ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​​ខាង​​ប្រុស​​យឺត​​យាវ​​ត្រូវ​​ខាង​​ស្រី​ចោទ​​ប្រកាន់​​ថា ​ចាប់​​រំលោភ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​​ភាគី​​ខាង​​ស្រី​ប្ដឹង​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​សេព​សន្ថវៈ ​ខណៈ​ដែល​គ្រាន់​តែ​​យុវជន​​ខាង​​លើ​នេះ ​សុំ​ពន្យារ​​ពេល​​រៀប​ចំ​ពិធី​សែន​ព្រេន ​ដោយ​សារ​ឪពុក​ម្ដាយ​​របួស​​ខ្លួន​​នៅ​ខេត្ត​ឆ្ងាយ​​មិន​​ទាន់​ធ្វើ​ដំណើ​មក​ដល់។

​ហេតុ​ការណ៍​ភាគី​ខាង​ស្រី​ដាក់​ពាក្យ​ប្ដឹង​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​​ឱ្យ​​ដឹង​​ថា ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​នារី​ឈ្មោះ ​ប.គ.ស ​អាយុ​១៨ឆ្នាំ ​ទី​លំនៅ​ភូមិ​ចតុ​លោក​ ឃុំ​បា​រាយណ៍ ស្រុកបារាយណ៍ បាន​បញ្ជាក់ថា កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២១ មីនា ២០១១ ពេលដែលនារីរូបនេះត្រឡប់មក​ពី​មើលគេរាំធុង​បាស់វិញ ក៏​បានអង្គុយលេងនៅ​លើ​អង្រឹង​ក្រោម​ផ្ទះរបស់បងស្រី​ជាមួយ​យុវ​ជន​ឈ្មោះ​វុន បញ្ញា ហៅយ៉ា អាយុ​២៤ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ប៉ោយ​សំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅស៊ីឈ្នួលបោក​ស្រូវ​​ឱ្យ​គេ​នៅ​ក្នុង​ភូមិចតុលោក ឃុំបារាយណ៍ ពេល​នោះ​ជន​ជាប់ចោទក៏ធ្វើសកម្មភាពចាប់​រំលោភ​នៅលើ​អង្រឹងតែម្ដង។

ដោយឡែកស្ត្រីជាម្ចាស់ផ្ទះត្រូវជាបងស្រី​របស់នារីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅ​យប់នោះខ្លួនបានលឺសំលេង​រអ៊ូៗ ក៏មើល​តាម​ចន្លោះប្រហោងរនាបផ្ទះ ពេលនោះ​ក៏​បាន​ឃើញ​ជនជាប់ចោទកំពុង​ធ្វើសកម្មភាពរំលោភ​ប្អូន​ស្រី ហើយខ្លួនក៏​ស្រែកសួរ និងផ្អើលឆោឡោឡើង។ ជា​មួយការចោទប្រកាន់របស់​គ្រួសារ​នារីរង​គ្រោះ​ខាងលើនេះ សាក្សីពីរនាក់ដែល​ធ្លាប់​បាន​ដឹង​រឿងរវាង​អ្នកទាំងពីរ​បាននិយាយថា កន្លង​មក ​អ្នកទាំងពីរធ្លាប់មានទំនាក់​ទំនងស្រឡាញ់គ្នា ប៉ុន្តែទំនងជាបងស្រី​នាង​មិនដឹងរឿងប្អូន ឬ​អាច​និយាយថា ទំនងជា​ខ្លាចខាងប្រុស​ក្រឡាស់​សម្តី​ឪពុកម្ដាយ មិនព្រមមករៀបចំសែនព្រេន ទើប​មាន​ការចោទ​ប្រកាន់​ថា​រំលោភ។

ដោយឡែកឪពុកខាងប្រុសវិញបានប្រាប់​នគរបាលថា គាត់គ្មានចេតនា​បោកប្រាស់ ឬ​ក្រឡាស់​សម្តីឡើយ គឺរង់ចាំតែរួចរាល់​ការងារ​បន្តិច​តែប៉ុណ្ណោះ ហើយបើ​កូនប្រុសគាត់មាន​បំណង​រត់គេចប្រហែលជាគេ​រត់​តាំងពីយូរ​មក​ហើយ។ នៅឯអធិការនគរបាលស្រុកបារាយណ៍ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ​ភាគីនារីរង​គ្រោះបានធ្វើការទាមទារសំណង​ប្រាក់​ជាងមួយពាន់ដុល្លារ​ពីខាងប្រុស ប៉ុន្តែ​ភាគី​ខាង​ប្រុសគ្មានលទ្ធភាព ទើបរឿងរ៉ាវនេះឈាន​ដល់​ការបញ្ជូនខ្លួន៕