ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ពិភាក្សា​ជាមួយ​មេ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​សាធារណរដ្ឋ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​កងទ័ព​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​ពិសេស​បាន​មក​ចូលរួម​អបអរសាទរ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៃ​កងទ័ពជើងគោក​កម្ពុជា និង​បាន​អញ្ជើញ​មក​កាន់​ទីបញ្ជាការ​កងទ័ពជើងគោក​ផង​ដែរ ។

ក្នុង​នាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​និច្ចកាល តែងតែបាន​គាំទ្រ និង​ផ្តល់​ជំនួយ​សហប្រតិបត្តិការ​ជា​ច្រើន​ដល់​កង​យោធពលខេមរភូមិន្ទ ទាំង​សម្ភារ បរិក្ខា​ជំនាញ ប​ចេ្ច​ក​ទេស និង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍ ដើម្បី​ពង្រឹងសមត្ថភាព និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងទ័ព​សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​រួម​នោះ គឺ​សុខ​សន្តិភាព និង​ស្ថិរភាព​តំបន់ ។

នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គី​ម ជុង​ស៊ូ មេបញ្ជាការ​បញ្ជាការដ្ឋាន​សង្គ្រាម ពិសេស​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លែងអំណរគុណ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ដែល​បាន​អនុញ្ញាត​ទទួល​ជួប​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​កងទ័ព​នៃ​សាធារណរដ្ឋ​កូរ៉េ ។

ក្នុង​នាម​ប្រធាន​គណៈប្រតិភូ សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​អំពី​វឌ្ឍនភាព​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​នោះ​វិស័យ​ការពារ​ជាតិ​ក៏​មាន​ភាព​រីក​លូតលាស់ ។ ជាក់ស្តែង​ទិដ្ឋភាព​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​បាន​ចូលរួម​ពិធី​ខួប​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៨ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះ​អនុស្សា​រណៈ​រួម​គ្នា​មួយ ដើម្បី​បង្កើត​ទំនាក់ទំនង​លើ​វិស័យ​ការពារ​ជាតិ​ដែល​នឹង​ផ្តល់​ឱកាស​ដល់​អង្គភាព​យោធា​នៃ​ប្រទេស​ទាំង​ពីរ អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​សំដៅ​រួម​គ្នា​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ។

ចុងបញ្ចប់​នៃ​ជំនួប​ពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ក្រោម​បរិយាកាស​ស្និទ្ធស្នាល និង​រីករាយ​ក្រៃ​លែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ