ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរន្ត​ទីផ្សារ​ និង​ការ​ផ្គត់ផ្គង់​ខុន​ដូ​ងាក​មក​​ពឹងផ្អែក​ខ្លាំង​លើ​តម្រូវការ​ក្នុងស្រុក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ការ​សាងសង់​ខុន​ដូ​នៅ​ក្រុងភ្នំពេញ​មានការ​រីក​ដុះដាល​ជា​ខ្លាំង​នៅ​តាម​បណ្តា​ខណ្ឌ​នីមួយ​ៗ ប៉ុន្តែ​ការ​លក់​ចេញ​មិន​មាន​ភាព​រលូន​នោះ​ទេ ដោយសារ​តែ​ទីផ្សារ​ខុន​ដូរ​ពឹងផ្អែក​ជា​ខ្លាំង​ទៅ​លើ​អតិថិជន​បរទេស​។ ដោយសារ​ឃើញ​មាន​តឹងតែង​ក្នុង​ការ​លក់ ក្រុម​អ្នក​អភិវឌ្ឍន៍​សាងសង់​ខុន​បាន​ផ្តាស់​ប្តូរ​ចរន្ត​ទីផ្សារ​និង​តម្រូវការ​របស់​ខ្លួន​ដោយ​សាងសង់​ខុន​ដូ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​វិញ ។ លោក…

រាជធានី​ភ្នំពេញ ៖ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ការ​សាងសង់​ខុន​ដូ​នៅ​ក្រុងភ្នំពេញ​មានការ​រីក​ដុះដាល​ជា​ខ្លាំង​នៅ​តាម​បណ្តា​ខណ្ឌ​នីមួយ​ៗ ប៉ុន្តែ​ការ​លក់​ចេញ​មិន​មាន​ភាព​រលូន​នោះ​ទេ ដោយសារ​តែ​ទីផ្សារ​ខុន​ដូរ​ពឹងផ្អែក​ជា​ខ្លាំង​ទៅ​លើ​អតិថិជន​បរទេស​។ ដោយសារ​ឃើញ​មាន​តឹងតែង​ក្នុង​ការ​លក់ ក្រុម​អ្នក​អភិវឌ្ឍន៍​សាងសង់​ខុន​បាន​ផ្តាស់​ប្តូរ​ចរន្ត​ទីផ្សារ​និង​តម្រូវការ​របស់​ខ្លួន​ដោយ​សាងសង់​ខុន​ដូ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​វិញ ។

លោក ហ៊ឹ​ម សីហា នាយក​ស្រាវជ្រាវ​ទីផ្សារ​នៃ​ក្រុមហ៊ុន Vtrust បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា​ម្សិលមិញ​ថា «​ជា​ទូទៅ​ស្ថានភាព​ខុន​ដូ​នៅ​ក្រុងភ្នំពេញ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​ទីផ្សារ​ខុន​ដូ​កំពុង​មាន​សកម្មភាព​ខ្លាំង​។ ខុន​ដូ​សាងសង់​ឡើង​ថ្មី​ៗ​កន្លង​មក​ផ្តោត​ខ្លាំង​ទៅ​លើ​តម្រូវការ​ក្នុងស្រុក​ដែល​តម្លៃ​មួយ​យូ​នី​ត​ចន្លោះ​ពី​៦​ម៉ឺន​ទៅ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ដូចនេះ​ទីផ្សារ​ខុន​ដូ​នៅ​ក្រុងភ្នំពេញ​នូវ​មាន​ស្ថានភាព​ដើរទៅ​ដោយ​រលូន​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​»​។

បើ​តាម​អ្នកជំនាញ​រូប​នេះ ទីផ្សារ​ខុន​ដូ​នៅ​រក្សា​សន្ទុះ​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​បាន​មក​ពី​តម្រូវការ​ក្នុងស្រុក ដូចនេះ​ទើប​ធ្វើ​ឱ្យ​ទីផ្សារ​ទាំងមូល​នៅ​តែ​មាន​កំណើន​មក​ដល់​នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០១៩​នេះ ។

លោក​បាន​បន្ត​ថា «​ចំពោះ​ខុន​ដូ​នៅ​ក្រុងភ្នំពេញ​យើង​ឃើញ​ការ​លក់​មាន​សន្ទុះ​ការ​កើនឡើង ។ តួយ៉ាង​ខុន​ដូ​បើក​លក់​ថ្មី​នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​មាន​ប្រមាណ​៦​ពាន់​យូ​នី​ត (​ខ្នង​) ក្នុង​នោះ​ទីផ្សារ​ស្រូប​ទាញ​បាន​ក្នុង​រង្វង់​ពី​៣​ទៅ​៤% មាន​ន័យ​ថា​ក្នុង​គម្រោង​មួយ​អាច​ថា​ខុន​ដូ​មួយ​អាច​លក់​ខុន​ដូរ​បស់​ខ្លួន​អស់​ក្នុង​រយៈពេល​ជា​មធ្យម​២​ឆ្នាំ​ហើយ​ចំនួន​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​បើ​ប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​» ។

លោក ហ៊ឹ​ម សីហា បាន​សង្កត់ធ្ងន់​ថា កន្លង​មក​ទីផ្សារ​ខុន​ដូ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ទីផ្សារ​បរទេស​ធ្វើការ​ឱ្យ​ការ​លក់​មាន​លក្ខណៈ​រាង​តឹងតែង​ធ្វើ​ឱ្យ​អ្នក​ក្នុងស្រុក​មិន​អាច​លូក​ចាប់​បាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​ងាក​មក​ពឹងផ្អែក​លើ​តម្រូវការ​ក្នុងស្រុក​ទិញ​សម្រាប់​ស្នាក់​នៅ​និង​ទិញ​សម្រាប់​ទុក​ជួល​បន្ត។

លោក​ផុ​ន សំ​ផា (Sampha Phon) ដែល​ជា​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ​មួយ​រូប​បាន​មើលឃើញ​ថា តាម​ការ​សង្កេត​ឃើញ​ការ​លក់ខន​ដូ​នៅ​ធម្មតា ហើយ​ខ្មែរ​ចាប់ផ្តើម​ចេះ​ទិញ​ខន​ដូ​ច្រើន​ជាង​មុន​។ ចំណែក​បូ​រី ឃើញ​កើន​ខ្លាំង​នៅ​ទិស​ខាងលិច ដូច​ជា​នៅ​ម្តុំ​ចំការ​កូន​ឈើ វិហារ​ចិន​ក្រាំ​ធ្នុង ក្បែ​វត្ត​ភ្នៀ​ត ផ្លូវ​៤២ ក្រោយ​ទីលាន​កូនគោល​ជាដើម​។ ការ​ផ្គត់ផ្គង់​ច្រើន ធ្វើ​អោយ​ផ្ទះ​ល្វេ​ង​មិនសូវ​ឡើងថ្លៃ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បង្ហាញ​ថា​គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​៣.៤៣៣​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១៣​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៦.៤៩៤​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​រយៈពេល​៩​ខែ​ដូច​គ្នា​ឆ្នាំ​២០១៨​មាន​២.៥៤១​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៨២០​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​៣៤,៧៣%​។

បើ​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា «​ក្នុង​ចំណោម​គម្រោង​ទាំងអស់​ក្នុង​នោះ​សម្រាប់​សមត្ថកិច្ច​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ​២៧៤​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៥.៧៥២​លាន​ដុល្លារ​អា​មេ​រិ​ក​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន ២២៤​គម្រោង មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៤៧៥​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង​២៨,៥៣%​។

​ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត​មាន​១៥៩​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង​៧៤២​លាន​ដុល្លា​អា​មេ​រិ​ក ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន​៣៤៤​លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង​ជាង​១១៥%» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ