រាជធានីភ្នំពេញ ៖ ជនសង្ស័យលួច ឆក់រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន២១នាក់ បានត្រូវនគរបាលខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។តាមមន្ត្រីនគរបាលបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបឃាត់ខ្លួនជន
សង្ស័យជាបន្តបន្ទាប់ ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ជាពិសេសជនសង្ស័យប្រើប្រាស់គ្រឿងញៀន ។
ប្រភពដដែលឲ្យដឹងទៀតថា នាព្រឹកថ្ងៃទី១៦ ខែតុលា ជនសង្ស័យចំនួន២១នាក់ដែលត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២១នាក់នេះ មាន១២ករណីផ្សេងគ្នា ក្នុងនោះលួច២ករណី៣នាក់ ឆក់១ករណី៣នាក់ រក្សាទុកគ្រឿងញៀន១ករណី២នាក់ និងប្រើប្រាស់គ្រឿងញៀន៨ករណី១៣នាក់ សរុបទាំងអស់២១នាក់ ។
គួរបញ្ជាក់ថា ចាប់ថ្ងៃទី១រហូតមកដល់ថ្ងៃទី១៦ ខែតុលា នគរបាលខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ចំនួន១៧២នាក់ មាន៨៥ករណី ។ នេះបើតាមការឱ្យដឹងពីនគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យទាំងនោះភាគច្រើនជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលត្រូវនគរបាលមូលដ្ឋានល្បាតមានការសង្ស័យឃាត់នាំយកទៅពិនិត្យទឹកនោមឃើញមានសារធាតុញៀន រួចចាប់បញ្ជូននិងត្រូវបានតុលាការចេញដិកាឃុំខ្លួន ។ ទោះបីជាយ៉ាងណា ជនទាំងនោះត្រូវបានមហាជនអះអាងថា សុទ្ធតែជាអ្នករងគ្រោះបែរជាចាប់បញ្ជូនទៅដាក់គុក ៕
ចែករំលែកព័តមាននេះ