួន​នៅ​ភូមិ​សំរោង​ លុះ​ដល់​ម៉ោង​១១​យប់​​​ឃើញ​​ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជាង​១០​នាក់​ដើរ​ចូល​​ក្នុង​វង់​រាំ​ ដោយ​ម្នាក់ៗ​ធុំក្លិន​ស្រា​ និង​រាំ​លេង​​ជាមួយ​​គ្នា​។ ពេល​រាំ​បាន​បួន​ប្រាំ​បទ​ស្រាប់​តែ​ឮជន​ម្នាក់​និយាយ​ជាមួយ​បក្ស​ពួក​​​ថា «អញ​ស៊ីក្បាល​ និង​ស៊ី​កន្ទុយ» ព្រម​ទាំង​សម្លឹង​មុខ​ពួក​គេ​។ ពួក​គេ​ទាំង​បី​នាក់​ឃើញ​​សភាព​ការណ៍​មិន​ស្រួល​ក៏​នាំ​គ្នា​ចេញ​ពី​វង់​រាំ​ ។ ពេល​អូស​ម៉ូតូ​បណ្តើរ​ចេញ​បាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​រោង​បុណ្យ​ក៏​នាំ​គ្នា​អង្គុយ​លេង​​នៅ​លើ​ភ្លឺ​ស្រែ​ ហើយ​​​ស្រាប់​តែ​មាន​​គេ​បាញ់​ដោយ​ចំពាម​​កៅ​ស៊ូ​​សំដៅ​ពួក​គេបណ្តាល​ឱ្យ​​ម្នាក់ៗ​ត្រូវ​​បី​បួន​គ្រាប់​ចុក​ឆ្អល់​។ ពួក​គេ​នាំ​គ្នា​ស្ទុះ​បញ្ឆេះ​ម៉ូតូ​បើក​គេច​​ក៏​ត្រូវ​ជន​ម្នាក់​រត់​ស្ទាក់​វាយ​ប្រហារ​។ ក្រុម​ក្មេង​ទំនើង​ទាំង​នោះសមត្ថ​កិច្ច​ស្គាល់​អត្ត​សញ្ញាណ​ខ្លះ​ហើយ​ និង​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​​យក​ទៅ​​ផ្តន្ទា​ទោស​តាម​ច្បាប់៕