ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ក្រុម​ហ៊ុន H.C ដឹក​មិន​អាសូរ​ផ្លូវ​ក្រឡាប់​​សង្កត់​ផ្ទះ​​អ្នក​ស្រុក

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ រថយន្ត​​ធុន​យក្ស​​របស់​ក្រុម​ហ៊ុន​ H.C ដឹក​ស្រូវ​ជាង​៤០០​បាវ ​បាន​ក្រឡាប់​​បះ​​ជើង​លើ​ផ្លូវ​លំ​តូច​មួយ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ​ស្រុក​សង្កែ កាល​ពី​យប់​​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​ទៅ ​និង​​បណ្តាល​ឱ្យ​ខូច​ខាត​ជញ្ជាំង​ផ្ទះ​អ្នក​ភូមិ​ដោយ​សារ​តែ​ស្រូវ​រាប់​សិប​បាវ​សង្កត់ ។

​អ្នក​ភូមិ​មិន​បាន​ស្គាល់​ឈ្មោះ​​អ្នក​បើក​បរ​រថយន្ត​​ធុន​យក្ស​នេះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា រថយន្ត​ប្រភេទ​យីឌុប​នេះ ​ជា​របស់​ក្រុម​ហ៊ុន H.C ព្រោះ​មាន​ស្លាក​នៅ​ជាប់​ក្បាល​​រថយន្ត​ ។ ​​បើ​តាម​អ្នក​បើក​បរ​រថយន្ត​នេះ​បាន​ប្រាប់​អ្នក​ភូមិ​ថា រថយន្ត​របស់​ខ្លួន​ដឹក​ស្រូវ​ចំនួន​​៤២០​បាវ ចេញ​​ពី​​រោង​ម៉ាំស៊ីន​​របស់​ថៅកែ​ឈ្មោះ​​ចឹក ម៉ៅ នៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ​ហើយ​រថយន្ត​នេះ​ក្រឡាប់​ដោយ​​សារ​​ដឹក​ធ្ងន់ ហើយ​​ផ្ទុះ​កង់​ក្រោយ​​ខាង​ឆ្វេង ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​​​ដល់​មនុស្ស​ទេ ។

សមត្ថ​កិច្ច​មូល​ដ្ឋាន​និយាយ​​ថា ពិត​មែន​តែ​រថយន្ត​នេះ​ក្រឡាប់​​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ ប៉ុន្តែ​ជញ្ជាំង​ផ្ទះ​របស់​អ្នក​ភូមិ​​ម្នាក់​​បាន​បាក់​​ខ្ទេច​មួយ​ចំហៀង​ដោយ​សារ​តែ​ស្រូវ​រាប់​សិប​បាវ​សង្កត់​លើ ។ ក្រុម​ហ៊ុន H.C ឬ​អ្ន​កទទួល​ខុស​ត្រូវ​ចំពោះ​​រថយន្ត​នេះ​ត្រូវ​តែ​ចេញ​សំណង​​ចំពោះ​ការ​ខូច​ខាត​ផ្ទះ​ប្រជា​ពល​រដ្ឋ​ និង​ផ្លូវថ្នល់ ។ ទាំង​ប្រជា​ពល​រដ្ឋ​​ ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ស្តី​បន្ទោស​​ចំពោះ​​ការ​បំផ្លាញ​ផ្លូវ​នេះ​ ដោយ​និយាយ​ថា ផ្លូវ​លំ​តូចៗ​ក្នុ​ងភូមិ​បែប​នេះ​មិន​គួរ​ឱ្យ​​​​រថយន្ត​​ធុន​ធ្ងន់​​​​ចូល​ដឹក​ស្រូវ​រាប់​​សិប​តោន​ឆ្លងកាត់​ទេ។ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ គេ​​ឃើញ​មាន​កន្លែង​​​ថ្លឹង​រថយន្ត​ដឹក​លើ​ស​ចំណុះ​​ជា​ច្រើន​កន្លែង​ ប៉ុន្តែ​​រថយន្ត​ធំ​នៅ​តែ​អាច​ដឹក​​លើស​ទម្ងន់​បាន​ដដែល  ដូច​ជា​ទី​តាំង​ថ្លឹង​​រថយន្ត​លួច​លាក់​មួយ​កន្លែង​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​​​ជា​ដើម ​គេ​​ឃើញ​បោះ​ជំរំ​យូរ​ឆ្នាំ​ហើយ ដេក​ចាំ​តែ​ប្រមូល​​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​​ប៉ុណ្ណោះ ​មិន​ខ្វល់​ពី​ការ​ខូច​ខាត​​ថ្នល់​ដែល​​បណ្តាល​មក​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​​ឡើយ៕