ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិថី​​សម្តេច​តេជោ​ថ្មី នឹង​ស្ថាបនា​ឆ្លង​កាត់​​បឹង​ទំពុនទទឹង​​​៦០ម៉ែត្រ ​ឆ្ពោះទៅ​​ព្រំប្រទល់​​​ស្រុកកណ្តាល​ស្ទឹង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​កំពុង​​ត្រៀម​រៀប​ចំ​ស្ថាបនា​មហា​វិថី​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​​មាន​ពី​មុន​មក ព្រោះ​មាន​ទទឹង​រហូតដល់​៦០​ម៉ែត្រ ​កាត់​ចំ​កណ្តាល​បឹង​ទំពុន ​​ដែល​មាន​ជំរៅ​ជាង​១០​ម៉ែត្រ ​បណ្តោយ​ជិត​១០​គីឡូ​ម៉ែត្រ ​ភ្ជាប់​ពី​វិថី​​លេខ​២៧១ ​ត្រង់​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​​ថ្នល់​ទៅ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំណុច​​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។ មហា​វិថី​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​​ថា មហា​វិថី​​សម្តេច​តេជោ ហ៊ុន សែន ដែល​ការ​ងារ​នេះ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​​​ប្រគល់​ឱ្យ​​ក្រុម​ហ៊ុន​អាយ​អិន​​ជី​ ហូល​ឌីង ជា​អ្នក​អនុ​វត្ត​ ហើយ​​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ ​ជា​​អ្នក​​សម្រប​សម្រួល​ដោះ​ស្រាយ​​ផល​ប៉ះ​ពាល់ ឬ​ការ​សិក្សា​ប្លង់​​នានា​ជា​មួយ​តំណាង​​ក្រុម​ហ៊ុន ។

​ដោយ​មាន​ការ​ជំរុញ​​ពី​រាជ​រដ្ឋា​ភិបាល​​នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា សាលា​​រាជ​ធានី​ បាន​​បើក​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ក្រុម​ហ៊ុន​​ស្ថាបនា​មហា​វិថី​ខាង​លើ និង​មន្ត្រី​ពាក់​ព័ន្ធ​ក្រោម​ឱវាទ ដើម្បី​ពិភាក្សា​​ទៅ​​លើ​ប្លង់​ស្ថាបនា​​មហា​វិថី​ ដែល​ទើប​​ចែក​ជូន​ជា​លើក​​ដំបូង ដើម្បី​មន្ត្រី​​ពាក់​ព័ន្ធ​ធ្វើ​ការ​សិក្សា​លំអិត ជា​ពិសេស​ផល​ប៉ះ​ពាល់​ជា​មួយ​នឹង​ប្រជា​ពល​រដ្ឋ។ យោង​តាម​​សេចក្តី​ជូន​ដំណឹង​​របស់​គណៈ​រដ្ឋ​មន្ត្រី​បាន​ជំរាប​ទៅ​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ដោយ​​បញ្ជាក់​ថា ​រាជ​​រដ្ឋា​ភិបាល​​បាន​​ឯក​ភាព​ និង​អនុ​ញ្ញាត​ជា​គោល​ការណ៍​ឱ្យ​ក្រុម​​ហ៊ុន​​ខាង​លើ​នូវ​ខ្លឹម​សារ​ចំនួន​៣​ចំណុច គឺ​

ទី​១-​ឱ្យ​ក្រុម​ហ៊ុន​​អាយ​អិន​ជី​ ហូល​ឌីង អភិ​វឌ្ឍន៍​​តំបន់​បឹង​ទំពុន និង​បឹង​ជើង​ឯក​ក្នុ​ងខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ដង្កោ ​ដែល​មាន​​ផ្ទៃ​ដី​ប្រមាណ​​២.៥៧២​ហិកតា ​ជា​ទី​ក្រុង​​រណប​ពណ៌​បៃតង​ដ៏​ប្រណីត​ដោយ​ក្រុម​ហ៊ុន​សហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​ប្រទេស​សិង្ហ​បុរី​​ ដើម្បី​ធ្វើ​ការ​សិក្សា​ ។

ទី២-​ស្ថាបនា​ផ្លូវ​២​ខ្សែ​ដែល​មួយ​ខ្សែ​​ជា​មហា​វិថី​​ដោយ​ប្រសិទ្ធ​នាម​ថា មហា​វិថី​សម្តេច​​តេជោ​ហ៊ុន សែន ចាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះ​ជ្រូក​​ក្បាល​ថ្នល់​ទល់​នឹង​ព្រែក​កំពឹស និង​ផ្លូវ​មួយ​ខ្សែ​ទៀត​​ចាប់ពី​ផ្លូវ​ជាតិ​លេខ​២ ​ត្រង់​ចំណុច​​ភូមិ​ព្រែក​តាឡុង ទល់​​នឹង​ផ្លូវ​​ជើង​ឯក និង​ទី​៣-​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ិ​នូវ​​ដី​របស់​​លោក​​ប្រធាន​​​ក្រុម​ហ៊ុន​អាយ​​អិន​ជី​ ហូល​​ឌីង ដែល​​បាន​ទិញ​កន្លង​មក​ ហើយ​នោះ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​​មាន​ជ័យ ​ខណ្ឌ​ដង្កោ និង​ក្រុង​​តា​ខ្មៅ ។

តំណាង​ក្រុម​ហ៊ុន​អាយ​អិន​ជី បាន​​អះ​អាង​ថា ​ការ​ស្ថាបនា​​មហា​វិថី​​សម្តេច​តេជោ​ ​ហ៊ុន សែន កាត់​បឹង​ទំពុន​​នេះ ត្រូវ​ចាក់ដី​បំពេញ​មិន​មែន​ធ្វើ​ជា​ស្ពាន​នោះ​ទេ ជា​ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ​​ពី​លើ​មាន​សួន​ច្បារ​ចំ​កណ្តាល ​​ដែល​ការ​ងារ​នេះ​ត្រូវ​អនុ​វត្ត​រយៈ​ពេល​៣​ឆ្នាំ បន្ទាប់​ពី​ដោះ​​ស្រាយ​​ផល​ប៉ះ​ពាល់​រួច ​ហើយ​គម្រោង​នេះ​ក៏​មាន​ផ្លូវ​កាត់​ទទឹង​ចំនួន​២​ខ្សែ​​ទៀត ពី​លិច​ទៅ​កើត ។

នៅ​ក្នុង​កិច្ច​ប្រជុំ​​នោះ​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ បាន​ណែ​នាំ​ឱ្យ​មាន​ការ​​រៀប​ចំ​មន្ត្រី​ជំនាញ​មួយ​ក្រុម​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ រួម​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​ ជា​ពិសេស​​តំណាង​អង្គ​​​ភាព​ពាក់​ព័ន្ធ​ដូច​ជា​ សាធា​រណ​ការ​​ ធន​ធាន​ទឹក ​បរិ​ស្ថាន ​សុរិ​យោដី អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​​ជា​ដើម ។ ការ​អភិ​វឌ្ឍ​​​នេះ​គឺ​ត្រូវ​ធ្វើ​ការ​​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់​ ជា​ពិសេស​​គឺ​​គិត​គូរ​ទៅ​លើ​ផល​ប៉ះ​ពាល់​​គ្រប់​ផ្នែក​​រួម​ទាំង​ប្រជា​ពល​រដ្ឋ និង​បរិស្ថាន​ផង​ដែរ ។

លោក​កែប ជុតិមា បាន​ចាត់​ទុក​បឹង​ទំពុន​ថា មាន​សារ​សំខាន់​​ណាស់​ក្នុង​ការ​​រំដោះ​​ទឹក​ស្អុយ​ ឬ ​ជំនន់​ទឹក​​ភ្លៀង​ចេញ​ក្រៅ​ក្រុង​ស្ទើរ​តែ​ក្រុង​ភ្នំពេញ ទាំង​មូល​ ហើយ​ការ​ដាំ​​ត្រកួន​ កញ្ឆែត​ក្នុង​ផ្ទៃ​បឹង​ក៏​មាន​​សារ​សំខាន់​ក្នុង​ការ​​បម្លែង​ទឹក​ស្អុយ​​ចូល​ទៅ​ក្នុង​ទន្លេ​ដែរ។ ​​ដូច​នេះ​ការ​រៀប​ចំ​ត្រូវ​គិត​​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​ បើ​​មិន​ដូច្នោះ​ទេ នឹង​មាន​បញ្ហា​​ជា​មិន​ខាន៕