ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​ទិញ​ស្រែ​មិន​លក់​…​ថៅកែ​ដាក់​គ្រឿងចក្រ​កាយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​ថៅកែ​កាយ​ខ្សាច់​ដ៏​មានអំណាច​នៃ​ស្ទឹង​ស្លា​គូ បាន​ប្រើ​កូនចៅ​ឲ្យ​យក​គ្រឿងចក្រ​ទៅ​កាយ​បក​ដី​យក​ខ្សាច់​ដល់​ព្រំ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បន្ទាប់​ពីចរចា​សុំ​ទិញ​មិន​បាន ។ សកម្មភាព​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា នៅ​ខាងលិច​ចម្ការ​ដូង…

ខេត្តកំពង់ស្ពឺ ៖ ​ថៅកែ​កាយ​ខ្សាច់​ដ៏​មានអំណាច​នៃ​ស្ទឹង​ស្លា​គូ បាន​ប្រើ​កូនចៅ​ឲ្យ​យក​គ្រឿងចក្រ​ទៅ​កាយ​បក​ដី​យក​ខ្សាច់​ដល់​ព្រំ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បន្ទាប់​ពីចរចា​សុំ​ទិញ​មិន​បាន ។ សកម្មភាព​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា នៅ​ខាងលិច​ចម្ការ​ដូង ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ។ តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា កាលពី​ព្រឹកថៅកែ​សុខ បានឱ្យ​កូនចៅ​របស់​ខ្លួន​យក​គ្រឿង
ចក្រ​​ទៅ​កាយ​បក​យក​ខ្សាច់​នៅ​ជិត​ចំណុច​ខាងលើ​ជា​ដី​ដែល​ទិញ​ហើយ​ជាប់​ស្រែ​នោះ ។ លុះ​កាយ​ដល់​ព្រំ​ដី​អ្នក​មិន​ព្រម​លក់ ថៅកែ​រូប​នោះ​បាន​បញ្ជា​ឲ្យ​កូនចៅ​កាយ​រហូត​ដល់​ភ្លឺស្រែ​របស់​គាត់​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​ឃើញ​សកម្មភាព​ដូច្នេះ ម្ចាស់​ស្រែ​បាន​ទៅ​ឃាត់​តែ​គេមិន​បាន​ឈប់​ឡើយ គឺ​នៅ​តែ​បន្ត​កាយ​កៀក​ជាប់​បណ្តាល​ឱ្យ​បាក់​ភ្លឺស្រែ​របស់​គាត់ ។ ដោយ​ឃើញ​សកម្មភាព​របស់​កូនចៅ​ថៅកែ​សុខ​នៅ​តែ​រំលោភ​បំពាន​បែប​នេះ ម្ចាស់​ស្រែ​បាន​ទៅ​ហៅ​មេ​ភូមិ​ឱ្យមក​ជួយ​អន្តរាគមន៍ តែ​ហាក់ដូចជា​អត់​ប្រយោជន៍ ព្រោះ​គេ​មិន​បាន​ស្តាប់​សម្តី​របស់​មេ​ភូមិ​ឡើយ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ដោយ​ទាល់​តម្រិះ​មេ​ភូមិ​បាន​ត្រឹម​ប្រាប់​ម្ចាស់​ស្រែ​ថា យក​មុង​ភួយ​មក​ដេកចាំ​ការពារ​តែ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​គេ​កាយ​ចូល​ដី​របស់​យើង​។ ទោះជា​យ៉ាងណា​សកម្មភាព​នៃ​ការ​កាយ​បក​យក​ខ្សាច់​របស់​ថៅកែ​សុខ ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ គឺ​ធ្វើ​ឡើង​ដោយ​អាង​អំណាច​តែ​ម្តង គេ​មិន​ខ្លាច​អ្នក​ណា​ឡើយ​កុំ​ថា​ឡើយ​មន្ត្រី​ជំនាញ។

បើ​តាម​សាច់ញាតិ​របស់​ម្ចាស់​ស្រែ​និយាយ​ថា ដី​ដែល​គេ​កាយ​មក​កៀក​ដល់​ភ្លឺស្រែ​រហូត​បាក់​ដី​នេះ​មាន​ទំហំ​៦០​អា ម្ចាស់​គ្មាន​គម្រោង​លក់​ទេ គឺ​ទុក​សម្រាប់​កូនចៅ​ធ្វើស្រែ​ទៅ​ថ្ងៃក្រោយ ។​កន្លង​មក ថៅកែ​សុខ​ធ្លាប់​បាន​ចរចា​សុំ​ទិញ​ដែរ​តែ​ម្ចាស់​ដី​គាត់​មិន​ព្រម​លក់​។ លុះ​ពេល​មានឱកាស​ទិញ​ស្រែ​ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​បាន​ហើយ ទើប​គេ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​កាយ​រហូត​ដល់​ព្រំ​បែប​នេះ​តែ​ម្តង ដើម្បី​ឱ្យ​ម្ចាស់​ភ័យ​ខ្លាច​បាក់​ដី​ធ្វើស្រែ​ហើយ​អាច​ព្រម​លក់​ឱ្យ​ខ្លួន ។មានការ​លើក​ឡើង​ទៀត​ថា ការ​ធ្វើ​បែប​នេះជា​ទម្លាប់​របស់​ក្រុម​ឈ្មួញ​រកស៊ី​កាយ​និង​បក​ដី​ទៅ​ហើយ គេ​ធ្វើ​របៀប​នេះ​គឺ​ដើម្បី​ទិញ​បាន​ថោក​ព្រោះតែ​ម្ចាស់​ខ្លាច​បាក់​ដី​ធ្វើស្រែ​មិនកើត ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ឈឺ​ន សុ​ធន់​អភិបាលស្រុក​ប​សេដ្ឋ បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា​ថា លោក​មិន​បាន​ជ្រាបពី​បញ្ហា​នេះ​ទេ ចាំ​មើល​លោក​ឲ្យ​ខាង​ឃុំ​ទៅ​ពិនិត្យ​មើល ។ ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ញញើត​ច្បាប់​របស់​ថៅកែ​សុខ​នេះ​ដែរ មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​មួយ​រួប បាន​បង្ហើប​ថា គាត់​មាន​អាជ្ញាប័ណ្ណ​តែ​ខាង​ដី​ខេត្តតាកែវ​ទេ ឯ​ដី​ខាង​កំពង់ស្ពឺ​គឺ​មិន​មានច្បាប់​អនុញ្ញាត​ឲ្យ​ចូល​មក​ធ្វើ​សកម្មភាព​ឡើយ ។ ទោះជា​បែប​នេះ​ក្តី អ្នកដឹង​បាន​ត្រឹមតែ​ដឹង ព្រោះ​ជា​មន្ត្រី​តូចតាច មិន​អាច​ធ្វើ​អ្វី​កើត​ទេ​គេ​មាន​ខ្សែ​គេ​មិន​ខ្លាច​នោះ​ទេ​។

ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ភូមិ​ត្រពាំង​ឈូក និង​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ពោធិ៍​អង្គ្រង បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​លោក វី សំណាង អភិបាលខេត្ត ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សូម​មេត្តា​ចាត់វិធានការ​ជួយ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ថៅកែ សុខ​នេះ​ផង បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ដែល​រង​គ្រោះ​ដូច​គ្នា​នេះ​ទៅ​ថ្ងៃក្រោយ ។

ប្រជាពលរដ្ឋ​សង្ឃឹម​និង​ជឿជាក់​ថា លោក​អភិបាលខេត្ត ប្រាកដជា​ចាត់វិធានការ​ចំពោះ​ឈ្មួញ​រូប​នេះ កុំឱ្យ​គេ​ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ​របៀប​នេះ​ទៀត ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ មិន​អាច​សុំ​ការ​ពន្យល់​ពី​សំណាក់​លោក សុខ បាន​ទេ ​។​

អត្ថបទសរសេរ ដោយ