ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​គុន​ចម្រុះ ចាន់ សំអាត ផ្ដល់​បទ​​ពិសោធន៍​កុំឱ្យ​មើល​វី​ដេ​អូ​គូប្រកួត

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ភាគច្រើន និង​គ្រូបង្វឹក​ដែល​ណែនាំ​ថា ត្រូវ​លួច​មើល​វី​ដេ​អូ គូ​ប្រកួត​​មុន​ពេល​ប៉ះ​គ្នា​ដើម្បី​ឲ្យ​ដឹង​ពី​បច្ចេកទេសនោះ ផ្ទុយ​ទៅ​វិញ​កីឡាករ​ជើង​ខ្លាំង​ផ្នែក​គុន​ចម្រុះ ចាន់ សំអាត បែរជា​ផ្ដល់​បទ​ពិសោធន៍​ផ្សេង​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ភាគច្រើន និង​គ្រូបង្វឹក​ដែល​ណែនាំ​ថា ត្រូវ​លួច​មើល​វី​ដេ​អូ គូ​ប្រកួត​​មុន​ពេល​ប៉ះ​គ្នា​ដើម្បី​ឲ្យ​ដឹង​ពី​បច្ចេកទេសនោះ ផ្ទុយ​ទៅ​វិញ​កីឡាករ​ជើង​ខ្លាំង​ផ្នែក​គុន​ចម្រុះ ចាន់ សំអាត បែរជា​ផ្ដល់​បទ​ពិសោធន៍​ផ្សេង​ទៅ​វិញ ។ ចាន់ សំអាត ស្នើ​កុំ​ឲ្យ​កីឡាករ​មើល​វី​ដេ​អូ​​​គូ​ប្រកួត ដោយ​ចាត់​ទុក​ថា នោះ​គឺជា​មធ្យោបាយ​ធ្វើ​ឲ្យ​បែក​អារម្មណ៍ ។

ជើង​ខ្លាំង​គុន​ចម្រុះ ចាន់ សំអាត បាន​អះអាង​ថា រូបគេ​មិន​មាន​ចំណូលចិត្ត​ស្វែងរក​បទ​ពិសោធន៍​និង​សមត្ថភាព​គូប្រកួត​មុន​ពេល​ឡើងសង្វៀន​ទេ ព្រោះ​យល់​ថា​ការ​ស្វែងរក​ចំណុចខ្លាំង ​និង​ចំណុចខ្សោយ​របស់​គូប្រកួត​កាន់តែ​លំអិត គឺ​មិន​ខុស​ពី​ធ្វើ​ឲ្យ​ខ្លួនឯង​មើលឃើញ​ពី​ចំណុ​ច​ខ្លាំង​ផ្នែក​ណាមួយ​របស់​គូប្រកួត ហើយ​ប្រែជា​បំបាក់ស្មារតី​របស់​ខ្លួន​នោះ​ទេ ។ អ្នកផ្សេង​គេ​កាន់តែ​មើល គេ​កាន់តែ​មាន​វិធានការ​ទប់ស្នៀត ប៉ុន្តែ​សម្រាប់​រូបគេ កាន់តែ​មើល​កាន់តែ​បែក​អារម្មណ៍ ហើយ​មាន​ប្រែប្រួល​ការ​តាំង​ចិត្ត ។ យ៉ាងណាមិញ រូបគេ​មាន​ទម្លាប់​ប្រឹង​ប្រែង​ហ្វឹកហាត់ ហើយ​បើ​ដល់​ម៉ោង​វាយ​គឺ​សម្រុក​ប្រកបដោយ​ជំនឿ​ចិត្ត​ខ្ពស់​តែ​ម្ដង ។

កីឡាករ​ដែល​ឡើង​ប្រកួត​គុន​ចម្រុះ​បាន ៦​ដង​រូប​នេះ​និយាយ​ថា រូបគេ​ហ្វឹកហាត់​ជា​ប្រចាំ​ក្នុង​ក្លិប Cambodian Top Team ជាមួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ហើយ​អត់​ចង់​មើល​ដៃគូ​ប្រកួត​រាល់​ពេល​មុន​ប្រកួត​ទេ ។ «​ពេល​ខ្ញុំ​មើលទៅ​នាំ​បែក​អារម្មណ៍ និង​គិត​នេះគិត​នោះ​តប់ប្រមល់​ច្រើន ។ ខ្ញុំ​អត់​ចង់​មើល ព្រោះ​ពេល​មើលទៅ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន។ ពេល​ឡើង​ទៅ​ស្ទាបស្ទង់​និង​វាយ​យក​តែ​ម្ដង ខ្ញុំ​មាន​ទំនុកចិត្ត​ជាង​»​។

កីឡាករ​រូប​នេះ​ដែល​មានឈ្មោះ​ដើម​ថា ធាន អាត រៀបរាប់​ទៀត​ថា នៅ​សង្វៀន ONE Championship រូបគេ​ឡើង​ប្រកួត​៣​ដង ដោយ​ឈ្នះ​ម្តង​និង​ចាញ់​២​ដង ។ ក្នុង​ចំណោម​ការ​ប្រកួត​៣​លើក​នៅ​សង្វៀន ONE Championship ចាន់ សំអាត ឈ្នះ​កីឡាករ​ថៃ Detchadin Srosi risuphathin កាលពី​ខែមីនា ឆ្នាំ​២០១៨ មុន​ចាញ់​កីឡាករ​ហ្វ៊ី​លី​ពី​ន Michael Fangki នៅ​ខែ​កក្កដា ឆ្នាំ​ដដែល និង​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ម៉ុង​ហ្គោ លី ZOLT-SETSEG កាល​ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នៅ​ប្រទេស​សិង្ហ​បុរី ។ ប៉ុន្តែ​បើ​និយាយ​អំពី​កំណត់​ត្រា​ប្រកួត​គុន​ខ្មែរ​វិញ ចាន់ សំអាត ឡើង​សង្វៀន​បាន​ជាង​១០០​ដង ដោយ​រូបគេ​បញ្ជាក់​ថា បើ​ប្រកួត​មិន​មើល​ច្រើន​ពី​​​គូ​ប្រកួត​ច្រើន​តែ​ឈ្នះ តែបើ​មាន​គេ​ជំរុញ​ឲ្យ​មើល ដឹង​តែ​ចាញ់​ព្រោះ​បែក​អារម្មណ៍ ។

ចាន់ សំអាត សង្កត់ធ្ងន់​ថា ពេល​ចំណាយពេល​មើល​គូប្រកួត​រមែង​តែង​ធ្វើ​ឲ្យ​រូបគេ​ភ័យ និង គិត​ច្រើន ទើប​ចាំតែ​ឡើង​វាយ​តែ​ម្តង ដោយ​ឃើញ​ឱកាស​ចន្លោះ​ប្រហោង​កន្លែង​ណា សម្រុក​វាយ កន្លែង​ហ្នឹង​តែ​ម្ដង ។ រូបគេ​ដឹង​តែ​ម្យ៉ាង គឺ​ត្រៀមខ្លួន​ឲ្យ​ខ្លាំង ត្រៀមខ្លួន​ឲ្យ​ល្អ រាល់ពេល​ត្រូវ​ប្រកួត។

ការ​លើក​ឡើង​របស់ ចាន់ សំអាត ត្រូវ​គេ​ចាត់​ទុក​ថា​គឺ​ចំណុចខ្លាំង​ផ្នែក​សតិ​អារម្មណ៍ល្អ​មួយ បញ្ចៀស​ការ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ជា​ពិសេស​សម្រាប់​កីឡាករ​ដែល​មិនសូវ​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​នៅ​មុន​ម៉ោង​ប្រកួត ។ ប៉ុន្តែ​អ្វី​ដែល​កីឡាករ​រូប​នេះ​លើក​ឡើង ក៏​ផ្ទុយ​ពី​យុទ្ធវិធី​របស់​កីឡាករ​ភាគច្រើន​ដែរ ជា​ពិសេស​ចំពោះ​ទ្រឹស្ដី​ដែល​លើក​ឡើង​ថា ត្រូវ​សិក្សា​ស្វែង​យល់​ពី​គូប្រកួត​ឲ្យ​បាន​ច្រើន​នោះ ។

គួរ​បញ្ជាក់​ថា ចាន់ សំអាត មានឈ្មោះ ដើម ធាន អាត ប៉ុន្តែ​បាន​ប្ដូរ​ត្រកូល​តាម ខុន ស៊ី​ចាន់ ដោយ​​យកឈ្មោះ​ខាង​ចុង​របស់ ស៊ី​ចាន់ ធ្វើ​ជា​ត្រកូល​របស់​ខ្លួន ក្រោយ​ពី​កីឡាករជើង​ចាស់​រូប​នេះ​ណែនាំ​ឲ្យ​រូបគេ​ទៅ​ហាត់​ប្រដាល់​នៅ​ឆ្នាំ ២០០៨ ជាមួយ​គ្រូបង្វឹក ឡោ វុ​ទ្ធី នៅ​ក្លិប​កងពលធំ​អន្តរា​គមន៍​លេខ​៣ ខេត្ត​ព្រះវិហារ ។ រហូត​ដល់​ឆ្នាំ​២០១៣ ចាន់ សំអាត ចូល​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ត្រៀម​ប្រកួត​ជើង ឯក Khmer Warrior Challenge ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​​ស៊ី​ធី​អិន និង MyTV ។

ចាន់ សំអាត ឈ្នះ​ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង ឬ​គុន​ចម្រុះ Khmer Warrior Challenge វគ្គ ៣ នៅ​ឆ្នាំ​២០១៤ បន្ទាប់​មក​ក៏​បន្ត​ទៅ​ហ្វឹកហាត់​ក្បាច់គុន​នៅ​ក្លិប Cambodian Top Team មក​ទល់​នឹង​បច្ចុប្បន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ