ខេត្តកែប ៖ ពិតជាកម្រឃើញមានណាស់ ចេតិយមានអាយុកាលជាង១០០ឆ្នាំមុន នៅកណ្ដាលព្រៃ ត្រូវបានអាជ្ញាធរដង្ហែកឋិន និងកសាងវត្តព្រះចេតិយ ដែលអាជ្ញាធរខេត្តកែបបានអះអាងថា មានអាយុកាល១៥០ឆ្នាំមុន សាងសង់នៅកណ្ដាលព្រៃ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
អាជ្ញាធរខេត្តកែប និងក្រុងកែបពិតជាបានយកចិត្តទុកដាក់ចំពោះចេតិយដែលមានវ័យជំនាស់ជាងគេ ខណៈពេលដែលលោក កែន សត្ថា អភិបាលខេត្តកែប និងលោកម៉ៅ ចន្ទ័តារ៉ា និងលោកជំទាវ ង៉ែត សុម៉ាលី រួមទាំងមន្ត្រីសាលាក្រុង និងមន្ត្រីសាលាខេត្តកែបជាច្រើននាក់ បានផ្ដើមធ្វើបុណ្យកឋិនទាន សាមគ្គីដង្ហែចូលទៅកាន់ចេតិយមួយខាងលើ ដើម្បីយកបច្ច័យយកទៅកសាងវត្តអារាមថ្មីនៅទីនោះ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ។
លោក កែន សត្ថា អភិបាលខេត្តកែប-លោកអភិបាលរងខេត្ត-លោកស្រី អភិបាលស្រុកដំណាក់ចង្អើរ-លោកស្រីអភិបាលក្រុងកែប រួមទាំងលោកអភិបាលរង និងមន្ត្រីមកពីមន្ទីរនានា ជុំវិញខេត្តសុទ្ធតែបានអុជធូបទៀនបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីនៅមុខព្រះចេតិយនេះ ។
លោក កែន សត្ថា បាននិយាយប្រាប់អ្នកយកព័ត៌មាន ដោយឥតបានព្រាងទុក្ខថា ចេតិយ ដែលមានវ័យជំនាស់នេះ បើយើងស្រាវជ្រាវមើលមិនក្រោមពីមានអាយុកាល១៥០ឆ្នាំមុននោះទេ។ លោកនិយាយថា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់ឆ្នាំ២០១៩នេះត្រង់ចំណុចព្រៃដែលយើងផ្ដើមកសាងវត្តនេះ មានតែចេតិយមួយប៉ុណ្ណោះ ។
លោកបន្តទៀតថា ក្នុងចំណោមវត្តទាំង១៦ ក្នុងខេត្តកែប មានតែវត្តសត្ថារាជាអង្គព្រៃធំនេះទេ យើងទាំងអស់គ្នាកំពុងខិតខំកសាងធ្វើវត្តនៅកន្លែងចេតិយនេះឲ្យបានសមរម្យទោះជាស្ថានភាពផ្លូវចូលវត្តអាក្រក់យ៉ាងណាក៏ដោយ ។ លោកបានប្រកាសឲ្យដឹងជាផ្លូវការថា ការធ្វើបុណ្យកឋិនទានដង្ហែចូលចេតិយដែលយើងផ្ដើមកសាងវត្តនេះ បានបច្ច័យសម្រាប់កសាងចំនួន១០៧លានរៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ