ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បាននិយាយរិះគន់ចំៗទៅលើមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ៃលិនមួយក្រុម ដែលបានដាក់គោលដៅរិតបណ្តឹងច្បាប់ចរាចរណ៍នៅកន្លែងផ្លូវបែកជាបួនជាកន្លែងតូចចង្អៀត ស្ទះចរាចរ ព្រោះជាចំណតរថយន្តឈ្នួល ចតយ៉ាងណែនណាន់តាន់តាប់ព្រោងព្រាតផងដែរ។
កន្លែងដែលសមត្ថកិច្ចនគរបាលចរាចរណ៍ដាក់ប៉ុស្តិ៍ចាំផាកពិន័យ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍នោះនៅចំណុចបេនឡានថ្មី ផ្លូវបែកជាបួនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋបានបន្តទៀតថា ការរឹតបន្តឹងច្បាប់ចរាចរណ៍បែបនេះ ពួកគាត់មិនថាអ្វីនោះទេ ព្រោះពលរដ្ឋគ្រប់រូបត្រូវតែ(គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជីវិតខ្លួន និងអ្នកដទៃ) តែនគរបាលចរាចរណ៍គួរដាក់នៅកន្លែងផាកត្រង់ណាដែលទូលាយបន្តិច ជាកត្តាមិនបង្កជាការស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរផ្សេងៗទៀត ហើយពេលខាងនគរបាលហៅរថយន្តឈប់ម្តងៗ មានការកកស្ទះយ៉ាងខ្លាំង ជាហេតុឱ្យលំបាកដល់ការធ្វើដំណើររបស់ពលរដ្ឋទូទៅ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរខាងលោក ប្រាក់វិគុណ នាយរងការិយាល័យនគរបាលចរាចរណ៍ស្នងការខេត្តប៉ៃលិនបានបញ្ជាក់ឱ្យដឹងថា កន្លែងណាមានប៉ូលិសចរាចរណ៍ មិនអាចកកស្ទះបាននោះទេ ។ ចំណែកគោលដៅខាងលើនោះ គឺជាកម្លាំងរបស់នគរបាលចរាចរណ៍នៃអធិការក្រុងប៉ៃលិន ជាអ្នកដាក់ទេ មិនមែនកម្លាំងរបស់នគរបាលស្នងការខេត្តឡើយ ។
រីឯលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានប្រាប់ភ្នាក់ងារយើងយ៉ាងខ្លីថា ខាងលោកកំពុងជាប់រវល់ប្រជុំ ហើយក៏បិទទូរស័ព្ទភ្លាមៗតែម្តង ។
ចែករំលែកព័តមាននេះ