រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មនុស្ស៤នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈពេលដែលយកសំបកគ្រាប់ដេកា ទៅផ្សារធ្វើជាជើងសំណាញ់ ហើយផ្ទុះ លាន់កក្រើកព្រះធរណី ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី២៤ ខែតុលានេះ នៅកន្លែងផ្សារលើបែរចិញ្ចឹមត្រី ក្នុងភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះគ្រាប់នេះ មាន ១- ឈ្មោះ ណុះ សាមីន ភេទប្រុស អាយុ៥៤ឆ្នាំជាជាងផ្សារដែក រងរបួសធ្ងន់ មានលំនៅភូមិក កន្លែងកើតហេតុ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ២ – ឈ្មោះយ៉ើ បារី ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់ ៣ – ឈ្មោះ មិន យូរីភេទប្រុស អាយុ៣០ឆ្នាំ រងរបួសធ្ងន់ និង៤- ឈ្មោះ លី ប្រហីម ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសស្រាល ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកភូមិ២នាក់ក៏បានយកសំបកគ្រាប់ទៅផ្សារ ស្រាប់តែផ្ទុះលាន់កក្រើកនៅលើបែរចិញ្ចឹមត្រី នៅក្នុងទន្លេបណ្តាលឲ្យមនុស្សចំនួន៤នាក់បានរងរបួស ហើយនៅកន្លែងកើតហេតុ ដំបូលស័ង្កសី និងបែរបានធ្លុះធ្លាយដោយអំបែងគ្រាប់ ។
ភ្លាមៗ អ្នករងរបួសធ្ងន់ដែលជាងផ្សារត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ ។ ដោយឡែក២នាក់បញ្ចូនទៅកាន់មន្ទីរពេទ្យ សម្តេចឪ ក្រោយមកបន្តទៅកាន់មន្ទីរពេទ្យធំ និងម្នាក់បញ្ជូនទៅគ្លីនិកឯកជន ។
តាមសំដីជនរងគ្រោះឈ្មោះ មិន យូរី បានឲ្យដឹងថា សំបកគ្រាប់នោះប៉ុនភ្លៅ ទម្ងន់១៤គីឡូក្រាម ពុំមានរំសេវនោះទេ ដែលខ្លួនបានទិញពីទូកនេសាទដោយនៅលើទូក ។
នៅមុនពេលកើតហេតុខ្លួន២នាក់បងថ្លៃឈ្មោះ យ៉ើ បារី បានយកសំបកគ្រាប់ទៅឲ្យជាងឈ្មោះ ណុះ សាមីន ផ្សារគោលបំណង់ធ្វើជាជើងសំណាញ់ ។ ជនរងគ្រោះរូបនោះបានឲ្យដឹងទៀតថា នៅពេលកំពុងផ្សារខ្លួន និងបងថ្លៃអង្គុយមើល ព្រមទាំងអ្នកជិតខាងម្នាក់ទៀត ស្រាប់តែផ្ទុះលាន់កក្រើកបណ្តាលឲ្យរងរបួសតែម្តង ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ