ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ ហេតុ​អី​បាន​មក​ចាប់ដៃ​ខ្ញុំ​បែប​នេះ?​»…​នាង​ស្រឡាំងកាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មការិនី​ម្នាក់ ខណៈ​ទៅ​ផ្សារ​រក​ទិញ​សម្លៀក​បំពាក់​បាន​ជួប​ក្រុម​ចោរ​ទម្លាក់យោង​មាន​គ្នា​៤​នាក់ ហើយ​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនោះ​ប្រើ​ល្បិច​បោក​ដោយ​យក​គ្រាប់កង់​១​កញ្ចប់​ប្រគល់​ឲ្យ​នាង រួច​ហើយ​បាន​ដោះ​យក​ខ្សែ​.​ក​មាស​របស់​នាង​អស់​ចំនួន​៧​ជី រួច​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មការិនី​ម្នាក់ ខណៈ​ទៅ​ផ្សារ​រក​ទិញ​សម្លៀក​បំពាក់​បាន​ជួប​ក្រុម​ចោរ​ទម្លាក់យោង​មាន​គ្នា​៤​នាក់ ហើយ​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនោះ​ប្រើ​ល្បិច​បោក​ដោយ​យក​គ្រាប់កង់​១​កញ្ចប់​ប្រគល់​ឲ្យ​នាង រួច​ហើយ​បាន​ដោះ​យក​ខ្សែ​.​ក​មាស​របស់​នាង​អស់​ចំនួន​៧​ជី រួច​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​នេះ ដោយ​ក្រុម​ជនសង្ស័យ​ល្បួង​នាំ​នាង​យក​មក​តាំងពី​ផ្សារ​ព្រៃ​ទា មក​ដោះ​យក​ខ្សែ​.​ក​នៅ​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ថ្មើរជើង​ជិត​ផ្សារ​ជម្ពូ​វ័ន តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កម្មការិនី​ម្នាក់​នោះ ឈ្មោះ ធឹ​ម សា​ម៉ី​ន អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទួល​វិហារ ឃុំ​ស្វាយ​យារ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ សម្ភារៈ​បាត់បង់​អស់​ខ្សែ​ក​មាស​៧​ជី ជនសង្ស័យ​យក​បាន​សម្រេច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ដោយ​នាង​មាន​ប្ដី និង​មានកូន​២​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​នាង​មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ ចំណែក​ប្ដី​ធ្វើការ​នៅ​ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

នាង​បាន​និយាយ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​ជួល​ទៅ​កាន់​ផ្សារ​ព្រៃ​ទា ដើម្បី​រក​ទិញ​ខោអាវ​ជជុះ​ទុក​គ្រាន់​ស្លៀកពាក់​ធ្វើ​ការងារ​ព្រមទាំង​រក​ទិញ​ពង​ទា​ធ្វើ​ម្ហូប​ខ្លះ​ផង​ដែរ ។ លុះ​ពេល​ទៅ​ដល់​ខណៈ​ពេល​នាង​កំពុង​ទិញ​ពង​ទា​ស្រាប់តែ​មាន​ស្ត្រី​សង្ស័យ​ម្នាក់​ចូល​ទៅ​ចាប់ដៃ​នាង និង​បបួល​ឲ្យ​នាង​ជូន​ទៅ​ទារ​លុយ​គេ ពេល​នោះ​នាង​មាន​ភាព​ស្រឡាំងកាំង​ខ្លាំង​ណាស់ និង​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា «​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ ហេតុ​អី​បាន​មក​ចាប់ដៃ​ខ្ញុំ​បែប​នេះ?​» តែ​ស្ត្រី​ខាងលើ​មិន​ឆ្លើយ​តប​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ស្ត្រី​សង្ស័យ​បាន​សួរ​នាង​ថា «​មាន​រើស​បាន​ថង់​លុយ​អត់ ? មាន​គេ​ជ្រុះ​បាត់​» ពេល​នោះ​នាង​មិន​ទាន់​បាន​ឆ្លើយ​ផង​ក៏​ស្រាប់តែ​មាន​ស្ត្រី​សង្ស័យ​ម្នាក់​ទៀត​មក​ប្រាប់​ថា «​កុំ​មាត់​ខ្លាច​គេ​ឮ ខ្ញុំ​រើស​បាន​មាស​១​ថង់​» ។ បន្ទាប់​មក​ស្ត្រី​ដែល​មក​ក្រោយ​នេះ​បាន​ស្រាយ​មាត់​ថង់​ឲ្យ​នាង​មើលឃើញ​សុទ្ធតែ​លុយ និង​មាស​ក្រហមច្រាល​ពេញ​ថង់​ស្រប​ពេល​នោះ​ក៏​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ដល់ រួច​ហើយ​ស្ត្រី​សង្ស័យ​ទាំង​២​នាក់ ក៏​បាន​នាំ​នាង​ជិះ​ម៉ូតូ​ទៅ​កាន់​ចំណុច​ក្រោម​ស្ពាន​អាកាស​ថ្មើរជើង​ផ្លូវជាតិ​លេខ​៤ ជិត​ផ្សារ​ជម្ពូ​វ័ន ដោយ​ប្រាប់​ថា យក​ទៅ​ចែក​គ្នា​នៅ​ទីនោះ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​ទៅ​ដល់​ស្ពាន​អាកាស​ថ្មើរជើង​នោះ​ពួក​ជនសង្ស័យ​បាន​ប្រាប់​ថា ឲ្យ​នាង​យក​មាស និង​លុយ​១​ថង់​នោះ​តែ​ម្ដង​ទៅ​មិនបាច់​ចាំ​យក​ទៅ​លក់​ចែក​គ្នា​នាំ​តែ​យូរ​ម្ចាស់​គេ​មក​ទាន់​នោះ​ទេ ។ ចំណែក​ពួក​គេ​ក៏​សុំ​ដោះ​យក​ខ្សែ​ក​របស់​នាង​ជា​ថ្នូរ​ជាមួយ​មាស និង​លុយ​១​ថង់​នោះ ហើយ​ខណៈនោះ​ដែរ នាង​ហាក់​វង្វេងស្មារតី និង​ឈរ​តោង​ជញ្ជាំង​ស្ពាន​ឲ្យ​ជន​ទាំងនោះ​ដោះ​យក​ខ្សែ​កតាម​ចិត្ត មិន​បាន​គិត​ឃើញ​អ្វី​នោះ​ឡើយ ។ លុះ​ក្រោយ​ដោះ​យក​ខ្សែ​ក​នាង​ហើយ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ចំណែក​នាង​ស្រាយ​មាត់​ថង់​ពណ៌​ក្រហម​មើល​ម្ដងទៀត​ឃើញ​សុទ្ធតែ​គ្រាប់កង់​ទើប​ដឹង​ថា​ចាញ់បោក​ចោរ ហើយ​អង្គុយ​យំ​ដោយ​មិនដឹង​ខ្លួន ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​កំពុង​អង្គុយ​យំ​នៅ​ក្រោម​ស្ពាន​អាកាស​ថ្មើរជើង​ក៏​បាន​ដឹក​យក​មក​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ធ្វើការ​សួរនាំ និង​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ទម្លាក់យោង​នេះ ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ