ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ផ្លូវ​ខូច​យ៉ាងដំណំ​… មិន​អស់ចិត្ត​ដល់​ផ្លូវ​ក្រួស​ក្រហម​​ទៀត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្លូវ​ជនបទ​ចាក់​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ស្រុក​អង្គរធំ អង្គរជុំ និង​ស្រុក​វ៉ា​រិ​ន ត្រូវ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ដឹក​ថ្ម នៅ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្លូវ​ជនបទ​ចាក់​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ស្រុក​អង្គរធំ អង្គរជុំ និង​ស្រុក​វ៉ា​រិ​ន ត្រូវ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ដឹក​ថ្ម នៅ​ខេត្តសៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​មេឃុំ​គោក​ដូង បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​សរសៃឈាម​​​សេដ្ឋ​កិច្ច​ដ៏​សំខាន់​របស់​ប្រជា​កសិករ​ក្នុងស្រុក​ទាំង​៣ ដើម្បី​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ ។​ក្រោយ​​ពេល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ផ្លូវ​មួយ​ខ្សែ​ដោយ​ធ្វើការ​ស្ថាបនា​ក្រាល​ថ្ម ចាក់​ក្រាល​កៅស៊ូ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​យ៉ាង​ខ្លាំង និង​ធ្វើ​ដំណើរ​ទៅ​មក​ឆាប់រហ័ស មិន​ពិបាក​ដូច​កាល​ផ្លូវ​ដីក្រហម​នោះ​ឡើយ​។

លោក​មេឃុំ​បន្ត​ថា តែ​គួរ​ឲ្យ​អនិច្ចា​ផ្លូវ​ជនបទ​មួយ​ខ្សែ​នេះ មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ក៏​ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ​ពិ​កបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក សំខាន់​នៅ​ពេល​រថយន្ត​ដឹក​អ្នកជំងឺ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង ពីព្រោះ​តួ​ផ្លូវ​បាន​ក្លាយទៅជា​ក្រឡុក​ធំ​ៗ មើល​មិន​យល់​ថា​ជា​ផ្លូវ​នោះ​ឡើយ ។

លោក​មេឃុំ​បន្ត​ទៀត​ថា បញ្ហា​ទាំងនេះ គឺ​បណ្តា​មក​ពី​ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​បាន​ដឹក​ជញ្ជូន​ថ្ម​ចេញពី​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​ដូង​នេះ ដោយ​បាន​ផ្ទុក​លើស​ទម្ងន់ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​សិប​គ្រឿង​ក្នុង​ការ​ដឹក​ជញ្ជូន ។ ម្យ៉ាងទៀត នៅ​ពេល​ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការ​ខូចខាត​ប៉ុណ្ណឹង​ហើយ ក្រុម​រថយន្ត​​ទាំងនេះ​ក៏​បើក​ឆ្លងកាត់​ទៅ​តាម​បណ្តា​ផ្លូវ​ផ្សេង​ៗ​ទៀត​ដែល​ជា​ផ្លូវ​ក្រួស​ក្រហម ក៏​ត្រូវ​បំផ្លាញ​​គ្មាន​សល់​អ្វី​ឡើ​ល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្តៅក្រហាយ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ថ្ម​ទាំងនេះ​ទៀត​ផង​។

លោក​បាន​បន្ត​ទៀត​ថា ពេល​នេះ ក្រុមហ៊ុន​ធ្វើ​អា​ជី​កម្ម​ថ្ម បាន​ឲ្យ​គ្រឿងចក្រ​ធ្វើការ​សម្រួល​ផ្លូវ​ក្នុងភូមិ​គោក​ដូង តែ​វា​ជា​ការ​ឥតអំពើ​នោះ​ទេ គឺ​ផ្លូវ​ខូច ហើយ​មិនមែន​តែ​ខូច​នៅ​ក្នុងភូមិ​គោក​ដូង​ឡើយ គឺ​តាម​បណ្តោយ​ផ្លូវ​នេះ​ទាំងស្រុង​តែ​ម្តង ។

បើ​តាម​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ខូចខាត​ប៉ុណ្ណឹង​ហើយ ការ​បើក​របស់​រថយន្ត​ទាំង នោះ​ក៏​ពុំដែល​បង្អង់​ល្បឿន​ឡើយ បង្ក​ឲ្យ​មាន​ធូលី​ហុយ​ចូល​ក្នុងផ្ទះ​ពួក​គាត់​នៅ​ពេល​កំពុង​ទទួលទាន​អាហារ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ទាំង​ចាស់ ទាំង​ក្មេង ។ ក្នុង​នោះ​បងប្អូន​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​សង្គ្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ផង និង​មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​ថ្ម​លើស​ទម្ងន់​នេះ​ផង ដែល​ជា​អ្នក​ដើមហេតុ​បំផ្លាញ​ផ្លូវ​របស់​ពួក​គាត់ ។

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​អង្គរជុំ បាន​ប្រាប់​ថា ផ្លូវ​មួយ​ខ្សែ​នេះ គឺ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មាន​គម្រោង​រួច​ហើយ​ក្នុង​ការ​ស្តារ​ឡើង​វិញ ប៉ុន្តែ​បញ្ហា​ចំបង​នោះ ទាំង​មន្ទីរ​សាធារណការ និង​អភិវឌ្ឍន៍ជនបទ មានការ​ញ៉ាក​ចំពោះ​ក្រុម​រថយន្ត​ដឹក​ថ្ម​ទាំងនោះ​ឯង ។ ដោយ​កន្លង​មក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ធ្វើការ​ថ្លឹង​ទម្ងន់​រថយន្ត​ដឹក​ជញ្ជូន​ថ្ម ដី​ទាំងនេះ ក៏​មាន​ផ្ទុះ​ការ​តវ៉ា​ម្តង​មក​ហើយ​ដែរ​។

តែ​នៅ​ពេល​អាជ្ញាធរ​ស្រុក​ទាំង​បី ធ្វើការ​រឹត​បណ្តឹង​ទៅ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ ក្រុម​រថយន្ត​ទាំងនេះ​បាន​បង្វែរ​ដឹក​ជញ្ជូន​ចូល​តាម​ផ្លូវ​ដីក្រហម​ក្នុងភូមិ បាន​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខឹង​ទៀត​ផង ។ ជុំវិញ​បញ្ហា​ទាំងនេះ គឺ​ត្រូវ​ធ្វើការ​ពឹងផ្អែក​ទៅ​នឹង​មន្ទីរ​រ៉ែ និង​ថាមពល ដែល​​ជា​ម្ចាស់​អង្គ​សាមី​ក្នុង​ការ​អនុញ្ញាត​ច្បាប់​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​នៅ​ស្រុក​នេះ​ផង​ដែរ​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ