អ្នកភូមិសង្ស័យក៏ប្តឹង ពេលឃើញបុរស​ម្នាក់​សម្ងំធ្វើបែបនេះក្រោយសាលាជម្ពូវ័ន​(មានវីដេអូ​)


រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ភីស៊ីអិច​ ​បានសម្រេច ប៉ុន្តែ​ជិះ​មិនកើត​ក៏​​បណ្តើរ​​តាម​ផ្លូវ​តាំងពី​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សំរោង​ក្រោម​រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​ខណៈនោះ​ជនសង្ស័យ​បាន​សម្ងំ​ដោះ​ដូរ​គ្រឿងម៉ូតូ​​មួយ​ចំនួន ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​មានការ​សង្ស័យ ព្រោះ​តាំងពី​ស្គាល់​ជនសង្ស័យ​​មក​ ​មិន​​ដែល​ឃើញ​មាន​ម៉ូតូ​ជិះ​នឹង​គេ​ម្ដងណា​ទេ គឺ​ឃើញ​តែ​ដើរ​សុ​ី​ឈ្នួល​លី​សែង​ប៉ុណ្ណោះ​ ។ លុះឃើញជនសង្ស័យ​សម្ងំ​ដោះ​ដូរ​គ្រឿងម៉ូតូបែបនេះ​ ទើប​អ្នក​ភូមិ​​ផ្ដល់​ព័ត៌មាន​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​៣​ឲ្យ​ចុះ​​មក​អន្តរាគមន៍​ឃាត់ខ្លួន​យកទៅ​សួរនាំ​ ​ប៉ុន្តែ​ភ្លាម​ៗ​នោះ​គ្រាន់តែ​ឃើញ​នគរបាល​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នេះ​ព្យាយាម រត់គេច​ខ្លួន ចូល​ទៅ​វាលស្រែ​តែ​រត់​មិន​រួច ​ក៏​ត្រូវ​​កម្លាំង​នគរបាល​ដេញ​តាម​ចាប់ខ្លួន​បាន​។

​ហេតុការណ៍​ខាងលើនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ខាងក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​សុខ ណា​ង ភេទប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​លេ​ី​ក​ក្រដាស​កា​តុង ស្នាក់​នៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាង​ហុងដា​ ភីស៊ីអុិច (PCX) ព​ណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១FK-២៤១៦ ។

ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ ជនសង្ស័យ​ខាងលើ​បានឆ្លើយ​​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ខាងលើ​នោះ​មែន ដោយ​ខ្លួនឃើញ​​ម៉ូតូ​មួយគ្រឿង​ខាងលើនេះ​ត្រូវ​ម្ចាស់​ទុក​ចោល​នៅ​ជិត​ផ្លូវ​រថភ្លើង​មួយ​កន្លែង ​ស្ថិត​នៅ​តាម​វិ​ថី​ឈ្នះ​ឈ្នះ ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែ​ជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ដដែល ។​ បន្ទាប់​មក​ដោយសារ​​ម៉ូតូ​នេះ​មិន​អាច​ជិះ​កើត ​ទើប​ខ្លួន​បណ្តើរ​​ម៉ូតូ​នេះ​រហូត​មក​ដល់​ភូមិសាស្ត្រ​សង្កាត់​ចោម​ចៅ​៣ និង​បាន​អូស​ម៉ូតូ​ចូល​តាម​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ទៅ​ដល់​វាលស្រែ​ខាងក្រោយ​សាលា​ក៏​ត្រូវ​នគរបាល​ដេញ​តាម​ចាប់ខ្លួន​បាន​តែ​ម្ដង​។

តាមប្រភពពី​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​ធ្លាប់​ស្គាល់​ជន​សង្ស័យ​ម្នាក់​នេះ​គឺជា​កម្មករ​លី​សែង ហើយ​មិន​ដែល​ឃើញ​មាន​ម៉ូតូ​ជិះ​នឹង​គេ​ម្ដងណា​ទេ គឺ​ឃើញ​តែ​ដើរ​ប៉ុណ្ណោះ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​នោះ​បណ្តើរ​​ម៉ូតូ​​មួយ​គ្រឿង​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន សម្ងំ​ដោះ​ដូរ​គ្រឿង ។ ពេល​នោះ​ដោយ​មានការ​សង្ស័យ​ ទើប​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចុះ​ទៅសួរនាំ​ ​ប៉ុន្តែ​គ្រាន់តែ​ឃើញ​កម្លាំង​ចុះ​ទៅ​ដល់​ភ្លាម ស្រាប់តែ​ជនសង្ស័យ​​ម្នាក់​​រត់គេច​ខ្លួន​ទៅ​វាលស្រែ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល ​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ​រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ