រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាឡើងភ្នំនៅប្រទេសកម្ពុជាកាន់តែបោះជំហានរីក ចម្រើន បន្ទាប់ពីបើកការប្រកួតជ្រើសរើសជើងឯក ហើយរកឃើញកីឡាករឆ្នើមៗប្រចាំសហព័ន្ធក្នុងចំនួនមួយសមស្រប ។ ទាំងកីឡាករនិងមន្ត្រីពាក់ព័ន្ធ សុទ្ធតែចង់ឲ្យកីឡាមួយនេះបានដាក់បញ្ចូលជាកីឡាអូឡាំពិក និងមានឈ្មោះឲ្យប្រកួតនៅលើឆាកអន្តរជាតិ ។
ស៊ឹម រុន ដែលជាកីឡាករប្រចាំសហព័ន្ធ និយាយ រូបគេចូលហ្វឹកហាត់កីឡាឡើងភ្នំនៅ ខេត្តសៀមរាប តាំងពីឆ្នាំ២០០៦ ។ កីឡានេះ មិនសូវមានការផ្សព្វផ្សាយ និងទាក់ទាញយុវ ជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរឲ្យស្គាល់និងចូលលេងបានច្រើនទេ ទើបរូបគេសម្រេចចិត្តតស៊ូ រហូតមិនត្រឹមតែក្លាយជាកីឡាករស្ទាត់ជំនាញប៉ុណ្ណោះទេ តែក៏ធ្វើជាអ្នកបំផុសឲ្យមានការលេង ច្រើនតាមរយៈការរៀបចំការប្រកួត ដោយបំផុសឲ្យខ្មែរនិងបរទេស បានចូលរួមប្រកួតឲ្យបានច្រើនផង ។
ស៊ឹម រុន និយាយថា នេះជាកីឡាដែលគេមិនសូវស្គាល់ តែជាមូលហេតុដែលធ្វើឲ្យរូបគេចង់តស៊ូទៅវិញ បើទោះជាក្នុងពេលនេះរូបគេមានអាយុ៣៧ឆ្នាំហើយក្តី ។ រូបគេប្រកាន់ជំហរថា នឹងបន្តការប្រកួតនិងតស៊ូរហូតទាល់តែមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះផង ។
មកទល់ពេលនេះ កីឡាឡើងភ្នំនៅមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងស៊ីហ្គេម ឬការប្រកួតអន្តរជាតិណាមួយនោះទេ ប៉ុន្តែរូបគេរំពឹងថា កីឡាប្រភេទនេះនឹងអាចចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះជាខ្វះសម្ភារហ្វឹកហាត់ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គឺជាកត្តារាំងស្ទះក្នុងការអភិវឌ្ឍកីឡានេះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កីឡាឡើងភ្នំបានប្រកួតជ្រើសរើសជើងឯកជាតិនៅខេត្ត សៀមរាប ដោយមានកីឡាករកីឡាការិនីចូលរួមសរុប៧២នាក់ មកពី៩ក្លិប ។ វិញ្ញាសាសំខាន់ៗ នៅក្នុងការប្រកួតនេះរួមមាន វិញ្ញាសាSpeed បុរស-នារីអាយុក្រោម១៥ឆ្នាំ វិញ្ញាសាSpeed បុរស-នារីអាយុ១៥ឆ្នាំឡើង វិញ្ញាសាLead បុរស-នារីអាយុក្រោម១៥ឆ្នាំ វិញ្ញាសាLead បុរស-នារីអាយុ១៥ឆ្នាំឡើង វិញ្ញាសាBouldering បុរស-នារីអាយុក្រោម១៥ឆ្នាំ វិញ្ញាសា Bouldering បុរស-នារីអាយុ១៥ឆ្នាំឡើង ។
មកទល់នឹងឆ្នាំ២០១៩នេះ សហព័ន្ធកីឡានេះប្រកាសថា បានខិតខំប្រឹងប្រែងបំផុស និងបណ្តុះបណ្តាលថ្នាលតាមលំដាប់ឱ្យបានទូលំទូលាយ ជំរុញនិងអភិវឌ្ឍមន្ត្រីបច្ចេកទេស ចៅក្រម គ្រូបង្វឹក ឱ្យដល់កម្រិតអន្តរជាតិ ពង្រឹងការហ្វឹកហាត់គ្រប់លំដាប់ថ្នាក់ ពង្រឹងការរៀបចំការប្រកួត កែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានលក្ខណៈស្តង់ដា ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគម និងប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍ ។
លោក អ៊ុង សិរីនឌី ប្រធានសហព័ន្ធកីឡា ឡើងភ្នំកម្ពុជាមានជំនឿថា កីឡាឡើងភ្នំមាន សមត្ថភាពនិងធនធានគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃ បើសិនបាន ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទោះបច្ចុប្បន្នកីឡានេះគ្មានសកម្មភាពរៀបចំ និង
ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានាលើឆាក អន្តរជាតិក៏ដោយ ។
លោកបន្តថា កីឡាឡើងភ្នំមាន២ប្រភេទ គឺឡើងភ្នំធម្មជាតិ និងឡើងភ្នំសិប្បនិមិ្មត ។ សម្រាប់ការឡើងភ្នំត្រូវមានដៃគូ ដោយដៃគូម្នាក់ឡើងភ្នំដែលវិញ្ញាសាបានកំណត់ ហើយម្នាក់ទៀតជាអ្នករូតខ្សែនិងទប់ខ្សែ ហើយអ្នកទាំងពីរត្រូវចែកគ្នាទប់ខ្សែ និងឡើងភ្នំម្ដងម្នាក់ ។ កីឡានេះគេច្រើនប្រើពូកទ្រពីក្រោម ដើម្បីពេលធ្លាក់កុំឲ្យមានគ្រោះថ្នាក់ ។ សម្រាប់របៀបឡើងពេលខ្លះគឺតោងឡើង និងពេលខ្លះត្រូវកាន់ខ្សែឡើង ។
កីឡានេះមិនមានការកំណត់អាយុទេ តែអ្នកមានកាយសម្បទាល្អ ទើបអាចលេងបាន ។ សុខភាពក៏ជារឿងចាំបាច់ផងដែរ ទើបកីឡាប្រភេទនេះមិនសូវមានអ្នកចង់លេង ។ កីឡាឡើង ភ្នំ ក៏មានកីឡាករអាជីពមកហាត់ទៀងទាត់ចំនួន២៥នាក់ដែរនាពេលចុងក្រោយនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ