ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ភ្ជង់​​ដោយ​កាំភ្លើង​​ច្នៃ​​យក​ប្រាក់​​បាន​៥​ម៉ឺន​រៀល​ចាប់ខ្លួន​៣​នាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ជន​សង្ស័យ​​​ចំនួន​៣​នាក់ ​ដែល​ជាប់​ចោទ​​ពី​បទ​គំរាម​វាយ​យក​ប្រាក់​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ​បាន​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ចំការ​ស្វាយ​ចន្ទី ហើយ​​​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​​ខេត្ត​នៅ​ព្រឹក​​ថ្ងៃ​​ទី​៣០ មីនា។ លោក​សម សាក់ នាយ​រង​ការិយា​ល័យ​កណ្តាល​នគរ​បាល​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា​ ជន​ទាំង​៣​នាក់ នេះ​មាន​​ ១-ឈ្មោះ​ឃឹម សេម ហៅ​ឡុង ភិន ​អាយុ​៣០​ឆ្នាំ ២-ឈ្មោះ​​ហៀង ភាន់ អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​ ធ្វើ​ស្រែ​នៅ​ភូមិ​ថ្លុក​​ដូនស ឃុំ​ស្រង់ ស្រុក​គង​ពិសី ​និង​៣-ឈ្មោះ​​ហៀង សេង អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​​រលាំង​ទឹក ឃុំ​ស្រង់ ស្រុក​គង​ពិសី ។

តាម​ការ​ចោទ​ប្រកាន់​​បាន​ឱ្យ​ដឹង​ថា នៅ​​វេលា​​ម៉ោង​៧​​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មីនា ​ក្រុម​​ជន​នេះ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ឈ្មោះ​ម៉ៅ ម៉ុម ភេទ​​ស្រី អាយុ​៤៥​ឆ្នាំ ​នៅ​ភូមិ​ក្រាំង​ក្រូច ឃុំ​ក្រាំង​ដី​វ៉ាយ ហើយ​​​យក​កាំភ្លើង​​ច្នៃ​​​១ដើម​ភ្ជង់ និង​វាយ​ក្បាល​ម្ចាស់​ផ្ទះ ​បណ្តាល​បែក​​​ហូរ​ឈាម​ជោក​​ផ្ទៃ​មុខ។ ​ពួក​គេ​បាន​ភ្ជង់​​កុំ​ឱ្យ​គាត់​ស្រែក រួច​ឱ្យ​ប្រមូល​ប្រាក់​ដែល​រក​បាន​ប៉ុន្មាន​​​ប្រគល់​ឱ្យ​​ពួក​គេ ។ តាម​ព័ត៌​មានថា ​ស្ត្រី​ម្ចាស់​ផ្ទះ​បាន​ប្រាប់​ក្រុម​​ជន​សង្ស័យ​​ថា គាត់​យក​ប្រាក់​ទិញ​ឈើ​ទិញ​គ្រឿង​ធ្វើ​ផ្ទះ​អស់​ហើយ ​នៅ​សល់​តែ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ពួក​គេ​ក៏​កញ្ឆក់​បាន​ប្រាក់​៥​ម៉ឺន​រៀល​​នោះរួច​នាំ​គ្នា​ចេញ​ពី​ផ្ទះ​អស់​ទៅ ។ ក្រោយ​​ពី​ចេញ​ផុត​ ជន​រង​​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថ​កិច្ច​​ ក៏​​បាន​តាម​ចាប់​ខ្លួន ​លុះ​ដល់​​ម្តុំ​ចំការ​ស្វាយ​ចន្ទី​ ចន្លោះ​គីឡូ​ម៉ែត្រ​៨២​ទៅ​លេខ​​៨៣ ក៏​ចាប់​ខ្លួន​បាន ។

នៅ​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​ខេត្ត ​ប៉ូលិស​បាន​​បញ្ចេញ​​មនុស្ស​ចំនួន​៥​នាក់ ​ដើម្បី​ឱ្យុ​ជន​រង​គ្រោះ​ចង្អុល​បង្ហាញ​ថា អ្នក​​ណា​ជា​អ្នក​វាយ​ក្បាល​ឱ្យ​របួស​ និង​គំរាម​យក​បាន​ប្រាក់​៥​​ម៉ឺន​រៀល​នោះ ។ ​ពេ​ល​នោះ​ស្ត្រី​ឈ្មោះ​ម៉ៅ ម៉ុម បាន​ចង្អុល​ប្រាប់​សមត្ថ​កិច្ចថា មាន​ឈ្មោះ​ឃឹម ​សេម ហៅ​ឡុង ភិន ឈ្មោះហៀង ភាន់ និង​ឈ្មោះ​ហៀង សេង ហើយ​ជន​ទាំង​​​៣​នាក់​ត្រូវ​បាន​កសាង​​​​សំណុំ​រឿង​​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។
​មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ខេត្ត​បន្ត​ថា ឈ្មោះ​​ហៀង សេង និង​ហៀង ភាន់ ជា​មុខ​សញ្ញា​​​ធ្លាប់​ជាប់​ពន្ធ​នា​គារ​កន្លង​មក ពី​បទ​ប្លន់ ចំណែក​កាំភ្លើង​ច្នៃ​ប៉ូលិស​កំពុង​រុក​រក​​ជា​វត្ថុ​តាង​បន្ត ៕